ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយរាប់ឆ្នាំព្យាបាលមិនជា ក៏ព្យាយាមធ្វើអត្តឃាតជាច្រើនដងរួចមកហើយ តែមិនបានសម្រេច លុះចុងក្រោយឆ្លៀតឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចងកសម្លាប់ខ្លួនរហូតបានសម្រេចដូចបំណង។
ករណីស្ត្រីតូចចិត្តជំងឺប្រចាំកាយព្យាបាលមិនជា ចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិត្នោតទ្រេត ឃុំតាកោ ស្រុកពោធិ៍រៀល។
ស្ត្រីដែលចងកធ្វើអត្តឃាត មានឈ្មោះធន ធី អាយុ៥១ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះបានកើតមានជំងឺប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងធ្លាប់ត្រូវបានគាត់នាំទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែមិនជាសះស្បើយសោះ។ ដោយសារតែស្ថានភាពជំងឺនេះចេះតែធ្វើទុក្ខ ទើបកន្លងមក ស្ត្រីរងគ្រោះធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួន៣-៤លើករួចមកហើយ តែត្រូវគេឃើញទាន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលរហូត។ លុះចុងក្រោយឆ្លៀតពេលដែលគ្មានអ្នកនៅផ្ទះ ស្ត្រីរងគ្រោះ ក៏ចងកសម្លាប់ខ្លួនទាល់តែបាន។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ប្រាកដមែន។ មូលហេតុ ដោយសារតែស្ត្រីរងគ្រោះតូចចិត្តនឹងកើតមានជំងឺប្រចាំកាយព្យាបាលមិនជា ទើបគិតខ្លីបែបនេះ៕