Tuesday, January 21, 2025
Homeសង្គម និងជីវិតបាត់ខ្លួន៨ថ្ងៃ ក្លាយជាសពចងកស្អុយរលួយ

បាត់ខ្លួន៨ថ្ងៃ ក្លាយជាសពចងកស្អុយរលួយ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានដើរបាត់ពីផ្ទះជាច្រើនថ្ងៃ ដោយមិនមានដំណឹង ទោះជាក្រុមគ្រួសារនាំគ្នាដើរតាមរកយ៉ាងណាក៏មិនឃើញសោះ លុះ៨ថ្ងៃក្រោយមក ក៏ត្រូវបានអ្នកភូមិប្រទះឃើញសាកសពបុរសខាងលើចងកនៅក្នុងព្រៃ ទាំងសភាពស្អុយរលួយដង្កូវចោះទៅហើយ បង្កឱ្យមានការផ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដើមឈើ ម្តុំបឹងប្ញស្សី ស្ថិតក្នុងភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី។

សាកសពបុរសខាងលើ ត្រូវបានគេស្គាល់ថា មានឈ្មោះសៅ សុភា អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិឃុំខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់បានដើរឆ្លងកាត់កន្លែងកើតហេតុខាងលើ រួចក៏ប្រទះឃើញសាកសពបុរសម្នាក់មានស្ថានភាពស្អុយរលួយទៅហើយ ចងកនឹងដើមឈើមួយកន្លែងនៅក្នុងព្រៃ។ ក្រោយពីប្រទះឃើញសាកសព ស្អុយរលួយនេះ អ្នកភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យបានដឹងភ្លាមៗដែរ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះឈ្មោះសៅ សុភា បានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មកម៉្លេះ ដោយមិនដឹងថាទៅណាមកណាឡើយ ហើយទោះជាក្រុមគ្រួសារចែកផ្លូវគ្នាតាមរកយ៉ាងណា ក៏គ្មានដំណឹងសោះ។ រហូតមកដល់ ថ្ងៃទី២៤កក្កដា ទើបអ្នកភូមិប្រទះឃើញ តែបានក្លាយជាសាកសពស្អុយរលួយបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព ប៉ុន្តែមិនទាន់អាចធ្វើការសន្និដ្ឋានអំពីមូលហេតុពិតនៃការស្លាប់របស់បុរសខាងលើ បាននៅឡើយទេ។ ប៉ុន្តែតាមការសន្និដ្ឋានរបស់អ្នកភូមិ ជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយការស្លាប់នេះ ទំនងដោយសារបែកថ្នាំ ទើបរត់ទៅចងកសម្លាប់ខ្លួនបែបនេះទៅ៕

RELATED ARTICLES