ភ្នំពេញ ៖ ក្នុងគោលដៅលើកកំពស់សុខភាពប្រជាពលរដ្ឋ អ្នកវិនិយោគក្នុងស្រុកបានសម្រេចបោះទុនជាង២លានដុល្លារ ដើម្បីបង្កើតមណ្ឌលហាត់ប្រាណ និងហែលទឹកជាលើកតំបូងនៅក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ដោយមានការចូលរួមជាអធិបតីភាពពីនាយកឧត្តមសេនីយ៍គន់ គីមអគ្គមេបញ្ជាការរងកងយុទ្ឋពលខេមរភូមិន្ទ។
លោកដាំ រ៉ូអ្នកគ្រប់គ្រងទូទៅមណ្ឌលហាត់ប្រាណ និងហែលទឹកភូមិគ្រឹះចោមចៅបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២២ សីហានេះថា មណ្ឌលហាត់ប្រាណនេះបានបើកដំណើរការកាលពីពេលថ្មីៗនេះ ដោយមានសេវាហាត់ប្រាណដោយម៉ាស៊ីន ស្ទីមសោណា ទឹកក្តៅទឹកត្រជាក់ កន្លែងវាយប៉េងប៉ុង តារាងបាល់ទាត់ និងអាងហែលទឹកធំៗចំនួនពីរ ដែលបែងចែកដាច់ពីគ្នារវាងកុមារនិងមនុស្សចាស់។លោកបន្តថា សេវាហាត់ប្រាណនេះ ក៏មានលក់ភេសជ្ជៈ ព្រមទាំងអាហារសម្រន់មួយចំនួនទៀត ហើយមណ្ឌលហាត់ប្រាណភូមិគ្រឹះចោមចៅនេះ បើកដំនើរការចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់។
លោកបន្តថា នាពេលឆាប់ៗខាងមុខនេះ មណ្ឌលហាត់ប្រាណភូមិគ្រឹះចោមចៅ នឹងបើកសេវាម៉ាស្សា និងកីឡាយូហ្កាផងដែរ។សេវាហាត់ប្រាណនេះ តម្រូវឲ្យ អ្នកចូលរួមហាត់ប្រាណ និងកំសាន្តបង់ប្រាក់៣ដុល្លារសម្រាប់ការហែលទឹក និង៥ដុល្លារសម្រាប់ប្រើប្រាស់សេវាទាំងអស់ក្នុងមណ្ឌលនេះ។
លោកស្រីស្រូយ ធីតាអ្នកវិនិយោគមណ្ឌលហាត់ប្រាណភូមិគ្រឹះចោមចៅ បានសម្តែងក្តីរីករាយ ដោយមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ កងយុទ្ឋពលខេមរភូមិន្ទចូលរួមជាអធិបតី ដែលលោក និងលោកស្រីតែងតែផ្តល់ការគាំទ្រជាទឹកចិត្ត និងស្មារតី ដល់លោកស្រីក្នុងការវិនិយោគលើគំរោងផ្សេងៗ។លោកស្រីបន្តថា ដោយសារឃើ ញតម្រូវការសេវាថែរទាំសុខភាព ទើបលោកស្រីសម្រេចចិត្តបោះទុនវិនិយោគជាង២លានដុល្លារ ដើម្បីបង្កើតមណ្ឌលហាត់ប្រាណភូមិគ្រឹះចោមចៅនេះឡើង។
ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីមអគ្គមេបញ្ជាការរងកងយុទ្ឋពលខេមរភូមិន្ទបានសម្តែងការកោតសរសើរដល់លោកស្រីស្រូយ ធីតា ដែលបានបង្កើតមណ្ឌលហាត់ប្រាណភូមិគ្រឹះចោមចៅនេះឡើង ដោយលោកបានថ្លែងថា នេះជាមុខរបរមួយជួយប្រជាពលរដ្ឋ ទូទៅឲ្យមានសុខភាពល្អ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាមានជីវភាពកាន់តែល្អប្រសើរ ដែលធ្វើឲ្យពួកគេងាកមកគិតពីបញ្ហាសុខភាព ដូច្នេះការបង្កើតមណ្ឌលហាត់ប្រាណនេះនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕
ដោយ ៖ គង់ លាងហួរ