ភ្នំពេញ ៖ ជារឿងដ៏រន្ធត់ចិត្ត និងសោកសង្រេងមួយសម្រាប់ក្រុមគ្រួសារមួយនេះ ដែលបានបាត់បង់សមាជិកម្នាក់ទាំងវ័យក្មេង ដោយសារតែកើតមកមានជំងឺប្រចាំកាយ លុះក្រោយពេលរស់ជុំគ្រួសារបាន៨ឆ្នាំ លែងអាចទ្រាំទ្រនឹងស្ថានភាពជំងឺបានតទៅទៀត ក៏លាចាកលោកទៅ ធ្វើឱ្យក្រុមគ្រួសារយំសោកបោកខ្លួន ពិសេសបងប្រុស បានបញ្ចេញនូវសារទឹកភ្នែកមួយ បង្ហាញពីការខ្លោចចិត្តអាណិតប្អូនស្រីជាទីស្រលាញ់ ដែលចាកចេញទៅទាំងក្មេងវ័យ។
ក្មេងស្រីដែលកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយតាំងពីកំណើត និងទើបតែលាចាកលោក ចោលក្រុមគ្រួសារកាលពីពេលថ្មីៗនេះ មានឈ្មោះ កាកា ទើបនឹងមានវ័យ៨ឆ្នាំប៉ុណ្ណោះ។ ដោយសារតែមានជំងឺប្រចាំកាយ ទើបធ្វើឱ្យកុមារី កាកា បានវិវឌ្ឍន៍រូបរាងកាយពីក្មេងធម្មតា ទៅជាស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹងប៉ុណ្ណោះ។ យ៉ាងណា កុមារីរូបនេះ នៅតែទទួលបានការអាណិតស្រលាញ់ពីក្រុមគ្រួសារ និងរស់នៅប្រកបដោយភាពកក់ក្តៅ។ តែជាអកុសល កុមារីអភ័ព្វរូបនេះ បានលាចាកលោកទៅ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
បន្ទាប់ពីបាត់បង់ប្អូនស្រីជាទីស្រលាញ់ទៅ បងប្រុសបង្កើតរបស់កុមារីកាកា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Vong Vichet បានបញ្ចេញនូវសារខ្លោចចិត្តមួយ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកដែលបានអានហើយ ស្ទើរទប់ទឹកភ្នែកមិនបាន។
ម្ចាស់គណនី Vong Vichet បានបង្ហោះសារមួយថា “ទោះបីប្អូនស្រីខ្ញុំកើតមកមិនស្អាតដូចគេ មិនមានសាច់ឈាមស្រស់ថ្លាដូចគេ មិនគួរឱ្យស្រលាញ់ដូចគេ តែពួកខ្ញុំស្រលាញ់ប្អូនខ្ញុំណាស់ ហើយក៏ជាប្អូនស្រីតែមួយគត់របស់ពួកខ្ញុំ។ ហេតុអីក៏មិនអាណិតការស្រលាញ់របស់ពួកខ្ញុំ បន្តិចសោះ ដាច់ចិត្តយកប្អូនខ្ញុំចេញពីពួកខ្ញុំទៅ ទៅជារៀងរហូត ទៅគ្មានថ្ងៃត្រឡប់។ “កាកា ធ្លាប់ប្រាប់ម៉ាក់ថា នឹកអាហ៊ាណាស់ ចង់ឱ្យអាហ៊ា មកនៅផ្ទះវិញ លូវអាហ៊ាមកវិញហើយតើ ម៉េចលូវទៅចោលអាហ៊ាវិញចឹង…?” “កាកា ធ្លាប់ប្រាប់អាហ៊ាថា iPad អាចាស់ពិបាកប្រើណាស់ អាហ៊ាថា ចាំហ៊ាបើកប្រាក់ខែ ចាំហ៊ាទិញឱ្យថ្មី លូវម៉េចមិនចាំប្រើ iPad ថ្មីសិន…?” “កាកា ធ្លាប់សួរអាហ៊ា ថីអត់ទៅធ្វើការចឹង នៅផ្ទះរហូតចឹង? ហ៊ាប្រាប់ថា ហ៊ាប្តូរការងារ រកការងារថ្មីអត់ទាន់បាន… លូវហ៊ារកការងារបានហើយ ម៉េចទៅចោលហ៊ាចឹង…?” “កាកា ថាចង់ច្រៀងថតដាក់ Facebook, Tik Tok, Youtube លូវ មិនទាន់បានផង ក៏ទៅបាត់” ចាប់ពីថ្ងៃនេះទៅ ហ៊ាលែងលឺ កាកា ហៅអាហ៊ាញ៉ាំបាយទៀតហើយ លែងឮ កាកា សួរអាហ៊ា ទៅណាទៀតហើយ។ អរគុណសំរាប់មនោសញ្ចេតនាបងប្អូន រយៈពេល៨ឆ្នាំនេះ កើតមកជាតិក្រោយកុំឱ្យចឹងទៀត កុំឱ្យមានជំងឺជាប់ខ្លួនតាំងពីកើតចឹងទៀត…”។
ក្រោយការបង្ហោះសារទុក្ខសោកខាងលើរួចមក គេឃើញអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែក និងបានសម្តែងនូវអារម្មណ៍ ក្តុកក្តួលចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់មួយនេះ។ ជាមួយនេះ ក៏មានការចូលរួមរំលែកទុក្ខ និងបួងសួង សូមឱ្យវិញ្ញាណក្ខន្ធកុមារី កាកា បានទៅកាន់សុគតិភព ពិសេសយោនកំណើតថ្មី ឱ្យមានរូបសម្បត្តិសមសួន ស្អាតបាត កុំឱ្យជួបនឹងជំងឺដ៏កាចសាហាវ និងមានវាសនាអភ័ព្វ ដូចជាតិនេះទៀត៕