អតីតតារាសម្តែង នាងស្រីម៉ុច ហៅជីដូនកាកី ដែលបានលេងខ្លួនសិចស៊ី រហូតដើរបង្ហាញម៉ូដស្លៀកតែខោលីអូ នាំឱ្យផ្អើលភ្ញៀវពេញសណ្ឋាគារសូហ្វីតែល នៅក្នុងកម្មវិធីជប់លៀងមួយ របស់ហាងរក្សាសម្រស់ “ឌែរម៉ូគ្លីនិក” កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា នោះ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួន បានធ្វើការរិះគន់ទៅលើរូបនាងថា ហាក់បញ្ចោញកេរ្តិ៍ជ្រុលពេក គឺមិនស័ក្តិសមជានារីខ្មែរឡើយ។ ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា ស្រីម៉ុច បានឈប់ពីសិល្បៈជាច្រើនឆ្នាំមកហើយ ហេតុនេះហើយគួរកុំយកនាងទៅភ្ជាប់សិល្បៈថា នាំឱ្យប៉ះពាល់តារាផ្សេងទៀតអី ព្រោះការលេងខ្លួនរាត្រីនោះ ស្រីម៉ុច ធ្វើទៅតាមអ្នករៀបចំកម្មវិធីប៉ុណ្ណោះ ហើយនាងចង់បង្អួតឱ្យគេគ្រប់គ្នាថា សម្រស់ និងរាងកាយរបស់នាងនៅតែស្អាត បើទោះជាអាយុច្រើនបន្តិចក្តី តែហាងរក្សាសម្រស់មួយនោះ បានជួយដល់នាងច្រើន។
តារាចម្រៀងម៉ៃ សុគន្ធ រហស្សនាមកំពូលតារាទើស បានបង្ហោះរូបថតស្រីម៉ុច ដែលសិចស៊ីខ្លាំងនោះជាមួយសំណេរថា “ម៉ូដខោអូន ខោទឹកនោមណា បាត់អ្នកការពារវប្បធម៌ អាចារ្យតែថេះ និងអ្នកការពារសង្គមល្អ ឆាមីសួរទៅណាអស់ហើយ”។ ចំណែកប្តីអ្នកនាងចន ច័ន្ទ លោកហេង ឡុង បាននិយាយដៀមដាមដាក់ ស្រីម៉ុច ថា នឹងមានរង្វាន់ជូន។
ដោយឡែក លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រតិកម្មខ្លាំងដោយបានប្រាប់អ្នកកាសែតថា ចាំបោះឆ្នោតហើយ នឹងហៅស្រីម៉ុច ទៅព្រមានម្តង។
គួរបញ្ជាក់ថា ស្រីម៉ុច បានឈប់ពីអាជីពសិល្បៈ ទៅរស់នៅតាមស្វាមី នៅប្រទេសសិង្ហបុរី ហើយនាងក៏ជាតារាតំណាងឱ្យហាងរក្សាសម្រស់ឌែរម៉ូគ្លីនិក ផងដែរ។ តាមរយៈបទសម្ភាសន៍កាលពីឆ្នាំមុន ជាមួយទស្សនាវដ្តី “អង្គរធំ” ស្រីម៉ុច បានថ្លែងថា នាងចូលចិត្តភាពសិចស៊ី ហើយពេលនៅផ្ទះចង់តែស្រាតឱ្យអស់ដើរពេញក្នុងផ្ទះ ដោយមិនខ្វល់ពីការបិទបាំងខ្លួនទៀតផង ព្រោះនោះជាអារម្មណ៍របស់នាងដែលចូលចិត្តផ្ទាល់ខ្លួន៕