ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ មិនដឹងកើតមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដើមម្រុំក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង។
បុរសគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះយាម យុន អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះបានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សរួសរាយរាក់ទាក់ណាស់ និងមិនធ្លាប់មានបញ្ហា ឬជំលោះអ្វីជាមួយអ្នកណាទេ ប៉ុន្តែមិនដឹងមូលហេតុអ្វី បានជានៅសុខៗជនរងគ្រោះ មានគំនិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនបែបនេះសោះ ព្រោះមុនធ្វើអត្តឃាតនេះ ជនរងគ្រោះមិនបានត្អូញត្អែរប្រាប់ក្រុមគ្រួសារ ឬរៀបរាប់ពីទុក្ខសោកប្រាប់អ្នកណាម្នាក់ឱ្យបានដឹងឡើយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ គេគ្រាន់តែសង្កេតឃើញថា ជនរងគ្រោះ ហាក់មានវិបត្តិអ្វីម៉្យាងក្នុងចិត្ត ព្រោះទឹកមុខហាក់ស្រពាប់ស្រពោនប្លែក ប៉ុន្តែពេលសួរនាំទៅជនរងគ្រោះ បាននិយាយថា អត់មានរឿងអ្វីទេ។ រហូតមកដល់វេលាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ បានចូលសម្រាកដូចធម្មតា ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសារភ្ញាក់ពីដំណេក មិនឃើញជនរងគ្រោះនៅក្នុងផ្ទះ ក៏ចេញដើររក ស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមម្រុំក្បែរផ្ទះ ជាហេតុធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង៕