ភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូ ទើបនឹងចេញពីផឹកស៊ីស្រវឹងដាបរៀងខ្លួន ក៏ជិះម៉ូតូដឹកគ្នាទៅផ្ទះ ប៉ុន្តែដោយធុញទ្រាន់នឹងប្រពន្ធ ស្រវឹងរអ៊ូរទាំរករឿងឈ្លោះតាមផ្លូវ រហូតប្រទាញប្រទង់សឹងដួលម៉ូតូ ធ្វើឱ្យបុរសជាប្តីទប់កំហឹងមិនបានក៏ឈប់ម៉ូតូវ៉ៃប្រពន្ធ បណ្តាលឱ្យបែកក្បាល សន្លប់ស្តូកតាមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួនបុរសជាប្តី នាំយកទៅសួរនាំ។
ហេតុការណ៍គូស្នេហ៍វ័យចំណាស់ផឹកស្រវឹង ផ្ទុះជំលោះផ្អើលពេញផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត លេខ២១៧ ត្រង់ចំណុចទល់មុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
បុរសជាប្តីដែលវាយប្រពន្ធបែកក្បាលសន្លប់ស្តូកស្តឹង មានឈ្មោះប៉ែន វិរៈ អាយុ៥៣ឆ្នាំ អតីតជាមន្ត្រីនគរបាល។ ចំណែកស្ត្រីរងគ្រោះជា ប្រពន្ធមានឈ្មោះនួន ហៅដួង អាយុ៣៣ឆ្នាំ ស្នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធខាងលើនេះ មិនដឹងជាទើបនឹងចេញពីផឹកស៊ីនៅឯណាទេ ជិះម៉ូតូដឹកគ្នាបណ្តើរ ឡូឡា ជេរបញ្ចោរគ្នា និងប្រទាញប្រទង់គ្នាតាមម៉ូតូបណ្តើរ រហូតមកដល់ចំណុចកើតហេតុខាងលើ បុរសជាប្តីក៏បានឈប់ម៉ូតូរួចក៏ផ្ទុះជាជំលោះតឹងសរសៃកដាក់គ្នាតែម្តង ភ្លាមនោះ គេឃើញភាគីស្ត្រីជាប្រពន្ធ បានស្ទុះទៅវាយប្តី ដោយចោទថា ប្តីបានច្រានឱ្យខ្លួនដួល រហូតដល់បុរសជាប្តីទប់កំហឹងមិនបាន ក៏ទះប្រពន្ធ១ដៃចំមួកការពារសុវត្ថិភាពបណ្តាលឱ្យប្រពន្ធដួល និងមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចូលជួយអន្តរាគមន៍តែម្តង។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ទាំងសភាពស្រវឹងជោកជាំថា គាត់មានគ្រួសារនិងមានកូនរួចទៅហើយ ហើយស្ត្រីដែលឈ្លោះ ប្រកែកជាមួយគាត់នេះ គឺជាប្រពន្ធទី២របស់គាត់ ដែលជាស្រីមេម៉ាយ។ នៅមុនកើតហេតុ គាត់បានដឹកប្រពន្ធទី២នេះ ទៅផឹកស្រានៅម្តុំផ្សារឌុយម៉ិច ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា លុះស្រវឹងក៏បាននាំគ្នាចាកចេញមកវិញ បំណងជូនប្រពន្ធនេះទៅផ្ទះ នៅឯសៀមរាបកន្ទត្ទួ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលឯណោះ ដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7092។
បុរសជាប្តីរូបនេះ បន្តថា ដំបូងឡើយ ពេលជិះម៉ូតូដឹកគ្នាតាមផ្លូវ គាត់បានឃាត់ប្រពន្ធទី២នេះ ឱ្យស្នាក់នៅផ្ទះសំណាក់ភ្នំពេញ១យប់សិនទៅ ព្រោះម្នាក់ឯងសុទ្ធតែស្រវឹងដាបណាស់ទៅហើយ តែនាងមិនព្រម បែរជាខឹងរករឿងគាត់នៅលើម៉ូតូរហូត។ បន្ទាប់មក គាត់ក៏យល់ព្រម ជូននាងទៅផ្ទះ តែប្រាប់ថា ជិះតាមផ្លូវជាតិលេខ៣ទៅ គ្រាន់បានឈប់ញ៉ាំអីនៅកន្លែងលក់សាច់ក្រតាមផ្លូវ តែនាងមិនព្រម ចង់ឱ្យគាត់ជិះតាម ផ្លូវចម្ការដូងវិញ ហើយក៏ខឹងគាត់កាន់តែខ្លាំង រហុតដល់ស្រែកឡូឡាវាយគាត់ពីក្រោយរហូតមកដល់កន្លែងកើតហេតុ នាងក៏ប្រទាញប្រទង់ម៉ូតូ ដល់បើកទៅមុខលែងកើត និងប៊ិះដួលទៀតផង ទើបគាត់ខឹងពេក ក៏ឈប់ម៉ូតូឈ្លោះគ្នាផ្អើលពេញផ្លូវតែម្តង។
បុរសជាប្តីបញ្ជាក់ថា ដោយសារតែប្រពន្ធស្រែកជេរគាត់ខ្លាំងពេក និងថែមទាំងស្ទុះមកវាយគាត់ទៀត ទើបកើតជាការប្រតាយប្រតប់គ្នាទៅវិញទៅមក រហូតដល់បណ្តាលឱ្យប្រពន្ធទី២នេះ ដួលបែកក្បាលសន្លប់ស្តូកតាមផ្លូវតែម្តង និងធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងមានសមត្ថកិច្ចចុះមកអន្តរាគមន៍ទៀតផង៕