តារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេ លោកខាន់ ជែមស៍ នឹងចេញទៅច្រៀងសម្ដែងនៅសហរដ្ឋអាមេរិក រយៈពេល២ខែ ដែលនឹងចេញដំណើរនៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ហើយជាមួយតារាចម្រៀងស្រីម្នាក់ទៀត។ សម្រាប់សហរដ្ឋអាមេរិក ជាលើកទី២ របស់តារាចម្រៀងខាន់ ជែមស៍ ព្រោះកាលពីឆ្នាំ២០១១ ខាន់ ជែមស៍ ក៏ធ្លាប់ទៅម្ដងរួចមកហើយ ប៉ុន្ដែការចេញទៅលើកនេះ លោកជែមស៍ បានឲ្យដឹងថា ត្រូវចោល Concert ក្នុងស្រុកច្រើន បើទោះជារដូវនេះជាខែភ្លៀងក្ដី។
តារាចម្រៀងសាន់ដេ ថ្លែងថា ”ខ្ញុំនឹងចេញទៅអាមេរិក នៅថ្ងៃទី១៥ ខែសីហានេះ ហើយព្រោះខ្ញុំបានវីសាពីខាងស្ថានទូតហើយ។ តាមគម្រោង ខ្ញុំត្រូវចេញទៅជាមួយតារាចម្រៀងស្រីម្នាក់ទៀត តែពេលនេះ គាត់រៀបចំឯកសារសម្ភាសន៍លើកទី២ ព្រោះថាលើកទី១ មិនបានជោគជ័យ។ នេះជាលើកទី២សម្រាប់ខ្ញុំ ក្នុងការចេញទៅច្រៀងសម្ដែងនៅអាមេរិក ព្រោះកាលពីឆ្នាំ២០១១ ខ្ញុំធ្លាប់ចេញទៅបានម្ដងដែរ ហើយកាលនោះជោគជ័យខ្លាំងណាស់។ ការទៅច្រៀងលើកនេះ គឺចំថ្ងៃបុណ្យភ្ជុំបិណ្យហើយធ្វើនៅវត្តខន្តីយ៉ារ៉ាម នៅរដ្ឋហ្វ្លរីដា ដើម្បីយកថវិកាជួយដល់វត្តនេះផង និងជាការផ្សព្វផ្សាយពីពិធីបុណ្យភ្ជុំបិណ្យរបស់ខ្មែរយើងផងដែរ”។
ក្រៅពីសហរដ្ឋអាមេរិក តារាចម្រៀងខាន់ ជែមស៍ ធ្លាប់បានចេញទៅច្រៀងសម្ដែងនៅបរទេសជាច្រើនលើកមកហើយ ដូចជា ប្រទេសអូស្រ្ដាលី, កាណាដា, បារាំង, ជប៉ុន, កូរ៉េ, សាំងហ្គាពួរ និងថៃ ជាដើម តែការចេញទៅអាមេរិក២ខែលើកនេះ ធ្វើឲ្យលោកជេមស៍ បាត់បង់ការច្រៀង Concert មួយចំនួននៅក្នុងស្រុក បើទោះរដូវនេះ ជាខែភ្លៀងក្ដី។
អតីតតារាចម្រៀងផលិតកម្ម Rock បានឲ្យដឹងទៀតថា ”យើងចោលការច្រៀងក្នុងស្រុកច្រើនដែរ នៅពេលដែលខ្ញុំទៅច្រៀងនៅអាមេរិក ២ខែនេះ។ និយាយទៅ សម្រាប់ខ្ញុំទោះជាខែភ្លៀងមែន តែកម្មវិធីផ្សេងៗ គេហៅច្រៀងជាហូរហែអ៊ីចឹង។ តែខ្ញុំពេញចិត្តទៅច្រៀងនៅអាមេរិក ដើម្បីផ្សព្វផ្សាយពីពិធីបុណ្យភ្ជុំបុណ្យរបស់ខ្មែរយើង និងជួយដល់វត្តអារាមនៅទីនោះផងដែរ”។
ខាន់ ជែមស៍ ជាតារាចម្រៀងសំខាន់របស់សាន់ដេ ដូចគ្នានឹងឆាយ វីរៈយុទ្ធ ដែរ នៅពេលដែលខេមរៈ សិរីមន្ដ ចេញទៅហង្សមាស នេះ។
ខាន់ ជេមស៍ ដែលកំពុងល្បីបទ ”កន្លែងនេះ” បានឲ្យដឹងថា មិនមានគម្រោងផ្លាស់ប្ដូរផលិតកម្ម ឬជ្រួលជ្រើមទៅហង្សមាស ទេ គឺនៅបន្ដច្រៀងឲ្យសាន់ដេ ជាយូឆ្នាំតទៅទៀត៕