Wednesday, January 22, 2025
Homeសង្គម និងជីវិតថៅកែទឹកកកកូនខ្ចី ប្រុស១០នាក់ព្រួតវ៉ៃ

ថៅកែទឹកកកកូនខ្ចី ប្រុស១០នាក់ព្រួតវ៉ៃ

ភ្នំពេញ ៖ ស្ត្រីកូនខ្ចីជាថៅកែលក់ទឹកកកម្នាក់ រួមនឹងកម្មករប្រុសម្នាក់ទៀត ត្រូវបានបុរសម្នាក់ដែលមានរបរលក់ទឹកកកដូចគ្នា ចោទប្រកាន់ថាបានដណ្តើមម៉ូយរបស់ខ្លួន ក៏លើកគ្នាជាង១០នាក់ មកព្រួតវាយយ៉ាងឃោរឃៅ បណ្តាលឱ្យថៅកែស្រីបែកចិញ្ចើម ចំណែកកម្មកររងរបួសរយះថ្ងាស បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ភ្លាមៗដែរ។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះ លេខ២៩ លក់បោះដុំទឹកកក តាមផ្លូវលេខ២៥៧ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវ៉ាន់ នីម ហៅនីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ទឹកកក ស្នាក់នៅផ្ទះលេខ១៧៦ ផ្លូវលេខ១៤៦ ក្រុមទី១៣ ភូមិ៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក (ជាថៅ កែលក់ទឹកកក) និងទី២-ឈ្មោះទូច វិតា ហៅតយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹកកក ស្នាក់នៅជាមួយគ្នា។

ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះសាន លក្ខិណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ទឹកកកដាក់ឱ្យម៉ូយតាមហាង ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលេខ២៥៧ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រងរបួសជាំចុងចិញ្ចើមខាងស្តាំ ដងខ្លួន និងក ទើបតែសម្រាលកូនខ្ចីបាន៥ខែ កំពុងសម្រាកព្យាបាលរបួសនៅគ្លីនិកវនីដា និងទី២-ឈ្មោះសាន សុគួន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករលក់ទឹកកក ស្នាក់នៅផ្ទះជាមួយគ្នា រងរបួសបែកថ្ងាសខាងឆ្វេង ដេរចំនួន០៦ថ្នេរ។

តាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌទួលគោក បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះសាន លក្ខិណា (ស្ត្រីរងគ្រោះ) និងប្តីឈ្មោះសាន សុគុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានប្រើឈ្មោះសាន សុខៃ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ដឹកទឹកកកទៅឱ្យម៉ូយនៅខាងក្រោយសាលាសង្កាត់ទឹកល្អក់ទី២ ពេលទៅដល់មុខផ្ទះម៉ូយដាក់ទឹកកក ស្រាប់តែឈ្មោះទូច វិតា ហៅតយ និងបក្សពួកម្នាក់ទៀតជាកម្មកររបស់ឈ្មោះ វ៉ាន់ នីម បានវាយមកលើឈ្មោះសាន សុខៃ បណ្តាលឱ្យត្រូវមុខ។ ពេលគេវាយរួច ឈ្មោះសាន សុខៃ ក៏ត្រឡប់មកផ្ទះវិញ ហើយបានប្រាប់ថៅកែស្រី ឈ្មោះសាន លក្ខិណា និងប្តី។ លុះមកដល់ម៉ោងប្រហែល ៣និង៤០នាទី រសៀលថ្ងៃដដែល ជនសង្ស័យឈ្មោះវ៉ាន់ នីម និងកម្មករឈ្មោះទូច វិតា ហៅតយ បាននាំបក្សពួកប្រហែល១០នាក់ មករករឿងជនរងគ្រោះឈ្មោះ សាន លក្ខិណា និងប្តី បន្ថែមមួយលើកទៀត ដោយឈ្មោះវ៉ាន់ នីម ឈ្មោះ ទូច វិតា និងបក្សពួក បានវាយមកលើជនរងគ្រោះ ឈ្មោះសាន លក្ខិណា បណ្តាលឱ្យត្រូវលើចុងចិញ្ចើមខាងស្តាំ និងដងខ្លួន ចំណែកឈ្មោះសាន សុគួន រងរបួសជាំចុងភ្នែកខាងឆ្វេង ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់ទី២ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ គឺឈ្មោះវ៉ាន់ នីម ជាថៅកែ និងឈ្មោះ ទូច វិតា ជាកម្មករ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្តង។ ចំណែកបក្សពួក០៨នាក់ នាំគ្នារត់គេចខ្លួនបាត់អស់ទៅហើយ៕

RELATED ARTICLES