Sunday, December 22, 2024
Homeបរិយាយបញ្ញើ ទុក​ស្មើ​បំណុល

បញ្ញើ ទុក​ស្មើ​បំណុល

សម្តេចព្រះសង្ឃរាជជួន ណាត អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញ បានទុកព្រះបណ្តាំជាសុភាសិត១ឃ្លាថា “បញ្ញើ ទុកស្នើបំណុល” ពិតជាមានខ្លឹមសារអប់រំជ្រាលជ្រៅណាស់ សម្រាប់មនុស្សគ្រប់ជាតិសាសន៍ ជាពិសេសអ្នកនយោបាយយក ទៅអនុវត្ត។ ករណីពលករ-ពលការិនីខ្មែរ ធ្វើចំណាកស្រុកទៅស៊ីឈ្នួលជួលព័ទ្ធនៅប្រទេសថៃ ក៏ដូចជនអន្តោប្រវេសន៍វៀតណាម ឆ្លងដែនមករកស៊ីនៅកម្ពុជា ប្រៀបបាននឹង “បញ្ញើ” ហើយកាលបើ “មានគេផ្ញើ” ទុកដូច “ជំពាក់បំណុល” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “បញ្ញើ” មានន័យថា អ្វីដែលគេផ្ញើ អ្វីដែលភាគីម្ខាងយល់ព្រមទទួលទុកដាក់ឱ្យគេ។ ធម្មតាបញ្ញើ បើកាល- ណាទុកមិនគង់ ឬធ្វើឱ្យបាត់បង់ដោយប្រការណាមួយ អ្នកទទួលផ្ញើរបស់គេនោះត្រូវសងគេ បើសិនជាមានការទាមទារ ឬ ប្តឹងផ្តល់។ ដោយឡែក “បំណុល” មានន័យថា ទ្រព្យដែលជំពាក់ ព្រោះបុលគេ ព្រោះខ្ចីគេ។ ដូច្នេះ “បញ្ញើ នឹងក្លាយជាបំណុល” មិនខានឡើយ បើសិនជាមានការបាត់បង់ ប៉ុន្តែ បើអ្នកផ្ញើមានការយោគយល់មិនទាមទារនោះ ក៏គ្មានបញ្ហាអ្វីដែរ។

នៅក្នុងរឿង “មហាវេស្សន្តរជាតក” បានតំណាលពីតាជូជកព្រាហ្មណ៍ យកមាស១០០តម្លឹង ដែលបានមកពីការសុំទានគេ ទៅផ្ញើត្រកូលព្រាហ្មណ៍ជាក្លើ។ តាំងពីទទួលបញ្ញើនោះមក គ្រួសារព្រាហ្មណ៍ក៏ធ្លាក់ខ្លួនក្រីក្រ រហូតយកមាសបញ្ញើនោះ ស៊ីចាយអស់ទៅ ដោយស្មានថា តាជូជក ស្លាប់ បានជាបាត់យូរឆ្នាំមិនឃើញមកយកមាសទៅវិញ។ គ្រាន់តែស៊ីចាយបញ្ញើ នោះអស់ក៏លេចតាជូជក មកដល់ប្លឺម ដោយគំរាមបំភ័យទារមាស ទោះបីជាគ្រួសារនោះអង្វរយ៉ាងណាក៏តាជូជកមិនព្រម ដូចឃ្លាដកស្រង់ជាពាក្យកម្រងកែវថា “ឯតាជូជកព្រាហ្មណ៍ ក្រេវក្រោធ ចងចិញ្ចើមជិត ដៃចាប់ឈើច្រត់និងថង់យាមស្រដី គំរាម គង្គួនគាត់ធ្វើជាមួនទួនមាំទាំ ខាំមាត់ក្រអើតស្លើតទាំងត្របកភ្នែក ដូចគេហែកឡើងទៅលើ គាត់ធ្វើមែនទែនមាំទាំ ទៀងទាត់ គាត់លាត់ទាំងសំពត់ បង្ហាញដុំដៃទៅព្រាហ្មណ៍ គំរាមថា នែ! បើ ពុំបានឱ្យអញៗពុំលែងឡើយ បើអញចូល ទៅហើយ អញនឹងប្តឹងចៅក្រម ឱ្យមកចាប់យកទៅជំនុំពិចារណាពិភាក្សា ចៅក្រមសាលា អញស្គាល់អស់ហើយ ឱ! ព្រាហ្មណ៍ អើយ ពុំដែលស្គាល់គុកគាងឃ្នាងខ្នោះច្រួលច្រវាក់ តើអ្នកនឹងទប់ម្តេចបាន ភ្នាក់ងារ ទាហាន ក៏នឹងវាយបែកជាឈាម ជូជក ស្រដីគំរាមឱ្យតែព្រាហ្មណ៍ខ្លាច តែដោយនូវវាចា ឧបមាបីដូចគូររូបខ្លាឱ្យគោខ្លាច…”។ ទីបំផុត ដោយរកមាសសងមិនបានគ្រួសារ កម្សត់នោះក៏លើកនាងអមិត្តធីតា ជាកូនក្រមុំ ឱ្យតាជូជក ធ្វើប្រពន្ធ មិនខុសពីការសងបំណុល។

