ខេត្តកំពត ៖ គូស្នេហ៍វ័យក្មេងមួយគូ បានស្រលាញ់គ្នាយ៉ាងស៊ីជម្រៅ រហូតធ្លាប់ដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័កមេត្រីទៀតផង ហើយនៅអំឡុងពេលស្រលាញ់គ្នាចាក់ទឹកមិនលិចនោះ ខាងប្រុសធ្លាប់បានលួចថតរូបអាក្រាតរបស់ស្រីស្នេហ៍ រួមនឹងសកម្មភាពរួមភេទជាមួយគ្នារក្សា ទុកជាច្រើនសន្លឹក ដោយមិនឱ្យខាងស្រីដឹងឡើយ លុះចុងក្រោយស្នេហាប្រេះឆា ខាងស្រីសុំបែក ស្រាប់តែខាងប្រុសខឹងច្រឡោតក៏បង្ហោះរូប អាក្រាតរបស់ស្រីស្នេហ៍ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីបង្ខំឱ្យស្រីស្នេហ៍ត្រឡប់មកត្រូវរ៉ូវគ្នាវិញ ទីបំផុតខាងស្រីដាក់ពាក្យប្តឹង ក៏ត្រូវ សមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
យុវជនកំហូច ដែលបង្ហោះរូបអាក្រាតរបស់ស្រីស្នេហ៍ ព្រោះតែខឹងនាងសុំបែកនោះ ត្រូវបានសមត្ថកិច្ចកោះហៅទៅកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងត្រូវសមត្ថកិច្ចសម្រេចឃាត់ខ្លួនតែម្តង កាលពីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះរូបអាសអាភាស (រូបរួមភេទជាមួយសង្សារ) និងត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះភួង កូរ៉េ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ។ ចំណែកនារីរងគ្រោះ មានឈ្មោះក.ឡ អាយុ ២៣ឆ្នាំ មានលំនៅក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកឈូក។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ បានទាក់ទងស្នេហាជាមួយនារីរងគ្រោះមួយរយៈមកហើយ រហូតបានបង្កាត់ភ្លើងស្នេហ៍យ៉ាងស៊ីជម្រៅជាមួយគ្នាជាញឹកញាប់ ដោយបានដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័កមេត្រី ហើយឆ្លៀតពេលនោះជនសង្ស័យ ក៏បានលួចថតរូបអាក្រាតស្រីស្នេហ៍ និងសកម្មភាពរួមរ័កជាមួយគ្នា យកមករក្សាទុកជាច្រើនសន្លឹកទៀតផង ដោយដំបូងឡើយ គ្រាន់តែមានបំណងចង់រក្សាទុកដើម្បីមើលកម្សាន្តប៉ុណ្ណោះ លុះចុងក្រោយស្នេហាចាប់ផ្តើមប្រេះឆា ធ្វើឱ្យខាងប្រុសខឹងក៏ធ្វើឱ្យផ្ទុះរឿងឡើងតែម្តង។
ប្រភពដដែលបន្តថា រហូតមកដល់មួយរយៈចុងក្រោយនេះ មិនដឹងថាមានបញ្ហាអ្វី ក៏ស្រាប់តែភាគីខាងស្រីស្នេហ៍ចាប់ផ្តើមបែកចិត្ត ក៏សុំចែកផ្លូវជាមួយខាងប្រុស (ជនសង្ស័យ) ប៉ុន្តែដោយសារខាងប្រុសមិនទាន់ដាច់អាល័យ ក៏តាមអង្វរលួងលោមសុំត្រូវរ៉ូវគ្នាវិញដែរ តែខាងស្រី នៅតែប្រកាន់ចិត្ត ដាច់ខាតត្រូវតែបែកចែកផ្លូវគ្នា។ ព្រោះតែតាមលន់តួស្រីមិនព្រមទន់ចិត្ត ទើបធ្វើឱ្យខាងប្រុសផ្ទុះកំហឹង ក៏ប្រើធម៌ក្តៅវិញម្តង ដោយជនសង្ស័យបានយករូបថតអាក្រាតរបស់ស្រីស្នេហ៍ដែលខ្លួនធ្លាប់បានថតទុកជាយូរមកហើយនោះ ទៅបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីគំរាមឱ្យស្រីស្នេហ៍ត្រឡប់មកត្រូវរ៉ូវគ្នាវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មិត្តភក្តិ និងសាច់ញាតិ ក្រុមគ្រួសារខាងស្រីខ្មាសគេយ៉ាងខ្លាំង។
ប្រភពខាងលើបញ្ជាក់ថា ក្រោយពីបានឃើញរូបអាក្រាតរបស់ខ្លួនត្រូវអតីតប្រុសស្នេហ៍បង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏បានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យ័នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចព្រហ្មទណ្ឌ បានធ្វើការកោះហៅជន សង្ស័យឈ្មោះភួង កូរ៉េ មកធ្វើការសាកសួរនៅក្នុងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានបង្ហោះរូបភាពអាក្រាតរបស់អតីតស្រីស្នេហ៍ និងថែមទាំងសរសេរពាក្យមិនគប្បី នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គេប្រាកដមែន។ ចំណែកមូលហេតុ ដែលរូបគេធ្វើបែបនេះ គឺដោយសារតែរូបគេ មានចិត្តខឹងនឹងអតីតសង្សារ (នារីរងគ្រោះ) ដែលឈប់ស្រលាញ់ខ្លួន និងសុំបែកចែកផ្លូវ ហើយខ្លួនបានព្យាយាមលួងលោមសុំត្រូវរ៉ូវគ្នាវិញតាមសម្រួលដែរ តែនាងមិនព្រម នៅតែមានះចង់បែកគ្នា តើរូបគេខឹងពេក ទ្រាំមិនបាន ក៏បង្ហោះរូបអាក្រាតរបស់នាងពេញហ្វេសប៊ុកតែម្តង៕