ទីផ្សារ​ម្ហូប​អាហារ​នៅ​កម្ពុជា ពោរ​ពេញ​ដោយ​ជាតិ​គីមី​ខ្ពស់

បន្ទាប់ពីមានការរកឃើញសារជាតិគីមីនៅក្នុងសាច់ត្រីនាំចូលពីប្រទេសវៀតណាមយ៉ាងច្រើន នៅក្នុងអាជីវកម្មធ្វើណែម ប្រភេទត្រីសាច់ ដូចជាជ្រូក មាន់ទា និងផលិតផលសម្រាប់ធ្វើម្ហូបអាហារជាច្រើនទៀត ក៏ត្រូវគេរកឃើញថាមានការប្រើប្រាស់សារជាតិគីមីដ៏ខ្ពស់ផងដែរ ដែលធ្វើកម្ពុជាក្រៅពីខាតបង់រាប់លានដុល្លារ ក្នុងការនាំចូលបន្លែត្រីសាច់ពីប្រទេសជិតខាតហើយ គឺថែមទាំងធ្វើអោយអ្នកទទួលទានប្រឈមខ្ពស់ដោយសារតែផលប៉ះពាល់ពីម្ហូបអាហារដែលមានសារជាតិពុលនោះផង។
លោក ប៉ាន សូស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ថា ទីផ្សារម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា មានការនាំចូលដោយផលិតផលបន្លែត្រីសាច់ដែលខ្វះគុណភាព និងមានផលប៉ះពាល់ចំពោះសុខភាពរបស់អ្នកទទួលទានយ៉ាងខ្លាំង ដោយសារតែកម្ពុជាខ្វះចំណាត់ការត្រួតពិនិត្យផលិតផលបន្លែត្រីសាច់ដែលបានដាក់លក់នៅលើទីផ្សារអោយបានម៉ត់ចត់។ លោកចាត់ទុកថាបញ្ហាមិនមានច្បាប់ដាក់ទោសចំពោះជនដែលពាក់ព័ន្ធនឹងការនាំចូល ឬដាក់លក់បន្លែត្រីសាច់ដែលគ្មានគុណភាព គឺជាបញ្ហាធំមួយដែលមិនអាចអោយការទប់ស្កាត់លើបញ្ហានេះមិនអាចបញ្ចប់បាន។ អ៊ីចឹងហើយទើបលោកក្នុងនាមជាថ្នាក់ដឹកនាំរបស់ក្រសួងមួយដែលពាក់ព័ន្ធទីផ្សារនាំចេញនាំចូលលើផលិតផលម្ហូបអាហារនេះ គឺលោកនឹងស្នើអោយមានច្បាប់មួយនិយាយពីសុវត្ថិភាពចំណីអាហារ ដែលមានន័យថារាល់ជនទាំងឡាយណាដែលបានបង្កអោយប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន គឺត្រូវទទួលខុសត្រូវ ឬមានទោសចែងដោយច្បាប់។

fram

លោកថា ក្រសួងនឹងបញ្ចប់ការរៀបចំនូវសេចក្តីព្រាងច្បាប់ចំនួន៣ ដែលទាក់ទងនឹងបញ្ហាសុវត្ថិភាពចំណីអាហារ ហើយដាក់ជូនគណៈរដ្ឋមន្រ្តីធ្វើការពិភាក្សានិងអនុម័តយ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ២០១៦ ដើម្បីអោយច្បាប់ថ្មីនេះ បានរួមចំណែកជួយអោយការគ្រប់ទីផ្សារម្ហូបអាហារដែលវាយសន្ធាប់ដោយការប្រើថ្នាំគីមីដើម្បីតែប្រយោជន៍របស់អ្នកលក់ និងអ្នកនាំចូលត្រូវបានលុបបំផុត។ លោកថាបើបន្លែត្រីសាច់ដែលត្រូវបាននាំចូល ឬដាក់លក់នៅលើទីផ្សារបានត្រឹមតែរឹបអូសយកមកបំផ្លាញនៅពេលរកឃើញ ហើយមិនច្បាប់ដាក់ទោសទណ្ឌដល់អ្នកពាក់ព័ន្ធ នោះបញ្ហាប្រឈមនៅលើទីផ្សារនឹងមិនអាចទប់ស្កាត់នោះទេ ដោយសារតែភាពជាក់ស្ដែងគឺក្រុមអ្នកលក់ មិនថាអ្នកនាំចូលឬលក់ក្នុងស្រុក សុទ្ធតែបានដាក់លាយនូវសារជាតិគីមី ដើម្បីរក្សាបន្លែត្រីសាច់ដែលខ្វះគុណភាពអោយនៅបានយូរ ដែលមិនខុសពីការបំផ្លាញដល់សុខភាពរបស់ប្រជាជន។

