Sunday, November 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ សហការចាប់ដៃពុះដីឡូតិ៍ ជាមួយឡេង ណាវ៉ាត្រា ប្រកែកស៊ីក្បាលកាក់

ព្រាប សុវត្ថិ សហការចាប់ដៃពុះដីឡូតិ៍ ជាមួយឡេង ណាវ៉ាត្រា ប្រកែកស៊ីក្បាលកាក់

ខណៈដែលការពុះដីឡូតិ៍ផ្ទាល់ខ្លួន កំពុងលក់ដាច់កាក់កបខ្លាំងនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នោះ កំពូលតារាចម្រៀងព្រាប សុវត្ថិ បានងាកមកសហការចាប់ដៃគ្នាពុះដីឡូតិ៍ លក់លើទំហំផ្ទៃដីជាង១៣ហិកតា មានតម្លៃជាង៥លានដុល្លារ នៅម្ដុំផ្សារព្រៃទទឹង លើផ្លូវជាតិលេខ៣ ដែលបានធ្វើការចុះកិច្ចសហប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យនេះ ដោយមានការចុះហត្ថលេខារួមគ្នានៅក្នុងពិធីសន្និសីទកាសែត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំពោះអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។

ដោយឡែក ការដែលព្រាប សុវត្ថិ ចាប់ដៃឧកញ៉ាឡេង ណាវ៉ាត្រា នេះដែរ ក៏មានដំណឹងថា កំពូលតារាចម្រៀងរូបនេះគ្មានទុនជាមួយឧកញ៉ាក្មេងទេ តែលោកណាវ៉ាត្រា ចង់ល្បីឈ្មោះ ក៏ប្រកាសថា លោកព្រាប សុវត្ថិ ដាក់ទុនរកស៊ីជាមួយលោក ដើម្បីឲ្យអតិថិជនមានទំនុកចិត្ត ចំណែកព្រាប សុវត្ថិ ចំណេញស៊ីក្បាលកាក់របស់លោកណាវ៉ាត្រា នៅពេលដែលមានគេទិញដីឡូតិ៍កាន់តែច្រើននោះ។

ព្រាប សុវត្ថិ បានឲ្យដឹងថា ដោយសារលោកមើលឃើញពីជីវិតតស៊ូរបស់ឧកញ៉ាក្មេង ឡេង ណាវ៉ាត្រា ប្រហាក់ប្រហែលទៅនឹងជីវិតរបស់លោកដែរ ហេតុនេះហើយបានជាឯកភាពគ្នា ដោយបោះទុនចូលគ្នា សម្រាប់គម្រោងដីឡូតិ៍ដែលមានការដាក់ទុននូវទឹកប្រាក់ច្រើនរួមគ្នានេះ។

ព្រាប សុវត្ថិ ថ្លែងថា ”ដីជាង១៣ហិកតានេះ មានទីតាំងល្អណាស់ យើងពិបាកក្នុងការរកបានទីតាំងដែលល្អៗបែបនេះណាស់។ ខ្ញុំបានដាក់ទុនជាមួយឧកញ៉ាក្មេង ណាវ៉ាត្រា តែរឿងថា ខ្ញុំបោះទុនទឹកប្រាក់ប៉ុន្មានោះ រឿងហ្នឹងខ្ញុំមិនអាចនិយាយបានទេ។ ចំពោះរឿងដែលគេថា ខ្ញុំមិនបានដាក់ប្រាក់ទេ តែគេយកឈ្មោះខ្ញុំមកប្រើ ហើយឲ្យក្បាលកាក់ខ្ញុំនោះ គឺខ្ញុំមិនបានធ្វើអីចឹងទេ ខ្ញុំមានភាគហ៊ុនត្រឹមត្រូវជាមួយគ្នា។ បើនិយាយពីផ្នែកអចលនទ្រព្យ ខ្ញុំមានអាយុប្អូនឡេង ណាវ៉ាត្រា ទេ តែបើនិយាយពីអាជីពសិល្បៈខ្ញុំ មុនគាត់ ខ្ញុំដើរលើវិថីនេះជាង២០ឆ្នាំមកហើយ។ ខ្ញុំបានមើលឃើញពីការប្រឹងប្រែងតស៊ូពីជីវិតរបស់ណាវ៉ាត្រាដែលមានភាពស្រដៀងខ្ញុំដែរ អីចឹងបានជាខ្ញុំសហការគ្នានាពេលនេះ ព្រោះទាំងខ្ញុំនិងណាវ៉ាត្រា សុទ្ធតែមានភាពស្មោះត្រង់ដូចគ្នា យើងមិនរត់ទៅណាទេ”។

