ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានលួចចាប់ចិត្តស្រលាញ់នារីក្រមុំរូបស្រស់ម្នាក់ ដែលរស់នៅផ្ទះជាប់គ្នា ប៉ុន្តែដោយសារតែខ្លួនជាមនុស្សប៉ោឡែ គ្មានការងារធ្វើច្បាស់លាស់ផង ទើបអត់លុយចូលស្តីដណ្តឹង ចំណែកស្រីក៏មិនចាប់អារម្មណ៍ លុះពេលភ្លើងស្នេហ៍ឆេះឆួលខ្លាំងពេក ទប់ចិត្តលែងបាន ក៏បែកគំនិតលបឡើងទៅលើផ្ទះស្រី លបបើកមុងប្រុងចាប់រំលោភ ប៉ុន្តែមិនទាន់បានសម្រេចផង ក៏ត្រូវខាងស្រីស្រែកផ្អើលសមត្ថកិច្ច ចុះចាប់វាយខ្នោះអូសយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ប្រុសព្រានប៉ុនប៉ងចាប់រំលោភកូនក្រមុំគេដល់លើផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់នារីង្រគ្រោះ ស្ថិតក្នុងស្រុកស្វាយទាប។
ជនសង្ស័យល្មោភកាមខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទិត្យ ថែ អាយុ៣៥ឆ្នាំ មុខរបរគ្មាន មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះស.ន អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ជាមួយគ្នា (ផ្ទះជាប់គ្នាជាមួយជនសង្ស័យ)។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីត្រឡប់មកពីធ្វើការរោងចក្រ ហត់នឿយអស់កម្លាំងពេក នាងក៏បានឡើងទៅលើផ្ទះ រួចប្រះខ្លួនចូលដេកក្នុងមុងតែម្នាក់ឯង។ លុះខណៈពេលដែលនាងកំពុងតែដេកលង់លក់ ក៏ស្រាប់តែឮសូរសំឡេងមនុស្សទាញបើកមុងរបស់នាង ព្រមទាំងមានធំខ្លិនបារីផង ទើបធ្វើឱ្យនាងស្ទុះក្រោកឡើង ហើយស្រែកឆោឡោហៅម្តាយដែលសម្រាកនៅក្រោមផ្ទះឱ្យជួយ។
នារីរងគ្រោះបន្តថា នៅពេលដែលនាងស្រែកឆោឡោបែបនេះ ធ្វើឱ្យជនសង្ស័យមានការភ័យស្លន់ស្លោ មិនអាចធ្វើអ្វីមកលើនាងបានឡើយ ហើយក៏ស្ទុះរត់ចុះពីលើផ្ទះរបស់នាងយ៉ាងប្រញាប់ប្រញាល់ រួចក៏លោតផ្លោះរបងទៅពួនដេកនៅផ្ទះរបស់ខ្លួន ដែលស្ថិតនៅជាប់គ្នាជាមួយផ្ទះរបស់នាងរួចហើយ ក៏ធ្វើខ្លួនព្រងើយដូចជាមិនបានដឹងរឿងអ្វីទាល់តែសោះ។ ចំណែកនាង ដោយសារតែកើតទុក្ខមិនសុខចិត្ត ត្បិតថា មិនទាន់ខូចខាតអ្វីមែន តែនាងបានរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យយកទៅសួរនាំ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយទទួលបានបណ្តឹងពីនារីរងគ្រោះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះទិត្យ ថែ មកសាកសួរ និងបានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងឡើងទៅចាប់រំលោភនារីរងគ្រោះដល់លើផ្ទះប្រាកដមែន។ មូលហេតុដោយសារតែរូបគេ បានលួចស្រលាញ់នារីរងគ្រោះតាំងពីយូរណាស់មកហើយ តែដោយសារគ្មានប្រាក់ចូលស្តីដណ្តឹង ណាមួយខ្លាចប្រុស ផ្សេងបេះបាត់ផង ទើបបែកគំនិតធ្វើបែបនេះតែម្តង។