ខេត្តកំពង់ធំ៖ បុរសម្នាក់ចេះតែអង្គុយស្ងៀមស្ងាត់ ធ្វើមុខក្រៀមក្រំតែម្នាក់ឯង រួចក៏ទាញយកកំប៉ុងថ្នាំបំពុល (ថ្នាំបាញ់ស្រូវ) មកផឹកអស់១កំប៉ុង ធ្វើឱ្យកើតអាការៈក្អួតចង្អោរ ផ្អើលដល់ម្តាយមកមើល សួរនាំថាហេតុអ្វីក៏ធ្វើបែបនេះ? ស្រាប់តែកូនប្រុសឆ្លើយថា ខ្ជិលចង់រស់ ធ្វើឱ្យម្តាយភ័យឆោឡោប្រញាប់បញ្ជូនកូនប្រុសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែអកុសលក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ។
ករណីបុរសខូចចិត្ត លែងចង់រស់ ផឹកថ្នាំពុលសម្លាប់ខ្លួននេះ បានកើតបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក។ រហូតមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងមន្ទីរពេទ្យ។
បុរសគំនិតខ្លី ដែលផឹកថ្នាំពុលសម្លាប់ខ្លួន មានឈ្មោះស ពិសិដ្ឋ អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះញឹម សាវ៉េន អាយុ៦៣ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កន្លងមកកូនប្រុសរបស់គាត់ បានកើតមានជំងឺសរសៃប្រសាទ និងជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់។ នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៩ និង០៥នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ គាត់បានដើរទៅមើលស្រែនៅភូមិសាស្ត្រភូមិសុភមង្គល ដោយទុកឱ្យ កូនប្រុសឈ្មោះស ពិសិដ្ឋ នៅចាំផ្ទះ។ លុះ ដល់វេលាម៉ោង២រសៀលថ្ងៃដដែល គាត់ក៏បានត្រឡប់មកផ្ទះវិញ រួចក៏ចូលទិញថ្នាំនៅផ្ទះរបស់គ្រូពេទ្យ ឈ្មោះយា យកទៅឱ្យកូនប្រុសលេប ព្រោះកាលពីយប់ កូនប្រុសនេះចេះតែកើតអាការៈក្តាមកាច់ដៃជើង។
ស្ត្រីជាម្តាយរូបនេះបន្តថា លុះពេលមកដល់ផ្ទះវិញ គាត់ប្រទះឃើញកូនប្រុសនេះ ចេះតែមានទឹកមុខក្រៀមក្រំខុសប្លែកធម្មតា លុះគាត់សួរនាំថា កើតអី? កូនប្រុសក៏ឆ្លើយប្រាប់វិញថា “ចេះតែញ័រខ្លួន” ស្រាប់តែមួយសន្ទុះក្រោយមក គាត់ក៏ឮបានសូរសំឡេងកូនប្រុសក្អួត ទើបស្ទុះចូលទៅមើល ទើបដឹងថា កូនប្រុសបានផឹកថ្នាំបាញ់ស្រូវសម្លាប់ខ្លួន ភ្លាមនោះ គាត់ក៏បានសួរកូនប្រុសថា ហេតុអីធ្វើបែបនេះ? ស្រាប់តែកូនប្រុសបានឆ្លើយប្រាប់វិញថា “មកពីខ្ញុំខ្ជិលចង់រស់”។
ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា ភ្លាមៗនោះ គាត់ក៏ប្រញាប់ហៅម៉ូតូកង់៣ ដឹកកូនប្រុសទៅកាន់មន្ទីរពេទ្យត្រពាំងស្វាយ ប៉ុន្តែសភាពជំងឺកាន់តែធ្ងន់ទៅៗ ទើបនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ គ្រូពេទ្យបានសម្រេចបញ្ជូនកូនរបស់គាត់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ តែអកុសល ទោះជាក្រុមគ្រូពេទ្យព្យាយាមយកចិត្តទុកដាក់សង្គ្រោះយ៉ាងណា ក៏នៅតែមិនអាចស្រោចស្រង់ជីវិតកូនប្រុសរបស់គាត់បាន ទីបំផុតកូនប្រុសរបស់គាត់ ក៏ដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។ ក្រោយមកមន្ទីរពេទ្យខេត្តកំពង់ធំ បានយករថយន្តដឹកសពកូនរបស់គាត់ត្រឡប់មកផ្ទះវិញ ហើយគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កំលាំងជំនាញសហការជាមួយលោកមេប៉ុស្តិ៍ លោកគ្រូពេទ្យ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារផឹកថ្នាំពុល (ថ្នាំបាញ់ស្រវ) ធ្វើអត្តឃាតប្រាកដមែន៕