Wednesday, January 22, 2025
Homeសង្គម និងជីវិតពូលេងកាំភ្លើងច្នៃ រាលកៃចំក្បាលក្មួយអាយុ៤ខែ

ពូលេងកាំភ្លើងច្នៃ រាលកៃចំក្បាលក្មួយអាយុ៤ខែ

ខេត្តមណ្ឌលគិរី ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ បានយកកាំភ្លើងច្នៃរបស់ឪពុកមកកាន់លេង ស្រាប់តែអុកសល កាំភ្លើងច្នៃនោះ បានរាលកៃ បណ្តាលឱ្យត្រូវចំក្បាលក្មេងប្រុសអាយុ៤ខែម្នាក់ ដែលត្រូវជាក្មួយបង្កើតរបស់ក្មេងប្រុសបង្ករងរបួស កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា។

ក្មេងប្រុសបង្ក ដែលធ្វើឱ្យរាលកៃកាំភ្លើងច្នៃ ត្រូវចំក្បាលក្មួយប្រុសរបស់ខ្លួនដែលទើបនឹងមានអាយុ៤ខែនោះ មានចៀន ខ្វែក អាយុ៦ឆ្នាំ ជាជនជាតិព្នង រស់នៅក្នុងបន្ទុកឪពុកម្តាយ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងប្រុសរងគ្រោះ មានឈ្មោះកម បៀក អាយុ៤ខែ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្តាយរបស់ក្មេងប្រុសរងគ្រោះ រវល់ដាំបាយជ្រូកនៅក្រោយផ្ទះ ទើបបណ្តោយឱ្យកូនស្រី អាយុ១១ឆ្នាំ ពកូនប្រុសអាយុ៤ខែ (ក្មេងប្រុសរងគ្រោះ) ទៅដើរលេងនៅខាងមុខផ្ទះ។ ស្របពេលនោះ ក្មេងប្រុសបង្កឈ្មោះចៀន ខ្វែក បានយកកាំភ្លើងកែច្នៃ ប្រភេទបាញ់គ្រាប់កង់ (គ្រាប់ឃ្លីដែក) មកកាន់លេង ក្រោយមកមិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែកាំភ្លើងច្នៃនោះបានរាលកៃ បណ្តាលឱ្យផ្លាតគ្រាប់មកចំក្បាលក្មេងប្រុសរងគ្រោះ រងរបួសតែម្តង។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះអាយុ៤ខែ ត្រូវបានឪពុកម្តាយប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ចំណែកក្មេងប្រុស បង្កដោយសារតែស្ថិតនៅវ័យជាអនីតិជន មិនទាន់គ្រប់អាយុ ព្រមទាំងគ្មានពាក្យបណ្តឹង សមត្ថកិច្ចបានត្រឹមហៅអប់រំណែនាំ កុំឱ្យលេងឧបករណ៏ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់នៅថ្ងៃក្រោយ៕

RELATED ARTICLES