Tuesday, January 21, 2025
Homeសង្គម និងជីវិតពិតជាកូនប្រុសល្អមែន! កាន់ដាវសាំម៉ូរ៉ៃភ្ជង់ក គំរាមសម្លាប់ម៉ែ

ពិតជាកូនប្រុសល្អមែន! កាន់ដាវសាំម៉ូរ៉ៃភ្ជង់ក គំរាមសម្លាប់ម៉ែ

ភ្នំពេញ ៖ យុវជនម្នាក់ ព្រោះតែវក់នឹងការប្រើប្រាស់ថ្នាំញៀនខ្លាំងពេក ម្តាយស្តីប្រដៅអប់រំមិនបាន ក៏ប្តឹងប៉ូលិសឱ្យចាប់បញ្ជូនទៅមណ្ឌលកែប្រែ ស្រាប់តែចេញមកវិញមិនព្រមកែប្រែចរិត បែរជាខ្លាំងដៃលើសដើម ដោយហ៊ានយកដាវសាំម៉ូរ៉ៃ មកភ្ជង់កគំរាមអារកម្តាយសម្លាប់ ចោលទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ជួយរំដោះស្ត្រីជាម្តាយចេញពីកណ្តាប់ដៃកូនប្រុសចិត្តកំណាចឃោរឃៅ។

ករណីកូនប្រុសទាញដាវសាំម៉ូរ៉ៃភ្ជង់ក គំរាមសម្លាប់ម្តាយបង្កើតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចទីតាំងហាងម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹង ទំពុន២ ខណ្ឌមានជ័យ។

កូនប្រុសកំណាចដែលគំរាមសម្លាប់ម្តាយខ្លួនឯង មានឈ្មោះរឿន រិទ្ធិ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយបង្កើត មានឈ្មោះប៉ាន់ យឿ អាយុ៥០ឆ្នាំ មុខរបរលក់បាយស្រូបពេលព្រឹក ស្នាក់នៅផ្ទះជួលភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនសង្ស័យ) គឺជាសមាសភាពក្រុមបងតូចបងធំ និងប្រើប្រាស់ថ្នាំញៀនជាប្រចាំ ហើយកន្លងមកតែងអុកឡុក និងរករឿងក្នុងក្រុមគ្រួសារជាញឹកញាប់ រាល់ពេលគេប្រើប្រាស់ថ្នាំញៀនច្រើនហួសកម្រិត (បែកថ្នាំ) ម្តងៗ ។

ស្ត្រីជាម្តាយរូបនេះបន្តថា ព្រោះតែកូនប្រុសតែងប្រើប្រាស់ថ្នាំញៀន និងឧស្សាហ៍រករឿងអ្នកផ្ទះពេក ទើបគាត់ទ្រាំមិនបាន ក៏ប្តឹង សមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនកូនប្រុសនេះ បញ្ចូនទៅមណ្ឌលបន្សាយគ្រឿងញៀននៅព្រៃស្ពឺ ដើម្បីបន្សាបសារធាតុញៀន និងអប់រំកែប្រែខ្លួនជាថ្មី។ ប៉ុន្តែក្រោយទទួលការអប់រំពីមណ្ឌលបាន៥ខែរួចមក កូនប្រុសបានចេញមកវិញ មិនដល់១ខែផង ក៏ទៅសេពគប់មិត្តភក្តិចាស់ រហូតជ្រុលខ្លួនដើរ ចូលគន្លងផ្លូវចាស់ ដើរតែជក់ថ្នាំញៀនជារៀងរាល់ថ្ងៃ។


ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ដោយឃើញកូនប្រុសវក់នឹងថ្នាំញៀនសាជាថ្មី ទើបគាត់សម្រេចប្តឹងសមត្ថកិច្ច ប៉ុស្តិ៍បឹងទំពុនទី១ ដើម្បីជួយឃាត់ខ្លួនកូនប្រុសនេះបញ្ចូនទៅអប់រំកែប្រែ និងផ្តាច់សារធាតុញៀនម្តងទៀត តែជនសង្ស័យជាកូនប្រុសបានព្យាយាមរត់គេចពីសមត្ថកិច្ច មិនព្រមឱ្យចាប់ខ្លួនគេបានដោយងាយស្រួលឡើយ។ មិនតែប៉ុណ្ណោះ កូនប្រុសនេះ ក៏បានកើតចិត្តខឹងសម្បានឹងគាត់ជាម្តាយ ដែលប្តឹងប៉ូលិសឱ្យចាប់រូបគេ ទើបចងគំនុំតាមរកមុខគាត់ ដើម្បីជម្រះបញ្ជីតែម្តង។

ស្ត្រីជាម្តាយបញ្ជាក់ថា លុះមកដល់ព្រឹកថ្ងៃកើតហេតុ ដោយដឹងថា គាត់ជាម្តាយកំពុងនៅផ្ទះមីងបង្កើត (ចំណុចកើតហេតុ) កូនប្រុសកំណាចរូបនោះ ក៏បានកាន់ដាវសាំម៉ូរ៉ៃតាមខ្លួនមកភ្ជង់ករបស់គាត់ គំរាមអារកគាត់សម្លាប់ចោល បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនាំគ្នាចោមរោម មើល និងរាយការណ៍សមត្ថកិច្ចមូលដ្ឋានឱ្យចុះអន្តរាគមន៍ភ្លាមៗ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចចម្រុះ ដែលមានទាំងសមត្ថកិច្ច និងអាវុធហត្ថ បានចុះអន្តរាគមន៍ភ្លាមៗ ធ្វើឱ្យជនសង្ស័យជាកូន កាន់តែខឹងសម្បា និងបានយក ដាវសាំម៉ូរ៉ៃដាក់ភ្ជង់កស្ត្រីជាម្តាយ និងបានស្រែកគំរាមថា បើនរណាហ៊ានចូលក្បែរ រូបគេនឹង អារកសម្លាប់ម្តាយចោលភ្លាម។ ដោយស្ថានភាពមិនអំណោយផល ហេតុនេះកម្លាំងនគរបាល រួមជាមួយកម្លាំងកងរាជអាវុធហត្ថ ពុំហ៊ានចូលក្បែរ ជនសង្ស័យឡើយ ព្រោះខ្លាចរូបគេគិតធ្វើអ្វីផ្តេសផ្តាសលើស្ត្រីជាម្តាយ ដោយបានត្រឹមតែនិយាយលួងលោមប៉ុណ្ណោះ ប៉ុន្តែជនសង្ស័យមិនស្តាប់សោះឡើយ ។

បន្ទាប់ពីលួងលោមជនសង្ស័យមួយសន្ទុះរួចមក នគរបាលក្លាហានម្នាក់ បានស្ទុះហក់ទៅចាប់ដាវចេញពីជនសង្ស័យ ជាហេតុធ្វើឱ្យជន សង្ស័យជ្រុះដាវចេញពីដៃ ក៏ត្រូវកម្លាំងទាំង២អង្គភាពខាងលើ លោតស្រវាចូលទៅកន្ត្រប់ឃាត់ខ្លួនបានតែម្តង។ ប៉ុន្តែក្នុងនោះ មន្ត្រីនគរបាល២នាក់ ត្រូវរងរបួសដៃផងដែរ ដោយម្នាក់ជាអ្នកហក់ទៅចាប់ និងម្នាក់ទៀតជាអ្នកយកដាវចេញពីជនសង្ស័យ៕

RELATED ARTICLES