Tuesday, January 21, 2025
Homeសង្គម និងជីវិតថៅកែឡានក្រុងខ្ចីឡានជិះយកទៅបញ្ចាំ ស្រីស្អាតខឹងប្រកាសផ្អើលហ្វេសប៊ុក

ថៅកែឡានក្រុងខ្ចីឡានជិះយកទៅបញ្ចាំ ស្រីស្អាតខឹងប្រកាសផ្អើលហ្វេសប៊ុក

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលស្ត្រីរូបស្រស់ម្នាក់ បានចេញមកប្រកាសតាមហ្វេសប៊ុកថា មានបុរសជាថៅកែក្រុមហ៊ុនឡានក្រុងម្នាក់ និងជាមន្ត្រីបម្រើការនៅក្រសួងមហាផ្ទៃផង ព្រមទាំងជាមនុស្សធ្លាប់ស្គាល់រាប់អានគ្នាផង បានខ្ចីរថយន្តរបស់នាង ១គ្រឿង ប្រាប់ថាជិះទៅខេត្ត រួចក៏បាត់រហូតមិនឃើញយកមកសងវិញសោះ លុះស្រាវជ្រាវរកទើបដឹងថា រថយន្តរបស់នាងត្រូវបានថៅកែឡានក្រុងខាងលើ យកដាក់បញ្ចាំ។

ស្ត្រីជាម្ចាស់រថយន្ត ដែលអះអាងថា ត្រូវថៅកែឡានក្រុងម្នាក់ខ្ចីជិះ រួចយកទៅបញ្ចាំបាត់នេះ មានឈ្មោះម៉ម ម៉ាលក្ខ័ណ និងមានគណនីហ្វេសប៊ុកឈ្មោះ Morm Ma Leak និងជាម្ចាស់រថយន្តម៉ាក LEXUS ES-300 ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4246 ។ ដោយឡែក បុរសដែលទទួលរងការចោទប្រកាន់ថា យករថយន្តគេទៅបញ្ចាំ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែត្រូវស្ត្រីជាម្ចាស់រថយន្តបង្ហើបថា គឺជាថៅកែក្រុមហ៊ុនឡានក្រុង និងជាមន្ត្រីបម្រើការនៅក្រសួងមហាផ្ទៃ មានលំនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ស្ត្រីជាម្ចាស់រថយន្ត និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Morm Ma Leak កាលពីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះរូបថតរថយន្ត ព្រមទាំងកាតគ្រីរបស់ខ្លួនជាច្រើនសន្លឹក រួចបានសរសេររៀបរាប់ថា “នេះជារឿងមួយដែលកើតឡើងលើនាងខ្ញុំ កាលពីថ្ងៃទី០៨ ខែ០៣ ឆ្នាំ២០១៨ បុរសម្នាក់ជាថៅកែក្រុមហ៊ុនឡានក្រុងមួយនឹងជាអ្នកធ្វើការនៅក្រសួងមហាផ្ទៃ បានមកសុំខ្ចីឡាន LEXUS ES300 របស់នាងខ្ញុំជិះទៅធ្វើការនៅខេត្ត៣ថ្ងៃ ដោយហេតុឡានគាត់ខូច គាត់ត្រូវចុះទៅបំពេញការងារនៅខេត្ត ដោយការយោគយល់ ព្រោះស្គាល់គ្នាក៏ឱ្យ ៣ថ្ងៃឡើងដល់១អាទិត្យ ១អាទិត្យឡើងដល់១ខែ។ នាងខ្ញុំក៏សួរនាំគាត់រឿងឡាន គាត់ក៏និយាយថា មានអីឡើងមកនិយាយនៅ ផ្ទះគាត់មក (ផ្ទះគាត់នៅព្រៃស ភ្នំពេញ) ពេលទៅដល់ផ្ទះគាត់ ក្រុមគ្រួសារគាត់ទាំងមូល បានមកនិយាយមួយនាងខ្ញុំ ពួកគាត់សុំពេលមួយខែ គាត់នឹងដោះស្រាយឡានខ្ញុំមកឱ្យខ្ញុំវិញ នាងខ្ញុំក៏ចាប់ផ្តើមឆ្ងល់ហើយសួរនាំសួរគាត់ថាឡានខ្ញុំទៅណា?
ពុទ្ធោ! លោកម្ចាស់ក្រុមហ៊ុនដ៏ខ្ពង់ខ្ពស់ លោកទៅជួលឡាន Rang Rover ពីឃ្លាំងលក់រថយន្តជិះ ហើយជិះ Rang Rover គេឡើងឡោកខូចឡានគេ អត់លុយធ្វើឡានសងគេ ក៏បែកគំនិតខ្ចីលុយគេ (ដោយយកឡាននាងខ្ញុំទៅបញ្ចាំ) លោកគិតអី? លោកមានសួរនាងខ្ញុំជាម្ចាស់របស់ទេលោក? ហេតុម្តេចបានហ៊ានអារកាត់របស់អ្នកដទៃ។

