ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ បានស្រលាញ់គ្នាដោយចិត្តនិងចិត្តជាមួយបុរសម្នាក់ លុះរួមរស់ពពោះ៧ខែ ប្តីហេងស៊យក៏សុំចេញមករកការងារធ្វើនៅភ្នំពេញ ដើម្បីរកលុយទុកឱ្យប្រពន្ធសម្រាល ស្រាប់តែបាត់ដំណឹងជាង១ខែ ធ្វើឱ្យប្រពន្ធជិតគ្រប់ខែសម្រាលគ្មានលុយ១រៀលជាប់ខ្លួន សម្រេចចិត្តដើរដោយថ្មើរជើង ចេញពីផ្ទះឯខេត្តកណ្តាល ដើម្បីមកតាមរកប្តីនៅភ្នំពេញ ប៉ុន្តែនៅតែគ្មានដំណឹងទាល់តែសោះ។
ស្ត្រីអភ័ព្វដែលកំពុងពពោះ៨ខែ ស្រាប់តែប្តីដែលអួតខ្លួនថាចេញរកលុយទុកឱ្យប្រពន្ធសម្រាល បែរជាបាត់ខ្លួនសូន្យឈឹងរកមិនឃើញនេះ មានឈ្មោះធឿន តី អាយុ២២ឆ្នាំ សព្វថ្ងៃរស់នៅស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកបុរសជាប្តីហេងស៊យ មានឈ្មោះនៅ អាត អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តតាកែវ។
នាងធឿន តី បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងមានស្រុកកំណើតនៅខេត្តតាកែវ តែគ្មានបងប្អូនអ្វីទាំងអស់ ចំណែកឪពុកម្តាយបានស្លាប់ចោលអស់ទៅហើយរស់នៅតែលតោលតាំងពីតូច និងត្រូវបានម្តាយចិញ្ចឹមម្នាក់យកទៅរស់នៅជាមួយឯខេត្តពោធិ៍សាត់ លុះពេលនាងធំដឹងក្តី ក៏ត្រូវម្តាយចិញ្ចឹមឱ្យនាងចូលធ្វើការនៅហាងម៉ាស្សា ដើម្បីរកលុយ រហូតដល់បង្ខំឱ្យនាងបម្រើសេវាផ្លូវភេទដល់ភ្ញៀវ (លក់ខ្លួន) ទៀតផង ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏រត់ចេញពីខេត្តពោធិ៍សាត់ មករស់នៅភ្នំពេញ ដោយចូលធ្វើការនៅក្នុងហាងកាហ្វេមួយកន្លែង។
នាងធឿន តី បានបន្តទាំងអួលអាក់ថា នៅអំឡុងពេលដែលនាងធ្វើការក្នុងហាងកាហ្វេ នាងក៏បានជួបស្គាល់បុរសឈ្មោះនៅ អាត (ប្តី) ដែលកាលណោះ គាត់ជាកម្មករសំណង់ និងបានប្រាប់ថា គាត់ជាកូនកំព្រា មានស្រុកកំណើតនៅខេត្តតាកែវ លុះក្រោយពីរាប់អានគ្នាបានមួយខែ ខាងប្រុសក៏បានលួងលោមសុំស្នេហ៍រហូតដល់នាងទន់ចិត្ត ព្រមរួមរស់នឹងគ្នាដូចប្តីប្រពន្ធ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់។ បន្ទាប់មក នាងនិងប្តីក៏នាំគ្នា មករស់នៅស្រុកពញាឮ ខេត្តកណ្តាល ដែលជាស្រុកកំណើតរបស់ឪពុកនាង ហើយនាងក៏បានសុំដីរបស់អ្នកភូមិស្នាក់នៅបណ្តោះអាសន្ន លុះអ្នកភូមិអនុញ្ញាត នាងនិងប្តីក៏បានសង់កូនខ្ទមមួយរស់នៅ គ្រាន់បាំងខ្យល់បាំងភ្លៀង។
