ភ្នំពេញ ៖ កម្មករសិប្បកម្មកាត់ដេរយីហោ ជូ លី ប្រមាណជាង២០០នាក់ ដែលថៅកែទើបនឹងចងកធ្វើអត្តឃាត កាលពីពេលថ្មីៗកន្លងមកនោះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាបិទផ្លូវទាមទារប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗតាមច្បាប់ការងារក្រោយពីសិប្បកម្មមួយនេះត្រូវបានបិទទ្វារលែងដំណើរការជាច្រើនថ្ងៃមកហើយ ។
បាតុកម្មបិទផ្លូវខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសិប្បកម្ម ជូ លី ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាកប២ ខណ្ឌពោធិ៍សែនជ័យ។
ក្រុមកម្មករបាននិយាយថា សិប្បកម្មមួយនេះត្រូវបានបិទទ្វារ ហើយដោយសារតែគ្មានអ្នកគ្រប់គ្រង ព្រោះថៅកែបានស្លាប់ទាំងប្តី និងប្រពន្ធទៅហើយ ដោយប្រពន្ធឈ្មោះ LI FUZI ជនជាតិចិន អាយុ៣៨ឆ្នាំ បានស្លាប់ដោយសារជម្ងឺនៅឯប្រទេសចិន កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។ ចំណែកប្តីឈ្មោះ KOR JU អាយុ៤៩ឆ្នាំ ជាជនជាតិកូរ៉េ ហើយក្រោយពេលប្រពន្ធស្លាប់ចោល ខូចចិត្តខ្លាំងពេក តែងផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតដល់វេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានកម្មករប្រទះឃើញថៅកែប្រុសរូបនេះចងកស្លាប់ ទាំងសភាពហើមស្អុយនៅលើជាន់ទី២ផ្ទះជួលលេខ៦០៧អា ផ្លូវលេខ៦៨កា ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ក្រុមកម្មករបានបន្តថា ដោយសារតែថៅកែប្រុសស្រីបានស្លាប់អស់ទៅ សិប្បកម្មខាងលើគ្មានអ្នកគ្រប់គ្រង ក៏ត្រូវបានបិទទ្វារ ចំណែកកម្មករជាង២០០នាក់ បានស្វែងររកអ្នកទទួលខុសត្រូវលើប្រាក់ឈ្នួល និងប្រាក់អតីភាពការងារផ្សេងៗ ប៉ុន្តែអត់មានដំណោះស្រាយឡើយ ទើប ឈានដល់ធ្វើបាតុកម្មនាំបិទផ្លូវមុខសិប្បកម្មតែម្តង ដើម្បីពន្លឿនរកដំណោះស្រាយ។
លោកវង្ស សុវណ្ណ អគ្គលេខាធិការរង នៃគណៈកម្មាធិការសម្រាប់ដោះស្រាយបាតុកម្ម និងកូដកម្ម នៃក្រសួងការងារ បានសំណូមពរសុំឱ្យកម្មករស្ងៀមស្ងាត់ ក្រុមការងាររបស់លោកបានស្រូតដៃស្រូតជើងធ្វើការជូនហើយ។ លោកបញ្ជាក់ថា ពេលនេះ កំពុងរៀបចំឯកសារដាក់ជូនរាជរដ្ឋាភិបាល និងសម្តេចហ៊ុន សែន ដើម្បីស្នើសុំថវិកាបុរេប្បទាន។
ទន្ទឹមនឹងនោះដែរ លោកអគ្គលេខាធិការរងបានសំណូមពរដល់បងប្អូនកម្មករទាំងអស់ធ្វើយ៉ាងណាជួយសហការណ៍ជាមួយក្រុមការងារ និងអនុញ្ញាតឱ្យខាងរដ្ឋបាល និងគណនេយ្យបានចូលប្រមូលយកឯកសារពាក់ព័ន្ធផ្សេងៗ យកទៅសហការជាមួយក្រុមការងារ ធ្វើការបានរហ័ស និងដើម្បីឱ្យការងារដំណើរការបានលឿនផង៕