ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលរាត្រី បន្ទាប់ពីអគ្គិភ័យមួយបានឆាបឆេះ សាលាឆាន់ក្នុងវត្ត យ៉ាងសន្ធោសន្ធៅរហូតក្លាយជាផេះផង់ ដោយមូលហេតុ ផ្តើមចេញពីការអុជទៀនវស្សាបំភ្លឺវត្តក្នុងរដូវចូលវស្សា ស្រាប់តែអកុសល ទៀនវស្សា ១ដើមធំនោះ បានដួលរលំ បង្កជាគ្រោះមហន្តរាយផ្អើលពេញវត្តទាំងកណ្តាលយប់តែម្តង។
ហេតុការណ៍ទៀនវស្សារលំឆេះសាលាឆាន់ហ្មត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រហែល១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅវត្តសុវណ្ណារាម ហៅវត្តមេម៉ង់ មានទីតាំងស្ថិតក្នុងភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា។
អគ្គីភ័យខាងលើ បានឆេះបំផ្លាញសាលាឆាន់មួយខ្នងដែលមានទំហំ១២ម៉ែត្រ គុណនឹង ២១ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី (ឆេះអស់ទាំងស្រុង) ដោយពុំអាចជួយពន្លត់បានឡើយ។
តាមប្រភពពីព្រះសង្ឃគង់នៅទីអារាមខាងលើ បានមានសង្ឃដីកាថា ដោយសារតែអំឡុងពេលនេះ ជាពិធីបុណ្យចូលវស្សា ហេតុនេះទើបនៅក្នុងវត្តតែងអុជបំភ្លឺទៀនវស្សាជាប់ជាប្រចាំ។ ជាក់ស្តែងនៅយប់កើតហេតុ ដោយសារតែការធ្វេសប្រហែស មិនបានទៅពិនិត្យមើលទៀន វស្សាឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យទៀនវស្សាដែលដុតបំភ្លឺក្នុងសាលាឆាន់ បានដួលរលំ និងបានកើតជាអណ្តាតភ្លើងឆាបឆេះសាលាឆាន់ទាំងមូល គ្មានសល់តែម្តង ហើយទោះជាព្រះសង្ឃ រួមនឹងពុទ្ធបរិស័ទ នាំគ្នាជួយដងទឹកជះពន្លត់យ៉ាងណា ក៏មិនឈ្នះឡើយ ទីបំផុត សាលាឆាន់ទាំងមូលបាន ក្លាយជាចំណីភ្លើងត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។
យ៉ាងណាក្តី ហេតុការណ៍អគ្គិភ័យខាងលើនេះ បានឆេះទាំងស្រុងនូវព្រះពុទ្ធរូបចំនួន៣ព្រះអង្គធំៗ ហើយក្រៅពីនេះពុំមានទ្រព្យសម្បត្តិអ្វីផ្សេងៗ ខូចខាតក្នុងបរិវេណវត្តនោះទេ និងមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