ខេត្តសៀមរាប ៖ បុរសជាថៅកែហាងខារ៉ាអូខេម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធំដុំដោះស្រាយមិនចេញ ក៏ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិតនៅក្នុងបន្ទប់ទឹក ក្នុងហាងខារ៉ាអូខេរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹក ក្នុងហាងខារ៉ាអូខេយីហោ ហ្សេនៀ មានទីតាំងនៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះ CHAI SUNG SOO កើតឆ្នាំ១៩៦៧ អាយុ៥១ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន លេខ M25969251 ទិដ្ឋាការស្នាក់នៅលេខ EI O1445696 ផុតកំណត់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ មានមុខរបរជាថៅកែ ខារ៉ាអូខេ ហ្សេនៀ ស្នាក់នៅផ្ទះជួលភូមិគ្រួស សង្កាត់ស្វាយដង្គំ មានប្រពន្ធខ្មែរមិនបានរៀបការឈ្មោះសេង ឌីណា អាយុ៣៨ឆ្នាំ និងមានកូនជាមួយគ្នាចំនួនពីរនាក់។
តាមប្រភពពីបុគ្គលិកហាងខារ៉ាអូខេ ហ្សេនៀ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលបុគ្គលិកហាងបានដើរចូលទៅក្នុងបន្ទប់ទឹក ក៏ស្រាប់តែប្រទះឃើញថៅកែ (ជនរងគ្រោះ) បានចងកសម្លាប់ខ្លួនក្នុងនោះ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រត់មកប្រាប់បុគ្គលិកផ្សេងទៀត និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានពិនិត្យតាមកាមេរ៉ាសុវត្ថិភាព រួមនឹងការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងក្នុងបន្ទប់ទឹកប្រាកដមែន៕