យ៉ាងណាមិញ ករណីពលករ-ពលការិនីខ្មែររាប់ម៉ឺននាក់ ឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់សម្របសម្រួលឱ្យចូលដោយស្របច្បាប់ មានការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជាដើម។ ជាងនេះទៀត រដ្ឋាភិបាលបានទាំងផ្តាំផ្ញើដល់រាជរដ្ឋាភិបាលថៃ ឱ្យគោរពសិទ្ធិការងារ ចៀសវាងរឿងថៅកែធ្វើទុក្ខបុកម្នេញ ដល់ពលករខ្មែរ។ ប៉ុន្តែ សម្រាប់ពលករឆ្លងដែនខុសច្បាប់តាមច្រករបៀងនានា ហើយត្រូវទាហានថៃ បាញ់សម្លាញ់ ឬចាប់ ដាក់គុកច្រវាក់នោះ បានចោទជាបញ្ហាមិនចេះចប់។ ទោះយ៉ាងណា យើងចង់និយាយតែពីពលករស្របច្បាប់ប៉ុណ្ណោះ ដែល រដ្ឋាភិបាលកម្ពុជា បានផ្តាំផ្ញើផ្ទុកផ្តាក់ឱ្យភាគីថៃ យកចិត្តទុកដាក់ពីសន្តិសុខ សុវត្ថិភាពពួកគេ បើសិនជាជួបផលវិបាកដោយ ប្រការណាមួយនោះ ភាគីថៃ ត្រូវទទួលខុសត្រូវ ឬថាត្រូវតែសងថ្លៃអាយុជីវិតពលករស្របច្បាប់ ក្នុងករណីបាក់ពិតានសំណង់ ផ្ទះថ្មសង្កត់ស្លាប់ ឬជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញការងារឱ្យថៅកែជាដើម។ មានន័យថា “បញ្ញើ ទុកស្មើបំណុល” នេះ ឯង ដោយហេតុថា ប្រទេសថៃ ខ្វះកម្មករ ពលករបេះផ្លែឈើ ឬធ្វើសំណង់ បើយល់ព្រមទទួលបញ្ញើពលកម្ម ចាំបាច់ត្រូវ តែត្រៀមបំណុលទុកឱ្យហើយ។

