Tuesday, January 21, 2025
Homeសង្គម និងជីវិតគ្រាន់តែកើតរោគស្ត្រីសោះ ផឹកថ្នាំពុលស្លាប់ចោលប្តី

គ្រាន់តែកើតរោគស្ត្រីសោះ ផឹកថ្នាំពុលស្លាប់ចោលប្តី

ខេត្តរតនគីរី ៖ ស្ត្រីម្នាក់បានកើតមានរោគស្ត្រីរយៈពេល៣ឆ្នាំកំហើយ លុះព្យាបាលមិនជា ក៏ចេះតែប៉ុនប៉ងសម្លាប់ខ្លួនចំនួន៣-៤លើកមកហើយ ប៉ុន្តែត្រូវប្តីឃើញជួយសង្គ្រោះទាន់ពេលរហូត លុះឆ្លៀតពេលប្តីចេញទៅចម្ការបាត់ ស្ត្រីជាប្រពន្ធក៏យកថ្នាំបំពុលកុកមកផឹកអស់១កំប៉ុង បណ្តាលឱ្យពុលប្រកាច់បែកពពុះមាត់ លុះប្តីមកទាន់ ក៏ប្រញាប់ដឹកបញ្ជូនប្រពន្ធទៅមន្ទីរពេទ្យដែរ តែអកុសល យឺតពេល ព្រោះជាតិពុលបានជ្រាប សព្វពេញខ្លួនអស់ទៅហើយ ធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធស្លាប់យ៉ាងអាណោចអធ័ម។

ករណីប្រពន្ធផឹកថ្នាំបំពុលកុកស្លាប់ចោលប្តីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ។

ស្ត្រីគំនិតខ្លីដែលផឹកថ្នាំពុលធ្វើអត្តឃាតនេះ មានឈ្មោះសឿន ណាង អាយុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ បានកើតមានជំងឺប្រចាំកាយ (រោគស្ត្រី) អស់រយៈពេលជាង៣ឆ្នាំមកហើយ និងធ្លាប់ត្រូវបានគាត់នាំទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែមិនជាសះស្បើយសោះ។ ដោយសារតែស្ថានភាពជំងឺនេះហើយ ទើបកន្លងមក ប្រពន្ធរបស់គាត់ ធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួន៣-៤លើករួចមកហើយ ដោយយកថ្នាំពុលមកផឹកដែរ តែផឹកបានតែតិចតួច និងត្រូវគាត់ឃើញទាន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ បានទាន់ពេលរហូត ទើបមិនអី។ លុះចុងក្រោយ ឆ្លៀតពេលគាត់មិននៅផ្ទះប្រពន្ធក៏ផឹកថ្នាំពុលសម្លាប់ខ្លួនទាល់តែបាន។

បុរសជាប្តីបន្តថា នៅមុនពេលកើតហេតុ គាត់បានក្រោកទៅចម្ការតាំងពីវេលាទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លុះព្រឹកព្រលឹម ថ្ងៃរះ គាត់ក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ផ្ទះ ក៏ប្រទះឃើញប្រពន្ធកំពុងដេកបែកពពុះមាត់ ប្រកាច់ននៀលលើគ្រែ និងឃើញមានកំប៉ុងថ្នាំបំពុលកុកនៅក្បែរនោះ១កំប៉ុង ទើបគាត់ដឹងថា ប្រពន្ធច្បាស់ជាផឹកថ្នាំពុលសម្លាប់ខ្លួនមិនខាន។ ភ្លាមនោះ គាត់ជាប្តី ក៏ស្រែកឆោឡោហៅ អ្នកជិតខាងឱ្យជួយ និងប្រញាប់ដឹកបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យដែរ តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យប្រាប់ថា ហួសពេលហើយ ដោយសារ ជាតិថ្នាំពុលបានជ្រាបសព្វពេញរាងកាយទៅហើយ ទីបំផុត ប្រពន្ធរបស់គាត់ក៏ស្លាប់យ៉ាងអាណោចអាធ័ម៕

RELATED ARTICLES