Tuesday, January 21, 2025
Homeសង្គម និងជីវិតខឹងស្រីនិយាយរកប្រុសថ្មី វ៉ៃបាក់ក្តោងច្រមុះ

ខឹងស្រីនិយាយរកប្រុសថ្មី វ៉ៃបាក់ក្តោងច្រមុះ

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅទទួលប្រពន្ធចេញពីធ្វើការរោងចក្រ លុះប្រពន្ធរវល់ទិញម្ហូប ក៏ឈរជជែកគ្នាលេងសើចជាមួយប្អូនស្រី២នាក់ ស្រាប់តែត្រូវជនសង្ស័យ២នាក់ សង្ស័យផ្ទុះភ្លើងប្រចណ្ឌ ក៏ស្ទុះចូលមកព្រួតវ៉ៃជ្រមុជដី បណ្តាលឱ្យបាក់ក្តោងច្រមុះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខរោងចក្រដើមពោធិ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវគេព្រួតវ៉ៃបាក់ក្តោងច្រមុះ មានឈ្មោះសឿន សុខលី ហៅលន់ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធឈ្មោះស៊ីម ចាន់ថេ អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រជាមួយគ្នា មានស្រុកកំណើតនៅភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យត្រូវបានជនរងគ្រោះអះអាងថា អតីតជាអ្នកធ្វើការងាររោងចក្រជាមួយគ្នា ហើយបានឈប់អស់រយៈពេល២ឆ្នាំមកហើយ ស្គាល់តែមុខ មិនស្គាល់ឈ្មោះ ស្នាក់នៅម្តុំកន្លែងកើតហេតុ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកត្បិតថារវាងខ្លួន និងជនសង្ស័យ ធ្លាប់ធ្វើការរោងចក្រជាមួយគ្នាពិតមែន តែមិនដែលស្គាល់ឈ្មោះ ហើយក៏មិនដែលមានទំនាស់អ្វីជាមួយគ្នាពីមុនមកដែរ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ពេលដែលចេញពីការងារថែមម៉ោង ប្រពន្ធគាត់ដើរទៅរកទិញម្ហូបក្បែរនោះមុន ទើបគាត់បានឈរនិយាយជាមួយប្អូនស្រី និងមិត្តរួមការងារស្រីម្នាក់ទៀត លុះកំពុងនិយាយគ្នាលេងសើច ស្រាប់តែជនសង្ស័យគ្នា២នាក់ជិះម៉ូតូមកឈប់ក្បែរនោះ រួចចុះមកចោទប្រកាន់គាត់ថាសើចឌឺ ហើយក៏ស្ទុះវាយចាប់ជ្រមុជនឹងដី បណ្តាលឱ្យ របួស បាក់ក្តោងច្រមុះ និងប៉ោងថ្ងាសតែម្តង ចំណែកជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

ជនរងគ្រោះ បានបញ្ជាក់ថា គាត់សង្ស័យថា ក្នុងចំណោមប្អូនស្រី និងអ្នករួមការងារជាមួយគ្នា ដែលគាត់ឈរនិយាយគ្នាលេងនោះ អាចត្រូវបានជនសង្ស័យលួចស្រលាញ់ក៏មិនដឹង លុះពេលឃើញឈរនិយាយលេងជាមួយគាត់ ក៏ផ្ទុះភ្លើងប្រចណ្ឌ ស្ទុះមកវាយគាត់ទាំងកំរោលបែបនេះ ព្រោះថាកន្លងមក គាត់មិនដែលមានគំនុំអ្វីជាមួយជនសង្ស័យទេ ហើយក៏មិនបានសើចឌឺដាក់ជនសង្ស័យដែរ៕

RELATED ARTICLES