Tuesday, March 18, 2025
Homeសង្គម និងជីវិតក្មួយស្រវឹងពឹងមីងឲ្យកោសខ្យល់ បែរជាចាប់ស្រាតខោប្រុងរំលោភ

ក្មួយស្រវឹងពឹងមីងឲ្យកោសខ្យល់ បែរជាចាប់ស្រាតខោប្រុងរំលោភ

ខេត្តពោធិ៍សាត់ ៖ បុរសល្មោភកាមម្នាក់ ក្រោយពីផឹកប៉ះចំក្តៅសាច់ នឹកចង់រួមភេទ ក៏ប្រើល្បិចធ្វើជាពឹងឱ្យម្តាយមីងបង្កើតជួយកោសខ្យល់ឱ្យ លុះមីងកំពុងរៀបចំកោសខ្យល់ ស្រាប់តែក្មួយប្រុសល្មោភកាមចាប់ស្រាតខោប្រុងរំលោភ ធ្វើឱ្យស្ត្រីជាម្តាយមីងភ័យ ស្រែកឆោឡោ ទើបជនសង្ស័យខឹង ក៏ដាល់ម្តាយមីងជាច្រើនដៃ រហូតដល់សន្លប់ រួចក៏រត់គេចខ្លួន៣ថ្ងៃ ទើបត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន។

ករណីក្មួយប្រុសល្មោភកាមប៉ងរំលោភម្តាយមីងបង្កើតខ្លួនឯងនេះ បានកើតឡើងតាំងពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨មកម៉្លេះ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន។ លុះក្រោយពេលធ្វើសកម្មភាពរំលោភម្តាយមីងមិនបានសម្រេច ជនសង្ស័យក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេល៣ថ្ងៃ ទើបត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

ជនសង្ស័យដែលប៉ងរំលោភម្តាយមីងបង្កើតរូបនេះ មានឈ្មោះពេញ ប៉ាន ហៅបូ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ សុំមិនបញ្ចោញឈ្មោះ មានប្តីជាកម្មករសំណង់ ធ្វើការជាមួយជនសង្ស័យ និងមានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់និងជនសង្ស័យ ដែលត្រូវជាក្មួយសាច់ថ្លៃ បានធ្វើការសំណង់ជាមួយគ្នា នៅវត្តផ្លូវមាន់។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពេលឈប់សំរាកពីការងារដើម្បីហូបបាយ គាត់រួមនឹងជនសង្ស័យ ព្រមទាំងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាទិញស្រាមកផឹកជុំគ្នាអស់ចំនួន៤ដប។ បន្ទាប់ពីស្រវឹងធ្លាក់ភ្នែក គាត់ក៏បានហៅជនសង្ស័យឈ្មោះពេញ ប៉ាន ហៅបូ ត្រូវជាក្មួយប្រសារ ឌុបជូនត្រឡប់ទៅផ្ទះវិញ លុះទៅដល់ផ្ទះ ដោយស្រវឹងខ្លាំងពេក គាត់ក៏បានប្រះខ្លួនដេកលង់លក់នៅលើគ្រែខាងមុខផ្ទះបាត់ទៅ។ ស្រាប់តែពេលភ្ញាក់ដឹងខ្លួនឡើង ក៏លាន់ឮសំឡេងប្រពន្ធស្រែកហៅឱ្យគាត់ជាប្តីជួយ ទើបគាត់បានស្ទុះរត់ទៅទ្វារខាងក្រោយ ឃើញជនសង្ស័យបានហក់ចេញរត់បាត់ ចំណែកប្រពន្ធដេកដួលសន្លប់បាត់ទៅហើយ ទើបគាត់ស្រែកហៅអ្នកជិតខាងឱ្យ មកជួយ ដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ដោយឡែកស្ត្រីរងគ្រោះ ក្រោយពេលដឹងខ្លួនពីសន្លប់មកវិញ ក៏បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញជនសង្ស័យជាក្មួយប្រុសបង្កើត បានជិះម៉ូតូដឹកប្តីរបស់គាត់ត្រឡប់មកផ្ទះវិញ ទាំងអាការៈស្រវឹងធ្លាក់ភ្នែកទាំង២នាក់។ លុះមកដល់ ប្តីគាត់ក៏ប្រះខ្លួនដេកលើគ្រែ មុខផ្ទះស្តូកស្តឹងទៅ ចំណែកជនសង្ស័យបានឡើងមកលើផ្ទះ រួចហៅគាត់ឱ្យជួយកោសខ្យល់ឱ្យ ដោយគេបាននិយាយថា មិនសូវស្រួលខ្លួនសោះ។ បន្ទាប់មក គាត់ក៏បានទៅយកសេន និងប្រេងកូឡា មករៀបចំកោសខ្យល់ឱ្យក្មួយប្រុស ដោយមិននឹកស្មានថា ក្មួយប្រុសនេះមានគំនិតអាក្រក់មកលើគាត់ ដោយប៉ុនប៉ងចាប់គាត់រំលោភបែបនេះសោះ។

ស្ត្រីរងគ្រោះបានបន្តថា នៅពេលដែលគាត់កំពុងកោសខ្យល់ឱ្យនោះ ស្រាប់តែជនសង្ស័យជាក្មួយប្រុស បានចាប់ដៃរបស់គាត់ជាប់ទាំងសង់ខាង រួចក៏ឡើងសង្កត់ពីលើគាត់ ហើយចាប់សម្រាតខោគាត់ចេញប៉ងរំលោភទាំងកំរោល ទើបគាត់បានស្រែកហៅឱ្យប្តីជួយ ស្រាប់តែក្មួយ ប្រុសកំណាចរូបនេះ បានដាល់គាត់យកៗចំផ្ទៃមុខផង ចំដើមទ្រូងផង រហូតដល់គាត់ស្រែកលែងរួច សន្លប់បាត់ស្មារតីតែម្តងទៅ។ បន្ទាប់មក ក៏កើតមានការផ្អើលឆោឡោដល់ប្តីរបស់គាត់ រត់មកជួយ ទើបជនសង្ស័យភ័យខ្លួនបានស្ទុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវប្តីនាំទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ក្រោយពីជននេះ បានព្យាយាមរត់គេចខ្លួនអស់រយៈពេល៣ថ្ងៃ៕

RELATED ARTICLES