ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់តែងដឹកសត្វក្របីរបស់ខ្លួន១ក្បាលដើរទៅស៊ីឈ្នួលភ្ជួរដីស្រែឱ្យគេ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមប្រពន្ធកូន ស្រាប់តែអកុសល កំពុងភ្ជួរដីឱ្យគេសុខៗ ស្រាប់តែសត្វក្របីរបស់ខ្លួនឡើងក ដេញវ័ធម្ចាស់ បណ្តាលឱ្យកប់ភក់ស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធកូន។
ហេតុការណ៍ក្របីវ័ធម្ចាស់កប់ភក់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ មួយកន្លែង ស្ថិតក្នុងភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង។
បុរសរងគ្រោះ ដែលត្រូវសត្វក្របីរបស់ខ្លួនវ័ធស្លាប់ មានឈ្មោះផាន់ ធុយ អាយុ៣៤ឆ្នាំ មុខរបរដើរស៊ីឈ្នួលភ្ជួរដីឱ្យគេដោយប្រើសត្វក្របី មានលំនៅក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជីវភាពគ្រួសារជនរងគ្រោះ ក្រីក្រខ្លាំងណាស់ និងមានតែសត្វក្របីមួយក្បាលនេះប៉ុណ្ណោះ គ្រាន់បានធ្វើជាកម្លាំងអូសទាញការងារស្រែចម្ការផ្ទាល់ខ្លួន និងឆ្លៀតពេលដើរស៊ីឈ្នួលភ្ជួរដីឱ្យគេ ដើម្បីរកប្រាក់កម្រៃបន្ថែមមកទំនុកបម្រុងគ្រួសារប្រពន្ធកូន។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានដឹកសត្វក្របីរបស់ខ្លួន សំដៅទៅស៊ីឈ្នួលភ្ជួរដីឱ្យគេនៅចំណុចកើតហេតុខាងលើ លុះទៅដល់ក្រោយពីភ្ជួរដីបានមួយសន្ទុះ ស្រាប់តែសត្វក្របីនោះចាប់ផ្តើមឡើងក ស្ទុះដេញវ័ធជនរងគ្រោះជាម្ចាស់ បណ្តាលឱ្យចំគល់ថ្គាមខាងឆ្វេង១កន្លែង និងចំលើចិញ្ចើមខាងស្តាំ១កន្លែង បណ្តាលឱ្យកប់ក្នុងភក់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