 

 

ដីឡូតិ៍ព្រាប សុវត្ថិ និងឡេង ណាវ៉ាត្រា បោះទុនរួមគ្នានេះ ១ឡូតិ៍ តម្លៃចាប់ពី៣៩០០ដុល្លារ ហើយក៏មានថែមជូនម៉ូតូម៉ាកហុងដា ឆ្នាំ២០១០ មួយគ្រឿង សម្រាប់អតិថិជនដែលទិញរយៈពេល១៥ថ្ងៃដំបូងផងដែរ។

លោកឡេង ណាវ៉ាត្រា ដែលឡើងងារជាឧកញ៉ា និងជាថៅកែផលិតកម្ម Galaxy នោះ បានឲ្យដឹងដែរថា ”ខ្ញុំ ជា Fan លោកព្រាប សុវត្ថិ តាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយពេលនេះខ្ញុំបានរួមការងារជាមួយគាត់ ខ្ញុំពិតជាសប្បាយចិត្តរីករាយខ្លាំងណាស់ ហើយមានជំនឿចិត្តថា យើងនឹងសម្រេចគោលបំណងចំពោះគម្រោងលក់ដីឡូតិ៍គម្រោងថ្មីនេះ។

ឡេង ណាវ៉ាត្រា បន្ថែមថា ”ខ្ញុំស្ញើចសរសើរលោកព្រាប សុវត្ថិ ដែលគាត់ជោគជ័យក្នុងអាជីពចម្រៀងជាង២០ឆ្នាំមកហើយ គាត់គឺជា Idol របស់ខ្ញុំ។ ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានធ្វើការជាមួយ Idol ហើយការចាប់លក់១៥ថ្ងៃដំបូងនេះ ទោះជាអតិថិជនគាត់ទិញអស់ជាង១ពាន់ឡូតិ៍ក៏ដោយ ក៏ខ្ញុំនិងបងព្រាប សុវត្ថិ សម្រេចផ្ដល់នូវម៉ូតូ១គ្រឿងដល់អតិជនដែរ ដើម្បីជាកាដូសម្រាប់ពួកគាត់។ ដីឡូតិ៍នេះមានចម្ងាយជាង១១គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ ហើយការបោះទុនរួមគ្នាជាមួយលោកព្រាប សុវត្ថិ នៅពេលនេះ មិនមែនខ្ញុំខ្វះទុនទេ តែមកពីបងព្រាប សុវត្ថិ ជា Idol របស់ខ្ញុំ ហើយខ្ញុំមានជំនឿថា វត្តមានរបស់លោកព្រាប សុវត្ថិ កាន់តែធ្វើឲ្យអតិថិជនមានទំនុកចិត្ត ហើយដីឡូតិ៍របស់យើងនឹងមានទីផ្សាររីកចម្រើនជាងមុនជាមិនខានឡើយ “។

ក្រៅពីការពុះដីឡូតិ៍លក់រួមគ្នា រវាងលោកព្រាប សុវត្ថិ និងលោកឡេង ណាវ៉ាត្រា ដែលដាក់ទុនរួមគ្នាជាង៥លានដុល្លារ សម្រាប់គម្រោងដំបូងក្បែរផ្សារព្រៃទទឹង ផ្លូវជាតិលេខ៣នេះ អ្នកទាំង២ ក៏មានគម្រោងសាងសង់បូរីរួមគ្នាដាក់លក់ផងដែរ នាពេលខាងមុខ ខណៈដែលគម្រោងពុះដីឡូតិ៍លក់នៅតំបន់ផ្សេងៗទៀត ក៏នឹងបង្ហាញនាពេលបន្ទាប់ផងដែរ៕

RELATED ARTICLES