ដោយឡែក ករណីជនជាតិវៀតណាម ដែលឆ្លងដែនដោយស្របច្បាប់ មករកស៊ីនៅកម្ពុជា ដែលខ្លះបានតាំងលំនៅ អចិន្ត្រៃយ៍ កើតបានជាកូនពូនជាចៅនោះ មន្ត្រីវៀតណាម ពេលមកជួបជនជាតិគេ តែងផ្តាំផ្ញើមន្ត្រីកម្ពុជា ឱ្យមើលសុខទុក្ខ ជនជាតិគេផង។ ភាគីកម្ពុជា ដោយយោគយល់ដល់មិត្តភាព ក៏ចេះតែយល់ព្រមឱ្យតាំងលំនៅបើកហាងស៊ីផឹក អ៊ុតសក់ ម៉ាស្សា បង្កើតសហគមន៍នេសាទ ជាដើម ធ្វើឱ្យចំនួនជនជាតិវៀតណាម កើនច្រើនទៅៗ។ លុះឃើញបងប្អូនគេមកតាំងលំនៅស៊ប់ លើទឹកខ្មែរ ក៏មានជនជាតិវៀតណាមផ្សេងទៀត លួចឆ្លងដែនដោយខុសច្បាប់ មករកស៊ីដែរ ធ្វើឱ្យប៉ូលិសអន្តោប្រវេសន៍ កម្ពុជា ឈឺក្បាលវិលមុខ ព្រោះតែចាប់មិនឈ្នះ។ ឧបមាថា មានអំពើហិង្សាណាមួយកើតឡើងទៅលើជនជាតិវៀតណាម ខុសច្បាប់ ដូចករណីប៉ូលិសបង្ក្រាបជនជាតិវៀតណាម លួចចូលមកចាប់ត្រីខុសច្បាប់ នៅតាមបន្ទាត់ព្រំដែនទឹកនោះ ច្បាស់ ជាមានការតវ៉ាពីភាគីវៀតណាម មិនខាន។ ទោះបីជាយើងបង្ក្រាបបទល្មើស ក៏វៀតណាម អាចមានលេសចោទប្រកាន់ភាគី កម្ពុជា ថា មិនគោរពលក្ខខណ្ឌមិត្តភាព និងសហប្រតិបត្តិការទ្វេភាគី ឬថា “គេផ្តាំផ្ញើរួចហើយ កុំឱ្យប៉ះពាល់ជនជាតិគេ” ដែលជាបញ្ហាពាក់ព័ន្ធដល់ “បញ្ញើទុកស្មើបំណុល” នេះឯង។

ថ្មីៗនេះ ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតតវ៉ាឱ្យវៀតណាម បញ្ឈប់ជាបន្ទាន់បញ្ហារំលោភបំពានព្រំដែនកម្ពុជា ដូចជាការជីកស្រះ សង់ប៉ុស្តិ៍ និងធ្វើផ្លូវ ជាដើម។ ទន្ទឹមនោះ ប៉ូលិសអន្តោប្រវេសន៍ បានចាប់បញ្ជូនជនជាតិវៀតណាមឆ្លង ដែនខុសច្បាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែ ចាប់១០ ចូល២០ ដែលសព្វថ្ងៃបានក្លាយជាបញ្ហាដដែលៗ។ ទោះជាជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ក្តី បើសិនជាមានអំពើហិង្សាកើតឡើងដល់ពួកគេ ដូចជំនាន់លន់ នល់ ដែលចាប់ជនជាតិយួន ដាក់កប៉ាល់ បញ្ជូនទៅស្រុកវិញតាមវិធីក្តៅ ឬដូចរបបប៉ុល ពត ដែលប្រើកម្លាំងមហាជនឱ្យចូលរួមដេញជនជាតិវៀតណាម ដោយប្រើធ្នូ ស្នា ចម្រូង ត្រដោក នោះ “បញ្ញើ នឹងក្លាយជាបំណុល” មិនខាន។ សព្វថ្ងៃ បក្សប្រឆាំង មិនចូលចិត្តជនជាតិវៀតណាម ទេ ដោយខ្លាចពួកគេទទួលបានសិទ្ធិបោះឆ្នោតឱ្យបក្សកាន់អំណាច ដូច្នេះ បក្សប្រឆាំង អាចនឹងមានយុទ្ធសាស្ត្រ មិនឱ្យវៀតណាម បោះឆ្នោតបាន។ បើត្រឹមតែចាប់បញ្ជូនតាមច្បាប់អន្តោប្រវេសន៍នោះ អត់បញ្ហាទេ ប៉ុន្តែ ពេលបញ្ជូន១០នាក់ លួចចូលមក វិញ២០នាក់ អាចធ្វើឱ្យកម្តៅនៃការចាប់បញ្ជូនកើនឡើង ឬថា បើប៉ូលិសក្រពុលមុខ ខ្វះភាពអត់ធ្មត់ កើតជាអំពើហិង្សា នោះ ផលវិបាកត្រូវធ្លាក់ទៅលើរាជរដ្ឋាភិបាល ដែលទទួលបញ្ញើគេ។

