ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ បានដើរចេញពីផ្ទះបាត់អស់ជាច្រើនថ្ងៃ ទោះក្រុមគ្រួសារដើរតាមរកយ៉ាងណាក៏មិនឃើញ ទីបំផុត ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់នៅជាប់នឹងគល់ព្រីង ក្បែរចិញ្ចើមផ្លូវ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ស្មានថាអំពើឃាតកម្ម ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ លុះពិនិត្យរួច ទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ អាចដើរដាច់បាយស្លាប់។
ហេតុការណ៍ប្រទះឃើញសាកសពក្បែរគល់ព្រីងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង២១នាទីរសៀល ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចចិញ្ចើមផ្លូវក្រាលកៅស៊ូមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅភូមិសាស្ត្រឃុំតាលោ ស្រុកបាកាន ស្ថិតក្នុង ភូមិក្រសាំងគ្រួរ ឃុំបឹងខ្នារ ស្រុកបាកាន។
សាកសពជនរងគ្រោះ មានឈ្មោះឡាង រ៉ា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន។
តាមសម្តីបុរសឈ្មោះអ៊ុក ស៊ឺម អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុខាងលើ ក៏បានប្រទះឃើញជនរងគ្រោះដេកជាប់នឹងគល់ព្រីង នឹកស្មានថាជនរងគ្រោះដេកសម្រាកធម្មតា លុះពេលចូលទៅពិនិត្យមើលជិត ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងស្មានថាជាករណីឃាតកម្ម ទើបគាត់ប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
លោកញាណ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីបុរសឈ្មោះអ៊ុក ស៊ឺម សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗដែរ។ បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ៕