ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹងជោកជាំ ជិះម៉ូតូតែម្នាក់ឯងក្នុងល្បឿនយ៉ាងលឿនបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសល ជិះដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ។
បុរសរងគ្រោះ ដែលជិះម៉ូតូបុកគូទរថយន្តស្លាប់ មានឈ្មោះសាម៉ុន សាមាត អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិអង្គព្រះ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង។ ជនរងគ្រោះ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-8460។ ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ រីឯរថយន្តក៏មិនស្គាល់ម៉ាកនិងស្លាកលេខដែរ ព្រោះក្រោយពេលកើតហេតុ បានបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
តាមប្រភពពីបុរសម្នាក់ដែលជាអ្នកប្រទះឃើញហេតុការណ៍ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចេញទៅបត់ជើងតូចនៅក្បែរកន្លែងកើតហេតុ រួចក៏ឮសំឡេងបុកប្រាវលាន់ដូចរន្ទះ ភ្លាមនោះគាត់ក៏ស្ទុះរត់ចេញមកមើល ក៏ប្រទះឃើញរថយន្ត១គ្រឿង មិនចាំម៉ាក និងស្លាកលេខ បើកចេញពីទីតាំងកើតហេតុយ៉ាងលឿន នៅសល់តែម៉ូតូ១គ្រឿងរួមនឹងម្ចាស់ ដែលបើកជ្រុលមកបុកគូទរថយន្តយ៉ាងពេញទំហឹង ដួលបោកក្បាលនៅនឹងថ្នល់កៀបជាប់ម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម៕