ខេត្តពោធិ៍សាត់ ៖ សាកសពទារកម្នាក់ ត្រូវបានគេប្រទះឃើញហើមស្អុយ អណ្តែតក្នុងទឹកប្រឡាយ និងត្រូវបានគេសង្ស័យ អាចជាស្ត្រីម្តាយបង្កើតកូនមកហើយ តែបានស្លាប់ទៅវិញ ទើបយកសពទៅបោះចោលនៅក្នុងប្រឡាយទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកប្រឡាយក្បាលហុង ជាប់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ នានាជុំវិញកន្លែងនោះ ក៏ដូចជានគរបាលប៉ុស្តិ៍រដ្ឋបាលវាល ដែលបានចុះស្រាវជ្រាវ និងពិនិត្យសាកសព លើកឡើងស្រដៀងៗគ្នាថា សាកសពទារក ដែលត្រូវបានគេប្រទះឃើញអណ្តែតទឹកហើមស្អុយក្នុងប្រឡាយនេះ ភេទប្រុស អាចទើបនឹងកើតថ្មីៗ ហើយក៏អាចស្លាប់ទៅវិញ ប៉ុន្តែត្រូវបានគេសង្ស័យម្តាយ ឬឪពុកយកទៅបោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់ ទើបហូរតាមទឹកអណ្តែតមកទើរនៅចំណុចខាងលើនេះ ព្រោះពុំមានស្លាកស្នាមអ្វីគួរសង្ស័យក្នុងករណីអំពើរឃាតកម្មនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋបានជួយស្រង់សាកសពទារកអភ័ព្វខាងលើ មកមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចក៏យកទៅបញ្ចុះរួចរាល់ហើយ នៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។
ជុំវិញករណីប្រទះឃើញសាកសពទារកខាងលើនេះ ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ បានចាត់ទុកទង្វើរបស់ឪពុកម្តាយទារកខាងលើ ថាជាអំពើដ៏សាហាវព្រៃផ្សៃមួយ ដោយហេតុថា បើទោះជាកូនកើតមកហើយ ស្លាប់ទៅវិញក្តី ក៏មិនគួរណាយកសពមកបោះចោល តាមប្រឡាយទឹកបែបនេះដែរ គួររកកន្លែងសមរមមួយដើម្បីបញ្ចុះឱ្យសមនឹងតម្លៃជាមនុស្ស មិនមែនយកទៅបោះចោលដូចសំរាម ឬខ្មោចសត្វធាតុបែបនេះទេ ដែលនេះគឺជាទង្វើដែលគ្មានការទទួលខុសត្រូវទាល់តែសោះក្នុងនាមជាឪពុកម្តាយ៕