Wednesday, August 27, 2025
Homeសង្គម និងជីវិតទើបរៀបការប្រពន្ធហើយ ឃាតករស្ទាក់បាញ់ប្តី៥គ្រាប់

ទើបរៀបការប្រពន្ធហើយ ឃាតករស្ទាក់បាញ់ប្តី៥គ្រាប់

ខេត្តបាត់ដំបង ៖ ករណីឃាតកម្មដ៏ព្រៃផ្សៃ ខ្មាន់កាំភ្លើង២នាក់បាញ់ប្រហារបុរសជាអ្នកបើករថយន្តដឹកទឹកកកលក់ម្នាក់ចំនួន៥គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយចោទប្រកាន់ថា បានបើករថយន្តប៉ះរថយន្តគេមិនព្រមឈប់ កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចវាលអន្ទង់ស ក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ កំពុងស្ថិតក្នុងមន្ទិលសង្ស័យយ៉ាងខ្លាំង ដោយសារតែបុរសរងគ្រោះ ទើបនឹងរៀបការប្រពន្ធថ្មោងថ្មី ក្រោមការចម្រូងចម្រាសបំផុត ជាហេតុធ្វើឱ្យមានការសង្ស័យថា ករណីនេះ អាចផ្តើមចេញពីគំនុំច្រើនជាង។

គួររំលឹកថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅត្រង់ចំណុចវាលអន្ទង់ស ស្ថិតក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយបុរសជាអ្នកបើករថយន្តដឹកទឹកកកលក់ម្នាក់ រួមនឹងកម្មករទឹកកក២នាក់ កំពុងបើករថយន្តសុខៗ ក៏ត្រូវជនសង្ស័យ២នាក់បើករថយន្តមកកាក់ពីមុខ ហើយចុះមកសួរនាំថា ហេតុអ្វីបើករថយន្តប៉ះរថយន្តគេហើយ មិនព្រមឈប់ លុះជនរងគ្រោះមិនទាន់បានឆ្លើយថាម៉េចផង ក៏ត្រូវជនសង្ស័យជាខ្មាន់កាំភ្លើងចិត្តឆៅ ដកកាំភ្លើងបាញ់ជនរងគ្រោះចំនួន៥គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម។

បុរសរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះពេជ្រ ពិសា ហៅពី អាយុ២៥ឆ្នាំ មុខរបរបើករថយន្តដឹកទឹកកកលក់ មានលំនៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ ចំណែកជនរងគ្រោះទាំង២នាក់ទៀតដែលរួមដំណើរជាមួយ រួមមាន ទី១-ឈ្មោះហេង ចិត្រា ហៅឡិច អាយុ២០ឆ្នាំ មុខរបរកម្មករទឹកកក (មិនមានរបួស) និងទី២-ឈ្មោះប៊ូ ចន្ធី ហៅប៉ោង អាយុ២៧ឆ្នាំ មុខរបរ កម្មករទឹកកក (មិនមានរបួស)។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះខាងលើ។ អ្នកទាំង៣ ជិះរថយន្តដឹកទឹកកក ពាក់ស្លាកលេខ បាត់ដំបង 3A-3095។ ចំណែកជនសង្ស័យជាខ្មាន់កាំភ្លើងទាំង២នាក់ ជិះរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ មិនចាំពណ៌ និងស្លាកលេខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបើករថយន្តនៅតាមផ្លូវក្នុងទិសដៅ ពីបាត់ដំបង ទៅកាន់កំពីងពួយ ស្រាប់តែក្រុមជនដៃដល់ បានបើករថយន្តដេញតាមរថយន្តជនរងគ្រោះ ហើយមកឈប់ពាំងពីមុខ។ បន្ទាប់មកជនមិនស្គាល់មុខ ២នាក់បានចុះពីរថយន្តសួរនាំជនរងគ្រោះថា “ហេតុអ្វីបានបើករថយន្តប៉ះរថយន្តអញហើយមិនឈប់?”។ ពេលនោះជនរងគ្រោះជាអ្នកបើករថយន្តដឹកទឹកកក បានឆ្លើយតបថា “ខ្ញុំអត់ដឹងទេ…” ស្រាប់តែភ្លាមនោះ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លី បាញ់១គ្រាប់ចំក្បាលអ្នកបើកបររថយន្តដឹកទឹកកក រួចខ្មាន់កាំភ្លើងទាំង២នាក់ ឡើងរថយន្តបើកត្រឡប់មកក្រោយវិញបាត់ស្រមោលទាំងយប់ភ្លាមៗដែរ។ ចំណែកជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុលស ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន៥កន្លែង គឺត្រូវក្រោមត្រចៀកខាងឆ្វេង១គ្រាប់ ត្រូវគល់កខាងក្រោយ១គ្រាប់ ត្រូវចំក្បាល១គ្រាប់ និងត្រូវចំស្មាខាងឆ្វេងចំនួន២គ្រាប់។ ជាមួយ នឹងការត្រូតពិនិត្យនៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញបានរកឃើញគ្រាប់កាំភ្លើងខ្លី២គ្រាប់ដែលមិនទាន់បាញ់ និងសំបកគ្រាប់១គ្រាប់ទៀតដែលបាញ់រួចបានធ្លាក់នៅលើថ្នល់ ចំណែកកាំភ្លើងដែលខ្មាន់កាំភ្លើងបានប្រើ អាចជាប្រភេទកាំភ្លើងម៉ាក ប៉េអាម៉ាប់។

តាមប្រភពព័ត៌មានក្រៅផ្លូវការ បានបង្ហើបប្រាប់ថា ជនរងគ្រោះឈ្មោះពេជ្រ ពិសា ហៅពី ទើបនឹងរៀបការប្រពន្ធរួចថ្មីៗ ទាំងស្ថានភាពចម្រូងចម្រាសខ្លាំងណាស់ ហេតុនេះគេសង្ស័យថា ការបាញ់សម្លាប់ជនរងគ្រោះ ប្រៀបបាននឹងបាញ់ចាបនេះ អាចជាប់ពាក់ព័ន្ធនឹងរឿងគំនុំ មិនមែនផ្តើមចេញពីករណីបើកបរប៉ះទង្កិចគ្នានោះទេ។ យ៉ាងណាក្តី សាច់ញាតិ ពិសេសស្ត្រីជាភរិយាថ្មីថ្មោងរបស់សពជនរងគ្រោះ មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយ៕

RELATED ARTICLES