Wednesday, March 19, 2025
Homeព័ត៌មានជាតិនាយកណ្តុរ សាក់ដៃ រីឯនាយឆ្អឹង លេងម៉ូដសក់ គាំទ្រគណបក្សប្រជាជនកម្ពុជា

នាយកណ្តុរ សាក់ដៃ រីឯនាយឆ្អឹង លេងម៉ូដសក់ គាំទ្រគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ តារាកំប្លែងប្រុសចំនួន២រូប គឺនាយកណ្តុរ និងនាយឆ្អឹង បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាកំប្លែងទាំង២រូបនេះ បានបង្ហាញនូវទំហំទឹកចិត្ត និងក្តីស្រលាញ់របស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ នាយកណ្តុរបានសាក់ឈ្មោះ សម្តេច ហ៊ុនសែន នៅលើដៃ ចំណែកនាយឆ្អឹងវិញ បានកាត់សក់ច្នៃម៉ូត ចេញជាឡូហ្គូគណបក្សប្រជាជនកម្ពុជា។

 

ខណៈដែលថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាន់តែខិតជិតមកដល់ ពិសេសដើម្បីជាការចូលរួមក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ តារាកំប្លែងនាយឆ្អឹង បានបង្ហាញពីទឹកចិត្តស្រលាញ់របស់ខ្លួន ចំពោះគណបក្សប្រជាជនកម្ពុជា តាមរយៈការច្នៃម៉ូតសក់របស់ខ្លួនជាស្លាកសញ្ញាទេវតា ព្រមទាំងមានលេខសម្គាល់លេខរៀងទី២០នៅលើសន្លឹកឆ្នោតទៀតផង។

នាយឆ្អឹង បានបញ្ជាក់ថា “ខ្ញុំជ្រកម្លប់ណា ខ្ញុំត្រូវតែថែរក្សានឹងការពារម្លប់នោះចឹងហើយ…”។ នាយឆ្អឹង ថា លោកគឺជាអ្នកគាំទ្រ និងស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ ពោលគឺដូចទៅនឹងមហាជនទូទៅដែរ ត្បិតប្រទេសកម្ពុជា បានដើរដល់សព្វថ្ងៃនេះ គឺជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន ហើយកម្ពុជាពិតជាត្រូវការ មេដឹកនាំ ដ៏ឈ្លាសវៃដូចសម្តេច ដើម្បីបន្តទទួលបានគ្រប់យ៉ាង ពិសេសការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យបែបនេះ។
ចំណែកនាយកណ្តុរ វិញបានសម្រេចចិត្តសាក់ឈ្មោ់ះ សម្តេច ហ៊ុន សែន នៅដៃខាងស្តាំ និងពាក្យថា ជយោ! គណបក្សប្រជាជនកម្ពុជា នៅលើដៃខាងឆ្វេងតែម្តង។ ទន្ទឹមគ្នានេះ អាចនិយាយបានថា នាយកណ្តុរ បានគោរពស្រឡាញ់សម្តេចយ៉ាងខ្លាំង ទើបសម្រេចចិត្តសាក់ឈ្មោះ សម្តេច ហ៊ុន សែន នៅលើដៃបែបនេះ។ នាយកណ្តុរ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “ការសាក់ឈ្មោះសម្តេច ហ៊ុនសែន គឺបង្ហាញពីក្តីគោរព ស្រលាញ់ពេញបេះដូង។

ទាក់ទងទៅនឹងការបង្ហាញទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជារបស់នាយឆ្អឹង តាមរយៈការច្នៃម៉ូតសក់ឱ្យចេញជាឡូហ្គូ គណបក្សប្រជាជនកម្ពុជា រួមនឹងលេខរៀងទី២០ផងនោះ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងឱកាសអញ្ជើញីចូលរួមក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ សម្តេច ហ៊ុន សែន បានថ្លែងផ្តាំទៅ នាយឆ្អឹងថា “ក្នុងឱកាសនេះដែរ ខ្ញុំសូមបញ្ជាក់ជូន ទៅដល់បងប្អូន ដែលស្រលាញ់គណបក្សប្រជាជនកម្ពុជា រហូតដល់ថ្នាក់កោរក្បាល រួចគូសសញ្ញាទេវតានៅលើក្បាល និងលេខ២០ គឺនាយឆ្អឹង ដែលជាតារាកំប្លែងរបស់យើង ចឹងទេ សុំផ្តាំទៅនាយឆ្អឹងផងថា សូមកោរចេញទៅ ព្រោះគេមិនឱ្យចូលទៅកន្លែងបោះឆ្នោតទេ គេហាមឃាត់ ចឹង ទេអរគុណណាស់ នេះជាការស្រលាញ់ចំពោះគណបក្ស ក៏ប៉ុន្តែប្រសិនបើយើងមិនគូស មិនយកសញ្ញាគណបក្សនោះចេញពីក្បាលទេ គឺពិតជាមិន អាចបោះឆ្នោតបានទេ ហើយបើយើងចូលទៅបោះឆ្នោតដោយពាក់មួក គេឱ្យដកមួកចេញ ដូច្នេះនេះគ្រាន់តែជាការរំលឹក…”៕

RELATED ARTICLES