Wednesday, August 27, 2025
Homeសង្គម និងជីវិតដើរឆក់ត្រី១យប់ ក្លាយជាសពកណ្តាលស្រែ

ដើរឆក់ត្រី១យប់ ក្លាយជាសពកណ្តាលស្រែ

ខេត្តកំពង់ចាម ៖ បុរសម្នាក់ បានស្ពាយអាគុយ និងឧបករណ៍ឆក់ ដើរចេញពីផ្ទះបំណងទៅឆក់ត្រីនៅតាមវាលស្រែ រួចក៏បាត់ខ្លួនពេញ១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ លុះព្រឹកឡើង ក្រុមគ្រួសារដើរតាមរក ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័មកណ្តាលវាលស្រែ។

ករណីបុរសដើរឆក់ត្រីភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ។

បុរសរងគ្រោះដែលដេកស្លាប់កណ្តាលវាលស្រែ មានឈ្មោះចែម រិទ្ធ អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានស្ពាយអាគុយ និងឧបករណ៍ឆក់ ដើរចេញពីផ្ទះ បំណងដើរឆក់ត្រីនៅតាមវាលស្រែ រួចក៏បាត់ខ្លួនពេញ១យប់ មិនឃើញត្រឡប់មកផ្ទះ វិញសោះ។

រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ដោយមិនទាន់ឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញទៀត ទើបក្រុមគ្រួសារបានចែកផ្លូវគ្នាដើរតាមស្វែងរក ស្រាប់តែទៅដល់ចំណុចកណ្តាលវាលស្រែ (ទីតាំងកើតហេតុខាងលើ) ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងទឹកកណ្តាលវាលស្រែតែម្តង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ៕

RELATED ARTICLES