ចំណុចនេះ យើងគួរពិចារណាដែរថា ទោះបីរដ្ឋាភិបាល ទទួលស្គាល់ជនជាតិវៀតណាមស្របច្បាប់ ដែលខ្លះកាន់អត្ត- សញ្ញាណប័ណ្ណខ្មែរ ក៏ការចាប់បញ្ជូនគ្នាគេដោយវិធីក្តៅ អាចធ្វើឱ្យគេខឹងសម្បា។ ករណីនេះ សូម្បីភាគីកម្ពុជា ក៏ខឹងដែរ នៅ ពេលទាហានថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ញាត់ឡានទ្រុង មកទម្លាក់ចោលដូចសត្វធាតុនោះ។ យ៉ាងណាមិញ ការ អនុវត្តច្បាប់អន្តោប្រវេសន៍ទៅលើជនជាតិវៀតណាម ចៀសមិនផុតពីអរិភាព បើសិនជាចាប់យ៉ាងណាក៏មិនខុសពីចាប់ ចៃខាំក្បាលនោះ។ ដូច្នេះ រឿងទទួលការផ្តាំផ្ញើពីរដ្ឋាភិបាលវៀតណាម ឱ្យភាគីកម្ពុជា មើលសុខទុក្ខជនជាតិគេនោះ ទោះ ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី បើមានបញ្ហា អ្នកទទួលបញ្ញើត្រូវសងគេ ដូចរឿងតាជូជក នាងអមិត្តធីតា។

សរុបទៅ “បញ្ញើ ទុកស្មើបំណុល” វាមានន័យយ៉ាងនេះឯង។ បើបញ្ញើនោះទុកមិនគង់ ឬបែកបាក់ បាត់បង់ទ្រង់ទ្រាយ- ដើម អ្នកទទួលបញ្ញើត្រូវសងគេពេញថ្លៃ។ យ៉ាងណាមិញ រដ្ឋាភិបាលថៃ ត្រូវសងកម្ពុជា បើសិនជាមានពលករកម្ពុជា រងគ្រោះ នៅប្រទេសថៃ សូម្បីតែទាហានថៃ បាញ់ប្រហារពលករឆ្លងដែនខុសច្បាប់ ក៏រងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ឬ កាត់ទោសក្រៅប្រព័ន្ធតុលាការដែរ។ រីឯភាគីកម្ពុជា អាចនឹងសងវៀតណាម ព្រោះតែទទួលបញ្ញើគេ យោគយល់ដល់មិត្តភាព ក្នុងករណីមានអំពើហិង្សាកើតឡើង។ ការទទួលបញ្ញើ ដូចយកទុក្ខមកដាក់ខ្លួន ដែលគួរពិចារណាដែរ ព្រោះអ្នកផ្ញើនោះ មានទាំងបញ្ញើស្របច្បាប់និងមិនស្របច្បាប់ ដែលល្មមដល់ពេលកែលម្អ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES