ភ្នំពេញ ៖ បុរសម្នាក់ បានស្រែកទាមទាររកយុត្តិធម៌ជូនសពភរិយារបស់ខ្លួន ដែលកំពុងមានផ្ទៃពោះ៤ខែ បែរជាជួបគ្រោះអកុសល ត្រូវម៉ូតូបុរសប្រមឹកម្នាក់បុកស្លាប់យ៉ាងអាណោចអធ័ម ដោយគិតមកដល់សព្វថ្ងៃមានរយៈពេលជាង៣ខែទៅហើយ នៅតែមិនទាន់ទទួលបានដំណោះ ស្រាយ ឬសំណងអ្វីសូម្បីមួយកាក់មួយសេនសោះ ជាហេតុធ្វើឱ្យបុរសជាប្តីកើតទុក្ខមិនសុខចិត្តសំពះអង្វរសុំដល់សម្តេចហ៊ុន សែន ជួយអន្តរាគមន៍។
បុរសអភ័ព្វដែលយំសំពះអង្វរសុំអន្តរាគមន៍ពីសម្តេច ហ៊ុន សែន នេះ មានឈ្មោះកែវ សុខ មានលំនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកស្ត្រីជាប្រពន្ធបុរសអភ័ព្វខាងលើ ដែលត្រូវម៉ូតូបុកស្លាប់ទាំងកំពុងពពោះកូនក្នុងផ្ទៃ៤ខែ មានឈ្មោះវ៉ាង ស្រីណា មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បុរសអភ័ព្វ កែវ សុខ បានរៀបរាប់ទាំងអួលអាក់ថា គាត់បានរៀបការជាមួយប្រពន្ធឈ្មោះវ៉ាង ស្រីណា និងបានរួមរស់នឹងគ្នា បង្កើតបានកូនស្រីម្នាក់ជាចំណងនិស្ស័យ សព្វថ្ងៃមានអាយុជាង៦ឆ្នាំហើយ។ នៅមុនពេលកើតហេតុ ដោយសារតែជីវភាពគ្រួសារទ័លក្រខ្លាំងពេក ទើបប្តីប្រពន្ធពួកគាត់ បានសម្រេចចិត្តនាំគ្នាចេញទៅរកស៊ីនៅឯខេត្តសៀមរាប ដោយចាប់យករបរលក់ប្រហិតចៀនតាមម៉ូតូសណ្តោងរទេះ និងតែងជិះដឹកប្តីប្រពន្ធដើរលក់តាមតំបន់រមណីដ្ឋាន និងភូមិស្រុកនានា គ្រាន់បានប្រាក់កម្រៃមកដោះស្រាយជីវភាព។
បុរសអភ័ព្វ កែវ សុខ បានបន្តថា ក្រោយមកប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះកូនទី២ រយៈពេល៤ខែ និងនៅតែបន្តចេញលក់ដូរជាមួយគ្នា តាមធម្មតា។ លុះមកដល់វេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ខណៈដែលគាត់កំពុងជិះម៉ូតូ ដឹកប្រពន្ធពីក្រោយ សណ្តោងរទេះលក់ប្រហិត ដើរលក់តាមទម្លាប់ ស្រាប់តែមានបុរសប្រមឹកម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោកជាំ បានជិះម៉ូតូក្នុងល្បឿនលឿនដូចហោះ បោះពួយ មកបុកម៉ូតូសណ្តោងរទេះប្រហិតរបស់គាត់ពីក្រោយ បណ្តាលឱ្យចំប្រពន្ធរបស់គាត់ រងរបួសយ៉ាងធ្ងន់ ចំណែកគាត់ក៏ទទួលរងរបួសផងដែរ។
បុរសអភ័ព្វរូបនេះ បានឱ្យដឹងទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ មានសមត្ថកិច្ចមូលដ្ឋាន រួមនឹងបុរសម្នាក់ដែលអះអាងថា ជាថៅកែរបស់បុរសជាជនបង្កបើកម៉ូតូបុក ប្រពន្ធរបស់គាត់ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានជួយដឹកបញ្ជូនប្រពន្ធរបស់គាត់ រួមនឹងជនបង្ក ដែលរងរបួសធ្ងន់ដែរនោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ ជាមួយនេះ បុរសជាថៅកែរូបនោះ បានមកនិយាយជាមួយគាត់ថា គេនឹងជួយចេញសំណងដល់គាត់ ដើម្បីព្យាបាលប្រពន្ធ។ តែជាអកុសល ដោយសារតែប្រពន្ធរបស់គាត់រងរបួសធ្ងន់ពេក (បែកសួត) ទើបក្រោយពីសម្រាក ព្យាបាលនៅមន្ទីរពេទ្យបានត្រឹម៨ថ្ងៃ នាងក៏ដាច់ខ្យល់ស្លាប់បាត់ទៅ លុះដឹងថា ប្រពន្ធគាត់ស្លាប់ស្រាប់តែថៅកែរូបនោះ បានមកនិយាយប្រាប់គាត់ជាប្តីវិញថា រឿងនេះចង់ប្តឹងក៏ប្តឹងឡើងតុលាការទៅ ចាំដោះស្រាយគ្នានៅតុលាការវិញ។
បុរសអភ័ព្វជាប្តីខាងលើ បានបញ្ជាក់ថា បន្ទាប់ពីចាត់ចែងបុណ្យសពប្រពន្ធរួច គាត់ក៏បានទៅសាកសួរសមត្ថកិច្ច តែត្រូវសមត្ថកិច្ចប្រាប់ថា សំណុំរឿងនេះ ត្រូវបញ្ជូនទៅតុលាការហើយ តែគាត់បានចាំបាត់ៗ រហូតមកដល់ថ្ងៃនេះ គិតទៅរយៈពេលជាង៣ខែមកហើយ នៅតែមិនទាន់ឃើញ មានដំណោះស្រាយអ្វីសោះ ពីខាងតុលាការ ទើបធ្វើឱ្យគាត់អស់សង្ឃឹមថានឹងទទួលបានយុត្តិធម៌ ក៏ដាច់ចិត្តសំពះអង្វរទទូចសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តែម្តង។ ជាមួយនេះ គាត់ក៏ស្នើដល់ស្ថាប័នតុលាការខេត្តសៀមរាប មេត្តាជួយពន្លឿនចំណាត់ការ ក្នុងសំណុំរឿងរបស់គាត់ផង។
បុរសអភ័ព្វ កែវ សុខ បានត្អូញត្អែរថា តាំងពីប្រពន្ធស្លាប់ទៅ ចំណែករទេះលក់ប្រហិតរបស់គាត់ក៏ត្រូវជាប់នៅប៉ុស្តិ៍ប៉ូលិស យកចេញមកលក់ដូរវិញមិនបាន ហេតុនេះ គាត់លែងបានរកស៊ីលក់ដូរចិញ្ចឹមជីវិតអ្វីទាំងអស់ មានតែធ្វើដំណើរត្រឡប់ទៅស្រុកកំណើតឯខេត្តស្វាយរៀងវិញ ហើយមួយថ្ងៃៗដេកឱបតែទូរស័ព្ទ មិនហ៊ានប្តូរលេខទេ រង់ចាំដំណឹងពីខាងសមត្ថកិច្ច ឬតុលាការខេត្តសៀមរាប តែមកដល់សព្វថ្ងៃគ្មានដំណឹងអ្វីបន្តិចសោះ ធ្វើឱ្យគាត់ពិតជាទ័លច្រកខ្លាំងណាស់ មិនដឹងគិតយ៉ាងណា ប្រពន្ធរួមទាំងកូនក្នុងផ្ទៃស្លាប់ទាំងមូល តែរាប់ខែមកហើយ នៅតែមិន ទាន់ទទួលបានយុត្តិធម៌នៅឡើយ៕