ខេត្តបាត់ដំបង ៖ គូស្នេហ៍វ័យក្មេងមួយគូ បានជិះម៉ូតូដឹកគ្នាទៅអង្គុយសាសងបង្កាត់ភ្លើងស្នេហ៍ នៅកណ្តាលវាលស្រែស្ងាត់ទាំងយប់អធ្រាត្រ ស្រាប់តែត្រូវជនសង្ស័យទាញដំបងសំពងភាគីយុវជនជាប្រុសស្នេហ៍ បណ្តាលឱ្យសន្លប់ស្តូក ចំណែកខាងស្រីសំណាងល្អរត់គេចទាន់ ទើបជនសង្ស័យបានប្លន់យកម៉ូតូ ទូរស័ព្ទ កុំព្យូទ័រ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីគូស្នេហ៍កំពុងសាងសងគ្នា ត្រូវចោរវាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបឹងស្នោ ស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។
យុវជនជាប្រុសស្នេហ៍ ដែលត្រូវជនសង្ស័យសំពងនឹងដំបង បណ្តាលឱ្យសន្លប់ មានឈ្មោះថៃ ធៀង អាយុ២២ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ។ ជនរងគ្រោះរូបនេះ ត្រូវជនដៃដល់ប្រើដំបងវាយចំក្បាលបែកចំហៀងខាងស្តាំ និងរលាត់ស្មាខាងឆ្វេងបណ្តាលឱ្យសន្លប់។ ចំណែកនារីជាគូស្នេហ៍ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មិនមានរបួសអ្វីទាំងអស់ ដោយសាររត់គេចខ្លួនទាន់ពេលវេលា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍វ័យក្មេងខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1S-0318 ដឹកគ្នាទៅឈប់នៅចំណុចកើតហេតុខាងលើ ដើម្បីសាសងស្នេហ៍ជាមួយគ្នា។
លុះមួយសន្ទុះក្រោយមក ខណៈដែលគូស្នេហ៍កំពុងល្អូកល្អិននឹងគ្នា ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានកាន់ដំបងចូលទៅ វាយសំពងភាគីខាងប្រុស បណ្តាលឱ្យបែកក្បាល និងរងរបួសស្មា សន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។ ចំណែកភាគីខាងស្រី សំណាងល្អ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុទាន់ពេល និងបានព្យាយាមរត់កាត់វាលស្រែ ព្រមទាំងស្រែកហៅគេឱ្យជួយផងដែរ។
ក្រោយធ្វើសកម្មភាពវាយជនរងគ្រោះឱ្យសន្លប់រួចហើយ ជនសង្ស័យក៏បានប្លន់យកម៉ូតូហុងដាឌ្រីម១គ្រឿង កុំព្យូទ័រយួរដៃ (ឡេបថប) ១គ្រឿង ទូរស័ព្ទដៃម៉ាក iPhone ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ហើយក៏បានគេចខ្លួនបាត់ដោយសុវត្ថិភាព៕