ខេត្តកំពង់ចាម ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរមួយកន្លែង កំពុងបំពេញការងារសុខៗ ក៏ស្រាប់តែកើតមានហេតុការណ៍ទុស្សេចរន្តអគ្គិសនី បង្កជាសំឡេងផ្ទុះ ធ្វើឱ្យកម្មករ-កម្មការិនី នាំគ្នារត់ចេញមកក្រៅទាំងភ័យស្លន់ស្លោ បណ្តាលឱ្យដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅជាង២០០នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះចំនួន១១នាក់ និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍កម្មកររោងចក្រដួលសន្លប់ជាង២០០នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចរោងចក្រ កាលីតុន មានទីតាំងជាប់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មូលហេតុដំបូងគឺ នៅពេលដែលកម្មករកំពុងបំពេញការងារក្នុងរោងចក្រសុខៗ ក៏ស្រាប់តែកើតមានហេតុការណ៍ទុស្សេខ្សែភ្លើង នៅក្នុងអគារ A និងបង្កជាសំឡេងផ្ទុះ ធ្វើឱ្យកម្មការិនី ភ័យស្លុតនាំគ្នារត់ចេញមក្រៅអាគារ រួចក៏កើតមានអាការៈអស់កម្លាំង ទន់ដៃទន់ជើង ដួលសន្លប់ជាបន្តប្តន្ទាប់តែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុការណ៍កម្មករដួលសន្លប់នេះភ្លាម ខាងរោងចក្រក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យបានដឹង និងប្រញាប់ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។
លោកប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានទទួលបានព័ត៌មានថា មានកម្មករដួលសន្លប់ភ្លាម លោកឧត្តមសេនីយ៍ ទោ ឯម កុសល ស្នងការបានចាត់តាំងស្នងការរងដឹកនាំកម្លាំងជំនាញកម្លាំងអធិការដ្ឋានស្រុក សហការជាមួយអាជ្ញារមូលដ្ឋាន ដើម្បីជួយដឹកជញ្ជូនជនរងគ្រោៈទៅសង្គ្រោៈបន្ទាន់ ក្នុងនោះគឺបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃចំនួន៨០នាក់ (ស្ត្រីមានផ្ទៃពោះ៥នាក់) និងបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកបាធាយចំនួន១៣១នាក់ (ស្ត្រីមានផ្ទៃពោះ ៦នាក់) សរុបទាំងអស់ចំនួន២១១នាក់ (ស្ត្រីមានផ្ទៃពោះ១១ នាក់)។
ក្រោយកើតហេតុ កម្មករ-កម្មការិនីទាំងអស់ ត្រូវបានខាងរោងចក្រអនុញ្ញាតឱ្យឈប់សំរាកទាំងអស់គ្នា ដើម្បីឱ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវ។ ចំណែកចរន្តអគ្គិសនី ដែលទុស្សេ ត្រូវបានក្រុមជាងកំពុងធ្វើការជួលជុល៕