ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ជិះម៉ូតូដឹកប្រពន្ធទៅដើរលក់កំពឹសលីងតាមហាងផឹកស៊ី ប៉ុន្តែដោយសារស្រវឹងខ្លាំងពេក ជិះម៉ូតូលឿន ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿង បណ្តាលឱ្យរងរបួសតិចតួចទាំងសងខាង ស្រាប់តែភ្លាមនោះបុរសស្រវឹងច្រឡោតខឹង ក៏ស្ទុះទៅធាក់ស្ត្រីជាប្រពន្ធភាគីម៉ូតូម្ខាងទៀត១ជើង ជាហេតុធ្វើឱ្យប្តីរបស់គេផ្ទុះកំហឹង ស្ទុះមកដាល់២-៣ដៃបណ្តាលឱ្យបែកច្រមុះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តិចតួច បែរជាផ្ទុះហិង្សា ដោយសារប្រុសស្រវឹងធាក់ប្រពន្ធគេ១ជើងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ ត្រង់ចំណុចស្តុបសាលារៀនចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ភាគីទាំងសងខាង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភាគីទី១ ប្តីប្រពន្ធជនជាតិខ្មែរ ជិះម៉ូតូ១គ្រឿងម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-8977 ដោយបុរសជាប្តីស្ថិតក្នុងសភាពស្រវឹង ជិះម៉ូតូដឹកប្រពន្ធទៅលក់កំពឹសលីង។ ចំណែកភាគទី២ បុរសជាប្តីគឺជាជនបរទេស ចំណែកប្រពន្ធជាជនជាតិខ្មែរ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក និងស្លាកលេខ។
តាមប្រភពពីសាក្សីដែលប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគី២នាក់ប្តីប្រពន្ធ ដែលខាងប្រុសជាជនជាតិបរទេស និងខាងស្រីជាជនជាតិខ្មែរ បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាក បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ បុរសជាជនបរទេស និងជាអ្នកបើកម៉ូតូ បានបន្ថយល្បឿន ព្រោះដល់ស្តុបបែកជាបួន ក៏ស្រាប់តែភ្លាមនោះ មានប្តីប្រពន្ធ២នាក់ បើកម៉ូតូម៉ាកស្តុបពី តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅស្របទិសគ្នា ដឹកប្រពន្ធទៅលក់ កំពឹសលីងតាមហាងផឹកស៊ី ប៉ុន្តែបុរសជាប្តីដែលជាអ្នកបើកម៉ូតូស្ថិតក្នុងសភាពស្រវឹងធ្លាក់ភ្នែក បើកក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកគូទម៉ូតូរបស់ជនជាតិបរទេស បណ្តាលឱ្យដួលទាំងសងខាងរងរបួសស្រាលដូចគ្នា។
ប្រភពដដែលបន្តថា ស្រាប់តែភ្លាមៗនោះដែរ ភាគីបុរសជាអ្នកបើកម៉ូតូទាំងសភាពស្រវឹង បានផ្ទុះកំហឹង ក៏ក្រោកឡើង រួចដើរទៅធាក់ ស្ត្រីជាប្រពន្ធជនបរទេសនោះ១ជើង ជាហេតុធ្វើឱ្យជនបរទេសជាប្តីខឹង ក៏ស្ទុះទៅវ៉ៃ២ទៅ៣ដៃ បង្កឱ្យបុរសស្រវឹងរូបនោះ រងរបួសបែកច្រមុះ រួចខាងជនជាតិបរទេសនោះ បើកម៉ូតូចេញទៅបាត់ទៅ ទុកឱ្យប្រពន្ធនៅដោះស្រាយជាមួយខាងម៉ូតូស្តុបពី៕