ខេត្តកំពង់ចាម ៖ នារីរូបស្រស់ម្នាក់ បានដើរទៅងូតទឹកពាងនៅក្បែរផ្ទះរបស់ខ្លួន រួចក៏ជាន់ចំខ្សែភ្លើងស្រាត បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ។
នារីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះរស់ ស្រេង អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជាទម្លាប់របស់នារីរងគ្រោះ គឺនាងតែងតែចុះពីលើផ្ទះមកងូតទឹកពាងក្បែរ ផ្ទះជារៀងរាល់យប់។ លុះមកដល់យប់កើតហេតុខាងលើនារីរងគ្រោះ បានចុះមករកងូតទឹកពាងដូចសព្វដង ស្រាប់តែអកុសលនារីរងគ្រោះបានដើរជាន់ចំខ្សែភ្លើងស្រាត (របកស្រោមជ័រ) ធ្វើឱ្យឆ្លងចរន្ត ឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ប្រភពដដែលបន្តថា បន្ទាប់ពីបាត់នារីរងគ្រោះយូរ ទើបក្រុមគ្រួសារនឹកឆ្ងល់ ក៏ចុះមកមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះដេកស្លាប់ ក្បែរពាងទឹកបាត់ទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍៕