Wednesday, March 19, 2025
Homeសង្គម និងជីវិតភ្លើងប្រចណ្ឌ! បើករថយន្តបំបុកសម្លាប់ទាំងគូ ព្រោះតែស្រីបែកចិត្ត

ភ្លើងប្រចណ្ឌ! បើករថយន្តបំបុកសម្លាប់ទាំងគូ ព្រោះតែស្រីបែកចិត្ត

ខេត្តប៉ៃលិន ៖ យុវជនចិត្តឃោរឃៅម្នាក់ ព្រោះតែមួម៉ៅក្តៅចិត្ត រឿងនារីដែលខ្លួនស្រលាញ់ ងាករេទៅស្រលាញ់ប្រុសថ្មីដែលជាមន្ត្រីនគរបាល និងថែមទាំងជិះម៉ូតូដឹកគ្នាយ៉ាងផ្អែមល្ហែម ក៏ផ្ទុះភ្លើងប្រចណ្ឌ បើករថយន្តដឹកទឹកកកដេញបំបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម។

 

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំក្រវ៉ាត់ព្រំដែន (ផ្លូវអូរឈើក្រំ) ស្ថិតក្នុងភូមិឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ដំបូងឡើយ ករណីខាងលើនេះ ត្រូវបានគេយល់ថា គ្រាន់តែជាករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ ប៉ុន្តែឆ្លងកាត់ការស្រាវជ្រាវយ៉ាងល្អិតល្អន់របស់សមត្ថកិច្ចជំនាញ និងយោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយរបស់ជនរងគ្រោះផងនោះ ទើបដឹងថា តាមពិតនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ តែជាករណីឃាតកម្មដោយគិតទុកជាមុន ដោយសារតែផ្តើមចេញពីភ្លើងប្រចណ្ឌ។

ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណាន់ វីន អាយុ១៨ឆ្នាំ មុខរបរកម្មករបើកឡានឱ្យរោងចក្រទឹកកក បី អេស ស្នាក់នៅភូមិអូរតាប្រាង្គ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះជួន ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨២១ (ស្លាប់នៅនឹងកន្លែង) និងទី២-ឈ្មោះសាន វាសនា ភេទស្រី អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ស្លាប់នៅនឹងកន្លែង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុសស្រីទាំង២នាក់ បានជិះម៉ូតូធំ១គ្រឿង ម៉ាក Duke ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-4199 ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន អូឈើក្រំ លុះមកដល់ចំណុច កើតហេតុខាងលើ ក៏មានរថយន្តដឹកទឹកកកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-3096 បើកមកបុកម៉ូតូជនរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះប្រុសស្រីទាំង២នាក់ ស្លាប់នៅនឹងកន្លែង ចំណែករថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ១ខ្នងថែមទៀត។

ដោយឡែក តាមប្រភពពីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងមួយពីឈ្មោះមាស ម៉ូរ៉ា ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ អូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវជាម្តាយជនរងគ្រោះ បានប្តឹងពីឈ្មោះណាន់ វីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករបើកឡានឱ្យរោងចក្រទឹកកក បី អេស រស់នៅភូមិអូរតាប្រាង្គ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ថាកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះណាន់ វីន បានបើកឡានដឹកទឹកកក ដេញបុកជនរងគ្រោះកំពុងជិះម៉ូតូមានគ្នា២នាក់ នៅចំណុចផ្លូវលំក្រវ៉ាត់ព្រំដែន (ផ្លូវអូរឈើក្រំ) លុះដល់ចំណុចកើតហេតុជនសង្ស័យបានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋថែម១ខ្នងទៀត៕

RELATED ARTICLES