ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់បានស្លាប់អស់រយៈពេល២ថ្ងៃ និងត្រូវបានលើកដាក់មឈូសរួចទៅហើយ ប៉ុន្តែមិនមានធុំក្លិនស្អុយអសោចដូចសពដទៃសោះ ទើបក្រុមគ្រួសារផ្អើលរកគ្រូទស្សន៍ទាយគន់គូមើល ក៏ឃើញថាព្រលឹងធំ ត្រូវព្រាយចាប់ចងនៅគុម្ពឬស្សី ទើបនាំគ្នាជឿថាមិនទាន់ស្លាប់ ក៏រៀបចំពិធីអន្ទងព្រលឹងមកវិញ តែទីបំផុត ព្រាយមិនព្រមដោះលែងព្រលឹងធំ ធ្វើឱ្យសពមិនអាចរស់ឡើងវិញបាន ក៏ត្រូវក្រុមគ្រួសាររៀបចំបូជាដោយក្តីសោកអាល័យជាទីបំផុត។
សាកសពបុរសដែលស្លាប់២ថ្ងៃទៅហើយ បែរជាមានការភ្ញាក់ផ្អើលថារស់ឡើងវិញនោះ មានឈ្មោះពេទ្យ ឡង់ អាយុ៥១ឆ្នាំ មុខរបរធ្វើចម្ការ និងមានលំនៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ សាកសពបុរសខាងលើ មានប្រពន្ធឈ្មោះអ៊ុង ឃា អាយុ៤៥ឆ្នាំ មុខរបរអ្នកអនាម័យនៅតាមក្រុមហ៊ុនឯកជន និងមានកូនប្រុសចំនួន៣នាក់ ក្នុងនោះកូនប្រុសច្បងមានអាយុ២៣ឆ្នាំ និងមានគ្រួសាររួចទៅហើយ។
តាមសម្តីយុវជនឈ្មោះឆន ភារុណ ត្រូវជាក្មួយប្រុសរបស់សព បានរៀបរាប់ប្រាប់ថា ឪពុកមារបស់ខ្លួន (ជនរងគ្រោះ) បានស្លាប់កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅគ្រាដែលគាត់បានចេញទៅធ្វើចម្ការដំឡូងនៅទីនោះ ដោយមិនមានជំងឺអ្វីទាល់តែសោះ និងត្រូវគេសង្ស័យថា ខ្យល់គរ។ បន្ទាប់មក ក្រុមគ្រួសារបានដឹកសពគាត់ពីខេត្តរតនគិរី មកភ្នំពេញវិញ ដើម្បីរៀបចំធ្វើបុណ្យសពតាមប្រពៃណី ដោយសពត្រូវបានក្រុមគ្រួសារចម្អាសទឹក រួចលើកដាក់ក្តារមឈូសតាមបែបបទប្រពៃណីត្រឹមត្រូវ។ ស្រាប់តែនៅវេលាយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ព្រលឹងសពបានទៅពន្យល់សពសាច់ញាតិម្នាក់នៅស្រុកស្អាង ដោយប្រាប់ថា គាត់មិនទាន់ស្លាប់ទេ កុំទាន់អាលយកគាត់ទៅបូជា ព្រោះមានគេនាំគាត់ទៅ ដើរលេងប៉ុណ្ណោះ។ នៅពេលលឺថា ព្រលឹងសពទៅពន្យល់សប្តិថាមិនទាន់ស្លាប់បែបនេះ ក្រុមគ្រួសារក៏ជុំគ្នាពិភាក្សារកគ្រូហោដើម្បីទស្សន៍ទាយ មើលចង់ដឹងការពិត។
យុវជន ឆន ភារុណ បន្តថា លុះព្រឹកឡើង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្រុមគ្រួសារ ក៏នាំគ្នាទៅរកគ្រូទស្សន៍ទាយ ស្រាប់តែគ្រូទាយបានប្រាប់ថា សពពិតជាមិនទាន់ស្លាប់មែន ហើយនៅមុនពេលស្លាប់ សពបានដើរទៅទិសខាងលិច រួចក៏បានប៉ះពាល់ខ្មោចព្រាយ ទើបព្រលឹងធំរបស់សព ត្រូវបានព្រាយចាប់យកទៅចងនៅគុម្ពឬស្សីមួយកន្លែងនៅឯខេត្តរតនគិរី កន្លែងដែលសពធ្វើចម្ការដំឡូង។ បន្ទាប់ពីស្តាប់សម្តីគ្រូទាយ រួចហើយ ក្រុមគ្រួសារក៏ចាប់អារម្មណ៍ផងដែរថា សពស្លាប់ដល់ទៅ២ថ្ងៃមកហើយ ប៉ុន្តែសភាពសពនៅធម្មតាទាំងអស់ ពិសេសមិនមានធុំក្លិន ស្អុយ អសោចដូចសពដទៃទៀតឡើយ។ លុះក្រោយពីស្រុះស្រួលគ្នារួចមក ក្រុមគ្រួសារក៏សម្រេចចិត្តបើកគំរបក្តារមឈូស ដើម្បីពិនិត្យមើលសព និងឃើញថា ពិតជាមិនមានធុំក្លិនមែន ទើបនាំគ្នាភ្ញាក់ផ្អើលថា សពស្លាប់២ថ្ងៃហើយរស់ឡើងវិញ និងបានអញ្ជើញគ្រូហ្ម មករៀបចំពិធីអន្ទង ព្រលឹងសពដើម្បីឱ្យត្រឡប់មកចូលខ្លួនប្រាណវិញ។ ក្រោយពេលរៀបចំពិធីអន្ទងព្រលឹងរួចរាល់ហើយ គ្រូក៏ប្រាប់ឱ្យចាំមើលត្រឹមម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បើព្រាយព្រមដោះលែងព្រលឹងសពមកវិញ នោះនឹងអាចរស់ឡើងវិញហើយ ប៉ុន្តែចាប់ពីម៉ោង១២ទៅ បើសិនជាព្រាយនោះ មិនព្រមដោះលែងព្រលឹងវិញទេ មានន័យថា សពនឹងត្រូវស្លាប់មែនទែនហើយ។
យុវជន ឆន ភារុណ បានឱ្យដឹងទៀតថា ទីបំផុត ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានចូលមកដល់ ប៉ុន្តែសព នៅតែមិនបានដឹងខ្លួនឡើយ ទើបគ្រូប្រាប់ថា អស់សង្ឃឹមហើយ ព្រោះព្រាយនោះមិនព្រមដោះលែងព្រលឹងសពត្រឡប់មកវិញទេ ហើយបន្តិចក្រោយមក សភាពសពក៏ចាប់ផ្តើមប្រែប្រួល ឡើងពណ៌ខ្មៅ និងមានធុំក្លិន ទើបធ្វើឱ្យក្រុមគ្រួសារជឿថា សពពិតជាស្លាប់មែនហើយ មិនអាចស្រោចស្រង់បានឡើយ។ ទីបំផុត នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ សពត្រូវបានក្រុមគ្រួសារដង្ហែទៅបូជាតាមប្រពៃណីទាំងក្តីសោកអាល័យជាទីបំផុត។
យុវជន ឆន ភារុណ បានបន្ថែមថា តាមសម្តីកូនប្រុសពៅរបស់សព ដែលចេញទៅធ្វើចម្ការនៅខេត្តរតនគិរីជាមួយឪពុក បានអះអាងថា នៅក្នុងចម្ការដំឡូងនោះ ពិតជាមានគុម្ពឬស្សី១គុម្ព នៅទិសខាងលិចពិតមែន ហើយឪពុកក៏ធ្លាប់ដើរទៅទីនោះដែរ។ អ្វីដែលជាការកត់សម្គាល់នោះ គឺ១ថ្ងៃមុនឪពុកស្លាប់ ឪពុកបានកើតមានអារម្មណ៍រវើរវាយថា មានគេយកខ្សែមកជើងរបស់គាត់ រហូតដល់ទ្រាំមិនបាន ទាញពូថៅកាប់ផ្តាច់ខ្សែទៀតផង។ យោងតាមហេតុផលទាំងនេះ ទើបធ្វើឱ្យក្រុមគ្រួសារសពនៅតែមិនអស់ចិត្ត និងមានអារម្មណ៍ដក់ជាប់ថា ព្រលឹងធំរបស់សព ច្បាស់ជាត្រូវព្រាយចាប់ឃុំនៅក្នុងគុម្ពឬស្សីនោះតែម្តង ហើយដើម្បីឱ្យកាន់តែច្បាស់ ក្រោយពីបញ្ចប់ពិធីបុណ្យ៧ថ្ងៃ ក្រុមគ្រួសារនឹងទៅរកគ្រូ ដើម្បីបញ្ជាន់រូបមើលបន្ថែមទៀត ដើម្បីឱ្យដឹងការពិតច្បាស់។
យ៉ាងណាក្តី ក្មួយប្រុសរបស់សព បានអះអាងថា យោងតាមលទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ឪពុកមារបស់ខ្លួន បានស្លាប់ដោយសារតែការផ្តាច់ស្រា ពោលគឺកន្លងមកឪពុកមាធ្លាប់ហូបស្រា ហើយពេលនេះគាត់ព្យាយាមផ្តាច់ស្រា ទើបធ្វើឱ្យកើតមាន អាការៈខ្យល់គរស្លាប់បែបនេះតែម្តង។ ប៉ុន្តែក្រុមគ្រួសារ នៅតែមានមន្ទិលជាមួយរឿងអបិយជំនឿ ដោយសង្ស័យថា ព្រលឹងធំរបស់សព ត្រូវបានព្រាយចាប់ចងឃុំទុកនៅគុម្ពឬស្សី ឯខេត្តរតនៈគិរីឯណោះ៕