dead-fish-market-phnom-penh-cambodia

លោក ប៉ាន សូរស័ក្តិ បន្តថា សេចក្តីព្រាងច្បាប់ទាំងបីនោះរួមមានសេចក្តីព្រាងច្បាប់ស្តីពីម្ហូបអាហារ សេចក្តីព្រាងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ដែលត្រូវបានពិភាក្សានិងមានរៀបចំធ្វើជាយូរមកហើយ ដោយគ្រាន់តែសម្រេចអោយមានរូបរាងក្នុងពេលឆាប់ៗ ដើម្បីលុបបំបាត់ទីផ្សារម្ហូបអាហារដែលគ្មានគុណភាព។ ច្បាប់នេះ លោកថា នឹងក្លាយជាមូលដ្ឋានកាន់តែរឹងមាំក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ដោយច្បាប់ថ្មីនេះ នឹងដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តបទល្មើសដែលបាននាំចូលអាហារខូចគុណភាព ក៏ដូចជាអ្នកផលិតដែលប្រើសារធាតុប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដែលពិតជាធ្វើអោយអ្នកបានប្រព្រឹត្តិ ឬអ្នកពាក់ព័ន្ធទទួលខុសត្រូវ។ លោកនឹងជំរុញនូវការអនុម័តសេចក្តីព្រាងច្បាប់ទាំងបីនេះ ដោយសារតែមើលឃើញថាទីផ្សារបន្លែត្រីសាច់ដែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជា គឺមានស្ថានភាពអានាធិបតេយ្យ ដែលលោកចង់សំដៅថាសឹងមិនមានបន្លែត្រីសាច់ និងម្ហូបអាហារណាមួយដែលមិនមានដាក់លាយនូវសារជាតិគីមី។

health-food2

លោកថាផ្អែកតាមការស្រាវជ្រាវ មិនថាអ្នកនាំចូលបន្លែត្រីសាច់ ឬអ្នកដាំដុះបន្លែ និងផ្គត់ផ្គង់ត្រីសាច់សម្រាប់ទីផ្សារសុទ្ធតែបានប្រើប្រាស់សារធាតិគីមី ដើម្បីអោយបានផលច្រើន រក្សាទុកអោយបានយូរ ដោយមិនខ្វល់ពីការប៉ះពាល់ចំពោះសុខភាពរបស់អ្នកទទួល។ ដូច្នេះលោកថាគឺមានតែច្បាប់ដែលកំណត់នូវទោសទណ្ឌប៉ុណ្ណោះ ដែលអាចគ្រប់គ្រងនូវផលប៉ះពាល់នោះបាន។ លោកថាក្រោយច្បាប់ស្ដីពីការគ្រប់គ្រងម្ហូបអាហារត្រូវបានអនុម័ត្រ នឹងមានអ្នកពាក់ព័ន្ធច្រើនត្រូវបានប្រឈម ប៉ុន្តែក៏មានន័យថាពលរដ្ឋកាន់តែច្រើននឹងងាកមកគោរពមនសិការរបស់ខ្លួន ដោយបញ្ចប់ការប្រើប្រាស់សារជាតិគីមីលើបន្លែ និងត្រីសាច់ នោះផងដែរ។ លោកថាក្រសួងនឹងធ្វើអោយមានប្រសិទ្ធភាពនូវការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយក្រោយពីប្រកាសប្រើច្បាប់នោះ ក្រសួងក៏បង្កើតមន្ទីរពិសោធធំតូច និងមន្ទីរពិសោធចល័តនៅតាមបណ្តាខេត្ត និងច្រកព្រំដែន ដើម្បីត្រួតពិនិត្យទំនិញមុនអនុញ្ញាតឱ្យធ្វើនាំចូល ឬមុននឹងអនុញ្ញាតិអោយដាក់លក់នៅលើទីផ្សារ។ លោកថាក្រសួងនឹងស្នើប្រទេសចិន អោយជួយរៀបចំលើការបង្កើតមន្ទីរពិសោធចល័ត ដែលអាចដំណើរការនៅអំឡុងពេល២ទៅ៣ខែទៀត ដើម្បីអោយងាយស្រួលពិនិត្យគុណភាពលើចំណីអាហារមុននឹងការដាក់លក់។

timthumb
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក៏បានទទួលស្គាល់ថាទីផ្សារម្ហូបអាហារដែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជាគឺពោរពេញដោយការប្រើប្រាស់សារធាតុគីមីដែលលោកថាលុះត្រាតែមានច្បាប់ដាក់ទោសសម្រាប់ការរកឃើញចំពោះអ្នកបានប្រព្រឹត្តិ និងអ្នកពាក់ព័ន្ធទើបជាការប្រសើរ។ លោកថាគ្រាន់តែរយៈពេល ៧ខែ ក្នុងឆ្នាំ២០១៦នេះមន្រ្តីកាំកុងត្រូលរបស់លោករកឃើញទំនិញខូចគុណភាពរហូតដល់ជិត៣០តោន នៅបណ្តាផ្សារនានា និងតាមច្រកព្រំដែន ដែលមានន័យថាប្រទេសកម្ពុជាគឺពោរពេញដោយការចរចរណ៍នូវបន្លែត្រីសាច់ដែលមានសារជាតិពុលដោយសារតែអ្នកពាក់ព័ន្ធមិនត្រូវបានដាក់ទោសទណ្ឌអោយរាងចាល។ លោកថាកាលពីចុងខែកក្កដា មន្រ្តីជំនាញបានរកឃើញណែម និងសាច់ត្រីមានសារជាតិបូរ៉ាក់រហូតដល់ច្រើនតោនត្រូវបាននាំចូល ដែលកម្ពុជាត្រូវតែមានការចែងច្បាប់ដើម្បីទប់ស្កាត់៕

ដោយ ៖ ប៉េង លី