ខេត្តសៀមរាប ៖ បុរសជាអ្នកនេសាទម្នាក់ ចូលចិត្តផឹកស្រាខ្លាំងណាស់ សូម្បីតែពេលជិះទូកចេញទៅរកត្រីម្តងៗ ក៏តែងដាក់ស្រាតាម ទូកយកទៅផឹកម្នាក់ឯងដែរ ទីបំផុត ជិះទូករកត្រីបណ្តើរ ផឹកស្រាបណ្តើរ ក៏កើតមានអាការៈស្រវឹងងងឹតមុខ ធ្លាក់ពីលើទូកលង់ទឹកស្លាប់យ៉ាង អាណោចអាធ័ម និងត្រូវបានគេប្រទះឃើញសាកសពអណ្តែតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបឹងភេរ ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។
សាកសពបុរសរងគ្រោះដែលត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកបឹង មានឈ្មោះឃុយ សុង ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង។
តាមប្រភពពីប្រជានេសាទម្នាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានចេញទៅនេសាទនៅក្នុងបឹងភេរ ដូចសព្វមួយដង លុះទៅដល់ចំណុចកន្លែងកើតហេតុ ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ ដល់ទីតាំងកើតហេតុភ្លាមៗតែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាកម្លាំង សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ភ្លុក និងកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ចុះដល់កន្លែងកើតហេតុ និងបានស្រង់យកសាកសពដាក់ទូកពិនិត្យ ទើបដឹងថា គឺសាកសពជនរងគ្រោះឈ្មោះឃុយ សុង។
តាមការពិនិត្យរបស់ផ្នែកបច្ចេកទេសជំនាញ ស្រុកបានពិនិត្យ មើលឃើញថាសាកសពនេះមិនមានស្លាកស្នាមអ្វីគួរ ឱ្យកត់សម្គាល់ឡើយ ហើយតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយសារកើតអាការខ្យល់គរ បណ្តាលឱ្យធ្លាក់ទឹកលង់ស្លាប់ដោយខ្លួនឯង មូលហេតុ ដោយសារតែជនរងគ្រោះផឹកស្រាច្រើនពេក៕