ខេត្តកំពង់ចាម ៖ យុវជនឈាមរាវម្នាក់ បានសុំលុយម្តាយចំនួន២ម៉ឺនរៀល ដើម្បីយកទៅផឹកស៊ី និងទិញថ្នាំញៀនជក់ លុះម្តាយប្រាប់ថា គ្មានលុយទេ ក៏ស្រាប់តែកូនប្រុសមួម៉ៅក្តៅចិត្ត អុកឡុកពេញផ្ទះ បោកចានឆ្នាំបែកបាក់ខ្ទេចខ្ទីអស់ លុះមិនទាន់អស់កំហឹង ក៏ស្ទុះទៅទះម្តាយ១ កំផ្លៀងបណ្តាលឱ្យដួលផ្កាប់មុខទៀតផង។
ករណីកូនប្រុសខឹងសុំលុយម្តាយអត់បាន ផ្ទុះហិង្សាទះម្តាយ១កំផ្លៀងនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រាះ ស្ថិតក្នុងភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន។
កូនប្រុសអកតញ្ញូដែលហ៊ានលើកដៃទះកំផ្លៀងម្តាយបង្កើត ដោយគ្មានខ្លាចបុណ្យបាបនេះ មានឈ្មោះថៃ ឃុនស៊ី អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនទៀតផង។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះយ៉ាន ស៊្រីន អាយុ៥៧ឆ្នាំ មុខរបរ កសិករ (រងរបួសហើមថ្ពាល់ផ្នែកខាងស្តាំ)។ ទាំងពីរនាក់ម្តាយកូន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីអ្នកជិតខាង បានរៀបរាប់ប្រាប់ថា ជនបង្កហេតុខាងលើនេះ គឺជាមនុស្សដែលគ្មានការងារអ្វីធ្វើនោះទេ រាល់ថ្ងៃដើរតែផឹកស្រា ជក់ថ្នាំញៀន បង្កការអុកឡុកក្នុងផ្ទះ។ ជាក់ស្តែងនៅមុនពេលកើតហេតុកាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ជនបង្កហេតុនេះ មិនដឹងជាទើបត្រឡប់មកពីផឹកស្រា ឬជក់ថ្នាំញៀននៅឯណាទេ ក៏បានចូលមក សុំលុយពីម្តាយចំនួន២ម៉ឺនរៀល លុះម្តាយប្រាប់ថាអត់មានលុយឱ្យទេ ក៏ស្រាប់តែកូនប្រុសកំណាចនេះខឹងសម្បា វាយឆ្នាំងចានបែកខ្ទេចខ្ទីអស់ រួចក៏ស្ទុះទៅទះកំផ្លៀងម្តាយបង្កើតរបស់ខ្លួន បណ្តាលឱ្យដួលផ្កាប់មុខទៅនឹងដីទៀតផង។
ប្រភពដដែលបន្តថា បន្ទាប់ពីប្រទះឃើញសកម្មភាពព្រៃផ្សៃខាងលើនេះ ទើបអ្នកជិតខាងទ្រាំមិនបាន ក៏រា៏យការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីចាប់ខ្លួនជនដៃដល់នាំយកទៅចាត់ការតាមច្បាប់។
បន្ទាប់ពីចាប់ឃាត់ខ្លួនជនបង្កហេតុខាងលើបានហើយ សមត្ថកិច្ចជំនាញ បានធ្វើត្តេសទឹកនោមរបស់ជនសង្ស័យឃើញថា មានលទ្ធផលវិជ្ជមាន៕