Wednesday, March 19, 2025
Homeសង្គម និងជីវិតនឹកអូនពេក ស្កាត់មកជួប ចោរស៊ីដាច់ម៉ូតូបងបាត់

នឹកអូនពេក ស្កាត់មកជួប ចោរស៊ីដាច់ម៉ូតូបងបាត់

ភ្នំពេញ ៖ យុវជនម្នាក់ទើបចេញពីធ្វើការ មានអារម្មណ៍នឹកសង្សារខ្លាំងពេក ក៏ជិះម៉ូតូស្កាត់ទៅជួបមុខទាំងកណ្តាលយប់ លុះទៅមិនទាន់ដល់ផង ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមស្ទាក់វ៉ៃប្លន់យកម៉ូតូទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២០០៤ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះដែលត្រូវចោរវាយប្លន់ម៉ូតូ មានឈ្មោះសួន សាន អាយុ២១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្មី ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។ ចំណែកម៉ូតូដែលជនសង្ស័យវាយប្លន់យក ទៅនោះ ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ស៊េរី២០១៤ មិនចាំស្លាកលេខ។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីចប់ម៉ោងការងារ រូបគេបានចេញមកពីកន្លែងធ្វើការនៅខារ៉ាអូខេ ហើយបានជិះម៉ូតូបំណងទៅជួបមុខសង្សារ នៅជិតកន្លែងកើតហេតុ។ លុះពេលរូបគេជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យប្រមាណជិត១០នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមចំនួន២គ្រឿង នឹងម៉ូតូ ២គ្រឿងទៀតមិនចាំម៉ាក ដោយក្នុងនោះជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងមានគ្នា២នាក់ បានជិះកាត់ពីមុខ ហើយជនសង្ស័យដែលជិះពីក្រោយបានស្រែកថា ម៉េចហែងវាយប្អូនអញ ហើយជនសង្ស័យក៏បានហូតខ្សែក្រវាត់មកវាយរូបគេ បណ្តាលឱ្យរងរបួសស្នាមខ្នង ធ្វើឱ្យរូបគេឈប់ម៉ូតូ រួចចុះពីលើម៉ូតូរត់គេចខ្លួន ហើយភ្លាមនោះជនសង្ស័យ ក៏នាំគ្នាលើកម៉ូតូរបស់គេជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពតែម្តង៕

RELATED ARTICLES