Wednesday, August 27, 2025
Homeសង្គម និងជីវិតចាប់បានទូកដឹកឈើប្រណីត១គ្រឿងកណ្តាលយប់

ចាប់បានទូកដឹកឈើប្រណីត១គ្រឿងកណ្តាលយប់

ខេត្តស្ទឹងត្រែង ៖ ទូកដឹកឈើប្រណីត១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយមន្ត្រីជំនាញ  ចុះធ្វើការបង្ក្រាបកាលពីវេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកំពង់ផែរមណីយដ្ឋានកោះខ្យាច់ ស្ថិតក្នុងភូមិដុងតាដាំ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

តាមប្រភពក្រុមកម្មករស៊ីឈ្នួលលើកឈើ បានលើកឡើងថា ម្ចាស់ឈើខាងលើនេះពួកគេស្គាល់ឈ្មោះ ប៉ុន្តែមិនហ៊ានប្រាប់នោះទេ ព្រោះខ្លាចដាច់ឆ្នាំងបាយ តែពួកគេបានលួចបង្ហើបប្រាប់ថា មុននេះបន្តិចមានខាងមន្ត្រីបរិស្ថានចំនួន២អ្នក ជិះទូកតាមប្រដេញមកដល់កំពង់ចតទូក យក២០ម៉ឺនរៀលរួចទៅហើយ ដោយក្នុងនោះថៅកែបានសុំឱ្យ១៥ម៉ឺនរៀលក៏មិនព្រមដែរ ព្រោះគេជាបរិស្ថាន លុះបានលុយរួច ក៏ចេញទូកទៅវិញភ្លាម។

ប្រភពដដែលបន្តថា មន្ត្រីបរិស្ថាននោះគេមិនស្គាល់មុខទេ គ្រាន់តែដឹងថា គេជាមន្ត្រីបរិស្ថាននៅត្រើយម្ខាង តែមិនយូរប៉ុន្មានក្រោយ ពីពួកគេលើកឡើងគោក ដឹកចេញបាន២រម៉ក ស្រាប់តែសមត្ថកិច្ចមកដល់បង្ក្រាបតែម្តង។

លោកវ៉ា សុផាន់ នាយការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បានឱ្យដឹងថា ឈើដែលសមត្ថកិច្ចបង្ក្រាបបាននេះ គឺជាឈើរបស់អ្នកស្រីឈ្មោះសា វ៉ែងជី ហៅយាយរី ជាមន្ត្រីយោធាសឹករងខេត្តស្ទឹងឹត្រែង ឈរជើងនៅអង្គភាពវរៈ ១០១ព្រំដែនគោកកម្ពុជា-ឡាវ ជាមុខសញ្ញាចាស់មេ់ឈ្មួញរូបនេះដុះស្លែយូរហើយ ដែលសមត្ថកិច្ចតាមប្រមាញ់យូរមកហើយ។

លោកបន្តទៀតថា តាមព័ត៌មានបានផ្តល់មកឱ្យថា មេឈ្មួញរូមនេះ ដឹកឈើចុះមកពីគោលដៅខាងលើមានពីរទូក តែសមត្ថកិច្ច បង្ក្រាបបានតែមួយទូកទេ ដោយបែកការណ៍ពេលក្រុមការងារចុះបង្ក្រាប ត្រូវរត់គេចពួនចូលសម្ងំបាត់ ព្រោះទឹកឡើងធំ ងាយស្រួលឈ្មួញចូលជ្រកលាក់ ខ្លួន ហើយពិបាកដល់សមត្ថកិច្ចបង្ក្រាបផងដែរ បច្ចុប្បន្នទូកដឹកឈើមួយគ្រឿងដែលបង្ក្រាបបាននោះ ត្រូវបានប្រគល់ឱ្យទៅជំនាញរដ្ឋបាលព្រៃឈើខេត្ត៕

RELATED ARTICLES