នាងធឿន តី បានឱ្យដឹងទាំងសោកសៅទៀតថា អំឡុងពេលដែលនាងរួមរស់ជាមួយប្តីនេះ គឺមិនដែលស្គាល់សុភមង្គលសោះឡើយ ព្រោះតែប្តីមិនព្រមចេញទៅធ្វើការរកលុយអ្វីទាំងអស់ មួយថ្ងៃៗគិតតែដើរផឹកស្រាស្រវឹងអួទីនួ និងបង្ខំឱ្យនាងចេញធ្វើការ ដើរស៊ីឈ្នួលគេ ដើម្បីរកលុយមកចិញ្ចឹមប្តី។ ចំណែកនាងហេតុតែស្រលាញ់ប្តី ក៏ប្រឹងដើរស៊ីឈ្នួលជួលព័ទ្ធគេ រកលុយទាំងញើសរហាម ជួន១ថ្ងៃបាន២ម៉ឺនរៀល ត្រូវប្តីដណ្តើមយកទៅផឹកស្រាអស់ សល់តិចតួចទិញពងទាចៀនគ្រាន់ហូបបាយ។ តាមពិតប្តីរបស់នាង មានចរិតកោងកាចខ្លាំងណាស់ ឱ្យតែស្រវឹងម្តងៗ តែងមកសុំលុយនាងយកទៅផឹកស៊ីបន្ត លុះនាងគ្មានលុយឱ្យ ក៏ត្រូវប្តីវ៉ៃដំច្រំធាក់គ្មានអាសូរ រហូតដល់ថ្ងៃមួយប្តីធ្លាប់កាប់នាង១កាំបិតរយះក្បាលទៀតផង ប៉ុន្តែនាងមិនដែលប្តឹងផ្តល់អ្វីទេ ព្រោះស្រលាញ់ប្តី និងចង់ទុកពេលឱ្យប្តីកែខ្លួនផង តែចរិតប្តីមិនព្រមកែសោះ មានតែលើសដើម។
នាងធឿន តី បានបន្ថែមថា ក្រោយមកនាងក៏ចាប់ផ្តើមមានផ្ទៃពោះ ប៉ុន្តែប្តីមិនយកចិត្តទុកដាក់ចំពោះប្រពន្ធកូនអ្វីឡើយ មិនដែលជូននាងទៅពេទ្យពិនិត្យផ្ទៃពោះម្តងណាទេ រហូតដល់ពេលនេះកូនក្នុងផ្ទៃ៨ខែនេះ នាងមិនទាន់ដឹងថា ជាប្រុស ឬស្រីនៅឡើយ ចំណែកថ្នាំវីតាមីន ថ្នាំជាតិដែកស្អីនោះ ក៏នាងមិនធ្លាប់បានលេបដែរ មិនដឹងថាកូនក្នុងផ្ទៃរបស់នាងនឹងទៅជាយ៉ាងណាទេ បើមួយថ្ងៃៗប្តីវ៉ៃដំនាងគ្មានអាសូរដល់កូនក្នុងផ្ទៃសោះឡើយ។ រហូតដល់ផ្ទៃពោះនាងខ្ទាតធំ (៧ខែ) ប្តីរបស់នាង ក៏បានសុំនាងចេញមករកការងារសំណង់ធ្វើនៅភ្នំពេញ ដោយប្រាប់ថា ចង់រកលុយទុកឱ្យនាងសម្រាលកូន ចំណែកនាងពេលលឺបែបនេះ នឹកស្មានថាប្តីចេះកែខ្លួន ក៏ព្រមឱ្យប្តីចេញមកភ្នំពេញ ដោយនាងសុខចិត្តរស់នៅវេទនាតែម្នាក់ឯងទាំងពោះប៉ុនកញ្ជើ។ លុះមកដល់ភ្នំពេញបាន១ថ្ងៃ ប្តីរបស់នាងក៏បានទូរស័ព្ទមកអ្នកជិតខាងរបស់នាង សុំជួបនាង និងបានប្រាប់ថា គាត់រកបានការងារធ្វើហើយ នៅហ្គ្រេនភ្នំពេញ ព្រែកព្នៅ ធ្វើឱ្យនាងសប្បាយចិត្តខ្លាំងណាស់ នឹកថានឹងមានលុយសម្រាលកូនហើយ ដឹងអី តាំងពីថ្ងៃនោះ មករហូតមកដល់ពេលនេះ (ជាង១ខែមកហើយ) ប្តីនាងមិនដែលទាក់ទងផ្តល់ដំណឹងដល់នាងជាប្រពន្ធសោះ មិនដឹងជាប្តីបាត់ខ្លួនទៅណា ឬសម្ងំនៅជាមួយស្រីថ្មី ឬមានប្រពន្ធថ្មីក៏មិនដឹង។
នាងធឿន តី បានបញ្ជាក់ថា ដោយសារតែបាត់ដំណឹងប្តីសូន្យឈឹងជាង១ខែ ណាមួយកូនក្នុងផ្ទៃនាងក៏កាន់តែជិតគ្រប់ខែទៅហើយ គ្មានលុយកាក់១រៀលជាប់ខ្លួននោះ ទើបនាងសម្រេចចិត្ត ដើរចេញពីផ្ទះឯស្រុកពញាឮ សំដៅមករកប្តីនៅហ្គ្រេនភ្នំពេញ ម្តុំព្រែកព្នៅ លុះមកដល់ចូលទៅសួរនាំគេ រកប្តីឈ្មោះនៅ អាត ក៏ត្រូវគេប្រាប់ថា គ្មានឈ្មោះប្តីនាង ធ្វើការនៅក្នុងនេះទេ៕