ខេត្តកណ្តាល ៖ យុវជនម្នាក់ បានកើតមានជំងឺតេតាណូស (ឆ្កួតជ្រូក) ប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងធ្លាប់កើតអាការៈប្រកាច់ធ្លាក់ចូលទឹកចំនួន៣ដងរួចមកហើយ ប៉ុន្តែត្រូវគេប្រទះឃើញជួយស្រង់ទាន់ ស្រាប់តែចុងក្រោយ ជនរងគ្រោះចុះងូតទឹកតែម្នាក់ឯង លុះជំងឺធ្វើទុក្ខគ្មានអ្នកដឹង និងជួយទាន់ ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចកំពង់គោ ស្ថិតក្នុងភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។
យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះកល់ សម្បត្តិ អាយុ២២ឆ្នាំ មុខរបរកសិករ មានឪពុកឈ្មោះក្រេង កល់ អាយុ៦២ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះសាន ស្រី អាយុ៥២ឆ្នាំ មុខរបរអ្នកអនាម័យ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានជំងឺតេតាណូស (ឆ្កួតជ្រូក) ប្រចាំកាយជាយូរមកហើយ ហើយកន្លងមក ជនរងគ្រោះធ្លាប់លង់ទឹកចំនួន៣ដងដែរ តែបានគេជួយសង្គ្រោះទាន់ពេលវេលារហូត។ លុះមកដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៤រសៀល ជនរងគ្រោះក៏បានដើរចេញពីផ្ទះបាត់ ដោយមិនដឹងថាចេញទៅណាទេ។ រហូតដល់វេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃដដែល ឈ្មោះ ហាស់ កន បានចុះទៅងូតទឹកទន្លេតែម្នាក់ឯង នៅចំណុចកំពង់គោ លុះពេលចុះក្នុងទឹកទន្លេជម្រៅប្រហែលជិត២ម៉ែត្រ ស្រាប់តែជើងរបស់ខ្លួន បាន ប៉ះជាមួយជើងមនុស្ស ទើបគិតថាមានមនុស្សលង់ទឹក ក៏ជ្រមុជទឹកទៅចាប់ទាញជើងមនុស្សនោះស្រង់ឡើងទើបស្គាល់ថាជាឈ្មោះកល់ សម្បត្តិ រស់នៅភូមិជាមួយគ្នា ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ ឈ្មោះហាស់ កន បានលើកសាកសពមកលើគោក និងរត់ទៅប្រាប់ឪពុករបស់ជនរងគ្រោះ មកមើល និងបានយកសាកសពទៅផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិលដើម្បីចុះពិនិត្យិតែម្តង។
ក្រោយមក សមត្ថកិច្ចនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ឃើញថា សាកសពមានសភាពពោះប៉ោង ហូរទឹកចេញតាមច្រមុះ និងតាមមាត់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ហេតុនេះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន៕