ខេត្តរតនគិរី ៖ ប្តីប្រពន្ធ២នាក់នេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែបុរសជាប្តីគឺជាមនុស្សខ្ជិលច្រអូស ដេកទម្រន់ គ្មានស្គាល់ម៉ោ់ងធ្វើការរកស៊ីអ្វីទាំងអស់ ជួនដេកដល់ម៉ោងបាយ ទាល់តែប្រពន្ធដាស់ទើបក្រោកហូបបាយរួចដេកវិញទៀត លុះពេលកំពុងដេកលង់ លក់ស្រួល ត្រូវប្រពន្ធទៅដាស់ ក៏ស្រាប់តែប្តីនេះខឹងច្រឡោតតោតតូង ទាញកាំបិតគប់ប្រពន្ធ តែមិនចំ លុះប្រពន្ធទ្រាំមិនបានរើសគប់សងវិញ ត្រូវចំកែងជើង បណ្តាលឱ្យរងរបួសហូរឈាមជោកជាំ។
ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្រុកតាវែង។
បុរសជាប្តីដែលត្រូវប្រពន្ធគប់១កាំបិតរយះជើង មានឈ្មោះកោះ រោះ អាយុ៣៥ឆ្នាំ មុខរបរកសិករ តែមិនសូវចូលចិត្តធ្វើការងារទេ ចូលចិត្តដេកទម្រន់ជារៀងរាល់ថ្ងៃ។
តាមប្រភពពីអ្នកជិតខាង បានរៀបរាប់ប្រាប់ថា ក្រុមគ្រួសារមួយនេះ ចម្លែកខុសគេ “ម៉ាស្រុកមាន១” ព្រោះតែបុរសជាប្តី គឺជាមនុស្សកម្ជិលអាំងផេះ មួយថ្ងៃៗគិតតែដេកទាំងយប់ទាំងថ្ងៃ មិនគិតខ្វល់ពីការងាររកស៊ីអ្វីទាំងអស់ ជួបពេលខ្លះដេកតាំងពីយប់ធ្លាយដល់ព្រឹក រហូតដល់ម៉ោងបាយថ្ងៃត្រង់ក៏នៅតែមិនក្រោក ទាល់តែប្រពន្ធទៅដាស់ ទើបក្រោកមកហូបបាយឆ្អែត រួចក៏ប្រះខ្លួនដេកលង់លក់បន្តទៀត ដោយទុកឱ្យការងាររកស៊ីចិញ្ចឹមគ្រួសារសព្វបែបយ៉ាងត្រូវធ្លាក់លើប្រពន្ធជាអ្នករ៉ាប់រងទាំងស្រុង។
ប្រភពដដែលបន្តថា ដោយសារតែប៉ះប្តីកម្ជិលបែបនេះ ទើបធ្វើឱ្យគ្រួសារខាងលើរស់នៅមិនសូវមានសេចក្តីសុខនោះទេ ឧស្សាហ៍កើតមានជំលោះនឹងគ្នាខ្លាំងណាស់ រហូតឈានដល់អំពើហិង្សាទៀតផង គ្រាន់តែមិនដែលមានសភាពធ្ងន់ធ្ងរដូចលើកនេះទេ។ នៅមុនពេលកើតហេតុ បុរសជាប្តីបានដេកតាំងពីយប់ រហូតដល់ម៉ោង៩ព្រឹកទៅហើយ នៅតែមិនព្រមក្រោក ចំណែកស្ត្រីជាប្រពន្ធរវល់ការងារផ្ទះច្រើនពេក ដកដៃមិនរួច ក៏សម្រេចចិត្តទៅដាស់ប្តីឱ្យជួយទៅទិញម្ហូប ស្រាប់តែភ្លាមនោះ បុរសជាប្តីដែលកំពុងតែដេកលក់ស្រួល បានផ្ទុះកំហឹង ច្រឡោតតោតតូង រួចក៏ស្ទុះ ទៅទាញកាំបិតគប់ប្រពន្ធ តែមិនត្រូវឡើយ។ ភ្លាមនោះ ដោយទ្រាំនឹងទង្វើប្តីកម្ជិលអាំងផេះរូបនេះលែងបាន ទើបស្ត្រីជាប្រពន្ធក៏បានទាញកាំបិត នោះគប់សំដៅប្តីវិញ បណ្តាលឱ្យត្រូវជើង ដាច់សរសៃកែងជើងហូរឈាមដូចគេអាករមាន់៕