Wednesday, January 22, 2025
Homeសង្គម និងជីវិតបើករថយន្តសុខៗ ឆ្លងភ្លើងឆេះហ្មត់កណ្តាលផ្លូវ

បើករថយន្តសុខៗ ឆ្លងភ្លើងឆេះហ្មត់កណ្តាលផ្លូវ

ខេត្តកណ្តាល ៖ បុរសម្នាក់ កំពុងបើករថយន្តសុខៗ ក៏ស្រាប់តែរថយន្តបានឆ្លងភ្លើង បណ្តាលឱ្យកើតចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ ដោយមិនបណ្តាលឱ្យរងរបួសដល់ មនុស្សទេ ប៉ុន្តែរថយន្តវិញត្រូវភ្លើងឆេះហ្មត់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ហេតុការណ៍ឆេះរថយន្តកណ្តាលផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចទល់មុខស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤-៥៥ ស្ថិតក្នុងភូមិក្បាល ជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក។

ម្ចាស់រថយន្ត មានឈ្មោះងិន សុបិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានលំនៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែករថយន្តដែលទទួលរងការឆាបឆេះសល់តែគ្រោងឆ្អឹងនេះ ម៉ាកកាមរីបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A-2382។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែនខាងលើ បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញមានផ្សែងបានហុយចេញពីរថយន្ត ជាហេតុធ្វើឱ្យម្ចាស់រថយន្តបង្ខំចិត្ត ឈប់រថយន្ត បើកទ្វារចេញមកក្រៅស្រែកឆោឡោហៅគេឯងឱ្យជួយរកទឹកជះពន្លត់ ស្រាប់តែបន្តិចក្រោយមក ភ្លើងក៏ចាប់ផ្តើមឆេះយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យរថយន្តទាំងមូលត្រូវភ្លើងឆេះសល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ ទោះជាមានប្រជាពលរដ្ឋអ្នកដំណើរ អ្នកជិតខាង រួមនឹងសមត្ថកិច្ច ជួយបាញ់ទឹកពន្លត់យ៉ាងណាក៏ដោយ ក៏មិនអាចស្រោចស្រង់បានដែរ៕

RELATED ARTICLES