Sunday, November 17, 2024
Homeតារាខ្មែរពេជ្រ សោភា ថា ចេញបទចម្រៀងពេលហ្នឹង ចាក់លុយចោលតែំម្តង

ពេជ្រ សោភា ថា ចេញបទចម្រៀងពេលហ្នឹង ចាក់លុយចោលតែំម្តង

តារាចម្រៀងឡើងកូដសឹងមិនគួរឱ្យជឿ ដោយគ្រាន់តែលែងប្តីទាហានអាកាសអាមេរិក លោកឡៅ ឆលី ភ្លាម មានទីផ្សារភ្លែត អ្នកនាងពេជ្រ សោភា បានដាក់លក្ខខណ្ឌខ្លួនឯងថា បើទោះជាស្ងាត់យ៉ាងណា ក៏ក្នុង១ខែកក្កដាពេញ គឺមិនត្រូវចេញបទចម្រៀងថ្មីៗជាដាច់ខាត ព្រោះថា បើហ៊ានតែចេញពេលណា គឺចោលលុយតែម្តង។ ការថ្លែងរបស់ពេជ្រ សោភា បែបនេះ ក្រោយពេលដែលអ្នកគាំទ្រនាងបានរអ៊ូរទាំថា ពេជ្រ សោភា ឥឡូវច្រៀងតែបទចាស់ដដែលៗ គ្មានបទថ្មីច្រៀងសោះ ស្តាប់យូរទៅគួរឱ្យជ្រេញ ព្រោះបទល្បីចុងក្រោយ មានតែបទ “បីឆ្កែទៅរាំ” ហ្នឹង។

ក្នុងជំនួបផ្ទាល់ពេជ្រ សោភា ហាក់មិនខ្វល់ខ្វាយពីការរិះគន់ទាំងនោះឡើយ ដោយនាងនិយាយលាយឡំសំណើចថា ទោះជាត្រូវយកបទ១០ឆ្នាំមុន ឡើងឆាក ក៏នាងមិនចេញបទថ្មីៗនៅខែកក្កដានេះ ជាដាច់ខាត។

អ្នកមេម៉ាយឡើងកាលីបនេះ ប្រាប់មូលហេតុថា “បទចម្រៀងថ្មីៗរបស់ខ្ញុំ បានធ្វើរួចហើយ បានច្រើនបទដែរ នៅអំឡុងខែធ្លាក់ភ្លៀងនេះ។ តែសួរថា ហេតុអីខ្ញុំមិនចេញបទថ្មីហ្នឹងទៅ? ខ្ញុំសន្មត់ខ្លួនឯងថា នឹងមិនចេញបទថ្មីៗ នៅខែកក្កដា ហ្នឹងជាដាច់ខាត គឺបើចេញ នឹងចោលលុយ ព្រោះថាមនុស្សម្នាក់ៗ គេកំពុងតែគិតទៅលើរឿងនយោបាយរឿងបោះឆ្នោត អ៊ីចឹងយើងចេញបទថ្មីពេលហ្នឹង អ្នកណាគេមកស្តាប់បទយើងទៅ? អត់ទេ ចោលលុយឥឡូវហើយ សុខចិត្តច្រៀងបទចាស់ៗឡើងវិញសិនចុះ ហើយបទចម្រៀងថ្មីខ្ញុំមានច្រើន គ្រាន់តែមិនទាន់បញ្ចោញទេ ទុកឱ្យគេបោះឆ្នោតហើយសិនទៅ។ ខ្ញុំអាចចេញបទថ្មីៗខ្លះ នៅអំឡុងខែតុលា ខាងមុខនេះ បងប្អូននឹងបានឃើញហើយ”។

ពេជ្រ សោភា ដែលប្រឹងច្រៀងទាំង សុខភាពនាង មិនសូវអំណោយផល ព្រោះមានជំងឺកាចសាហាវឈាមសស៊ីឈាមក្រហម តម្រូវឱ្យទៅព្យាបាលនៅប្រទេសថៃ ដោយយកចិត្តទុកដាក់ជារៀងរាល់ខែនោះ នៅឆ្នាំ២០១៨នេះ សោភា បានឡើងថ្លៃខ្លួនស្មើតារាស្រីជួរមុខគេរបស់ហង្សមាស នាងឱក សុគន្ធកញ្ញា  ដែរ គឺច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារ។ ក្រៅពីកើបលុយធំពេញ១រដូវក្តៅនេះ បានប្រាក់ចំណូលជាច្រើនម៉ឺនដុល្លារនោះ សោភា ក៏ត្រូវប៉ាន់ខាងថតស្ពតពាណិជ្ជកម្មធំៗដែរ ទើបធ្វើឱ្យនាងនៅតែរក្សា តំណែងក្នុងចំណោមជាតារាចម្រៀងស្រីជួរមុខគេដដែល បើទោះជាពេលនេះ ហង្សមាស មានតារាឡើងគរជើងគ្នាក្តី។ តែមជ្ឈដ្ឋានមហាជនអាណិតពេជ្រ សោភា ថា នាងជោគជ័យតែលើអាជីពចម្រៀង តែរឿងស្នេហាវិញ មិនសមប្រកបទេ ហើយពេលនេះដើម្បីបន្លប់ទុក្ខស្នេហ៍សោភា បានសាងស្នេហ៍ក្លែងក្លាយជាមួយប្រុសក្មេង ឆឹម សក្កដា៕

RELATED ARTICLES