Wednesday, August 27, 2025
Homeសង្គម និងជីវិតព្រួតវ៉ៃគាត់ហើយ រួចចោទថាចោរឆក់ទៀត

ព្រួតវ៉ៃគាត់ហើយ រួចចោទថាចោរឆក់ទៀត

ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ត្រូវយុវជន៣នាក់ព្រួតគ្នាវាយដោយដៃ និងខ្សែក្រវាត់ បណ្តាលឱ្យរងរបួសបែកក្បាល ដោយចោទប្រកាន់ថា ជាចោរឆក់ទូរស័ព្ទ ចំណែកបុរសជាសន្តិសុខបានបដិសេធថា ខ្លួនមិនមែនជាចោរឆក់ទេ ប៉ុន្តែរឿងរ៉ាវផ្តើមចេញពីការសម្លឹងមុខក្រុមក្មេងស្ទាវទាំងនោះ ទើបត្រូវពួកគេចោទថា ឌឺក៏នាំគ្នាជិះម៉ូតូតាមព្រួតវាយតែម្តង។

ករណីហិង្សា និងការចោទប្រកាន់គ្នាទៅវិញទៅមកនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បុរសជាសន្តិសុខដែលទទួលរងការចោទប្រកាន់ថាជាចោរឆក់ទូរស័ព្ទ និងត្រូវក្មេងស្ទាវព្រួតវាយបែកក្បាល មានឈ្មោះឈិន ផាណា អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខយាមនៅហាងភីហ្សាមួយកន្លែង ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GR-8698។ ចំណែកក្រុមយុវជនខាងលើមានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះហេង ឡាយ អាយុ១៧ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាម្ចាស់ទូរស័ព្ទម៉ាក iPhone 6plus ពណ៌ខ្មៅ និងជាអ្នកបើកបរម៉ូតូ ម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ទី២-ឈ្មោះហម សុចិត្រា អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាអ្នកកាន់ទូរស័ព្ទឱ្យហេង ឡាយ និងទី៣-ឈ្មោះយឹម មករា អាយុ១៣ឆ្នាំ ស្នាក់នៅភូមិកៀនស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមសម្តីយុវជនទាំង៣នាក់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេទាំង៣នាក់ជិះម៉ូតូតាមផ្លូវមួយនៅជិតផ្សារដើមថ្កូវ ដោយឈ្មោះហម សុចិត្រា អង្គុយនៅកណ្តាលកាន់ទូរស័ព្ទនៅនឹងដៃ ខណៈនោះក៏មានបុរសជាសន្តិសុខខាងលើបានជិះម៉ូតូមកជិតម៉ូតូខ្លួន ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ពួកគេ តែមិនបានសម្រេច ក៏ត្រូវពួកគេខឹងជិះតាមរហូតមកដល់ផ្លូវ៣១០ មុខស្ថានទូតប៉ាគីស្ថាន ក៏តាមទាន់ រួចព្រួតគ្នាវាយដោយដៃ និងខ្សែក្រវ៉ាត់ បណ្តាលឱ្យបុរសនោះបែកក្បាល និងចោទថាជាចោរឆក់ទូរស័ព្ទខ្លួន។

ចំណែកបុរសជាសន្តិសុខខាងលើបានប្រកែកដាច់អហង្កាថា ខ្លួនមិនបានឆក់ទូរស័ព្ទជនរងគ្រោះទេ គឺគ្រាន់តែជិះម៉ូតូជិត ហើយសម្លឹងមើលមុខតែប៉ុណ្ណោះ ក៏ត្រូវយុវជនទាំង៣នាក់ ស្រែកឱ្យថា ហ្អែងមើលអី! ភ្លាមនោះគាត់មិនបានតបឡើយ ហើយជិះម៉ូតូទៅមុខបន្ត ក៏ត្រូវយុវជន ទាំង៣នាក់ ជិះម៉ូតូតាមវាយគាត់ ឃើញដូច្នោះគាត់ក៏ជិះរត់មកដល់ផ្លូវ៣១០ ក៏ត្រូវក្រុមយុវជនព្រួតគ្នាវាយគាត់ បណ្តាលឱ្យបែកក្បាលតែម្តង ហើយទូរស័ព្ទនោះបែកនៅពេលកំពុងតែប្រតាយប្រតប់គ្នា៕

RELATED ARTICLES