ហ៊ឺ! ខ្ញុំនិយាយលែងចេញ ប្រឹងស្តាប់បន្តនៅសម្តីគ្រួសារគាត់ ដោយការអង្វរកពីឪពុករបស់គាត់ ហើយភាសាទទួលខុសត្រូវរបស់គ្រួសារគាត់ ថាថ្ងៃទី១២ ខែ០៦ ឆ្នាំ២០១៨ គាត់នឹងដោះស្រាយលោះឡានរបស់នាងខ្ញុំមកឱ្យខ្ញុំវិញ ដោយភាពយោគយល់ដល់ទឹកចិត្តឪពុកម្តាយ ក្រុម គ្រួសារ (គាត់ពោលថាលុយ១០០០០ដុល្លារវាច្រើនណាស់ គាត់សុំពេលតិចសិន) ខ្ញុំក៏យល់ព្រម ថ្ងៃ១២ ខែ០៦ ឡើងដល់១៣ ខែ០៧ នៅតែគ្មាន ដំណោះស្រាយជូនខ្ញុំ។

មុននឹងនាងខ្ញុំបង្ហោះហ្វេសប៊ុក នាងខ្ញុំបានតេទូរស័ព្ទទាក់ទងរកគាត់ គាត់បានឱ្យខ្ញុំទាក់ទងទៅក្រុមគ្រួសារគាត់ដូចមុនដដែល។ Ok ខ្ញុំក៏ទាក់ទងទៅបងស្រីគាត់តាមទូរស័ព្ទ។ ទីបំផុតដំណោះស្រាយរបស់គាត់ គឺគ្មានគាត់និយាយថាគាត់អស់ហើយ គ្រួសារគាត់គ្មានលុយទេ។ ខ្ញុំនិយាយតបបងស្រីគាត់វិញថា រឿងគ្រួសារគាត់អស់មិនអស់ខ្ញុំមិនដឹងទេ។ ខ្ញុំសួរថាឡានខ្ញុំដោះស្រាយយ៉ាងម៉េច គាត់និយាយដូចដើមហើយសុំជួបប្តីខ្ញុំ ខ្ញុំថាមានអីនិយាយជាមួយខ្ញុំមកខ្ញុំជាម្ចាស់របស់ គាត់ថាគាត់មិននិយាយនឹងខ្ញុំទេ បើខ្ញុំនៅតែចង់និយាយរឿងឡាននឹងជាមួយគាត់ទៀត ខ្ញុំនឹងក្លាយជាមនុស្សរំខានពេលវេលាគាត់… អូហូ! សម្តីឡូយទាំងគ្រួសារ ប្រែប្រួលលឿនម៉្លេះ ដំបូងបើគ្រួសារអ្នកមិនអង្វរខ្ញុំ ក៏ខ្ញុំមិនបានមកខាតពេលជាមួយអ៊ីចឹងដែរ ហើយអ្នកណាអ្នកខាតពេលឱ្យប្រាកដហា៎។

សូមបញ្ជាក់ មនុស្សដែលមកខ្ចីឡានគេ តែបែរជាលួចរបស់គេយកទៅបញ្ចាំស្មើនឹងចោរ ពេលម្ចាស់គេតាមទាន់ចាប់បានចោរ ទោះចោរប្រគល់របស់ឱ្យម្ចាស់គេវិញ ក៏មិនប្រាកដថារួចខ្លួនដែរ បើគិតពីផ្លូវច្បាប់! អានហើយជួយពិចារណាផង។ បន្ទាប់មកនាងខ្ញុំសុំយោបល់ម្នាក់មួយៗ ផង ដោយក្តីគោរពពីនាងខ្ញុំ ម៉ម ម៉ាលក្ខ័ណ៍…”។

ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាថៅកែក្រុមហ៊ុនរថយន្តក្រុង និងជាមន្ត្រី ក្រសួងមហាផ្ទៃ ដែលទទួលរងការចោទប្រកាន់ខាងលើ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES