Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិផលិត​ផល​សូត្រ​កែច្នៃ ប្រកាស​ពង្រីក​ទីផ្សារ​នៅ​អាមេរិក

ផលិត​ផល​សូត្រ​កែច្នៃ ប្រកាស​ពង្រីក​ទីផ្សារ​នៅ​អាមេរិក

បើទោះជាមានការបញ្ជាក់ថា ស្ថានភាពផលិតសូត្រនៅក្នុងប្រទេសកម្ពុជាត្រដាបត្រដួស ក៏មន្ត្រីដែលបានធ្វើការនាំចេញផលិតផលសូត្រដែលបានកែច្នៃជាផលិតផលលម្អ និងសម្ភារៈប្រើប្រាស់ផ្សេងៗ បានអះអាងថាទីផ្សាមានការកើនឡើងសម្រាប់ការកុម្មង់ចេញ។ ជាក់ស្ដែងទីផ្សាររបស់ប្រទេសជប៉ុន កូរ៉េ និងអាមេរិកសុទ្ធតែបានទទួលការចាប់អារម្មណ៍ធ្វើការទិញផលិតផលដែលបានកែច្នៃហើយពីស្រុកខ្មែរកើនឡើងជាងមុនទាំងអស់ បើទោះជាសន្ទុះឈានឡើងនោះ វាមិនខ្លាំងណាស់ណា។ អ៊ីចឹងហើយទើបផលិតផលនេះគ្រោងនឹងពង្រីកអោយខ្លាំងទៅកាន់ទីផ្សារអាមេរិក។

silk1
អ្នកស្រី ហេង សុឡា ទីប្រឹក្សាមជ្ឃមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ICC ទទួលបន្ទុកទីផ្សារសូត្រខ្មែរប្រចាំនៅក្រសួងពាណិជ្ជកម្មបានអះអាងថា ប្រទេសកម្ពុជាសឹងនឹងបាត់សកម្មភាពនៅតាមសហគមតូចធំពាក់ព័ន្ធនឹងបញ្ហាផលិតសូត្រពីតាមសហគមន៍នៅក្នុងប្រទេសកម្ពុជាហើយដោយសារតែក្រុមអ្នកធ្លាប់ចិញ្ចឹមដង្កូវនាង ផលិតជាសូត្រនាំគ្នាបោះបង់ ដែលមានន័យថាបណ្ដាសហគមទាំងនោះ មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តអាជីព។ ។ ធៀបនឹងប៉ុន្មានឆ្នាំមុន អ្នកស្រីប្រាប់ថាស្ថានភាពធ្លាក់ចុះ មានគម្លាតខុសគ្នាយ៉ាងខ្លាំង សម្រាប់ការផលិតសូត្រខ្មែរនាពេលបច្ចុប្បន្ន។ ជាក់ស្ដែងក្នុងឆ្នាំ២០១៦នេះ សឹងមិនមានគ្រួសារនៅច្រើននោះទេដែលតស៊ូនឹងការងារផលិតសរសៃសូត្រដែលធ្លាប់តែមានទម្លាប់សស្រាក់សស្រាំ។ យ៉ាងណាក៏ដោយ អ្នកស្រីថ្លែងថា សម្រាប់ស្ថានភាពកែច្នៃសូត្រជាក្រម៉ា ជាកន្លែង និងវត្ថុប្រើប្រាស់ផ្សេងៗវិញ គឺនៅតែមានទីផ្សារល្អ បើទោះជាការលក់ចេញសម្រាប់ទីផ្សារក្នុងស្រុកមិនសូវជាល្អ។ អ្នកស្រីនិយាយថា«បើនិយាយពីការផលិតសូត្រគឺសឹងដួលអស់ហើយ ប៉ុន្តែអ្នកកែច្នៃដូចជាអត់ធ្លាក់អីប៉ុន្មានទេ ដោយសារពួកគាត់ទិញសូត្រពីវៀតណាម ឬពីថៃមកប្រើជំនួស ប៉ុន្តែសម្រាប់ទីផ្សារខាងក្រៅដូចជាអាមេរិកគឺកាន់តែល្អ!»។

silk

អ្នកស្រីបន្តថា នៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនដែលមានទំនាក់ទំនងក្នុងការនាំចេញផលិតផលធ្វើពីសូត្រ និងវត្ថុកែច្នៃផ្សេងៗដែលចេញពីស្នាដៃខ្មែរប្រហែលជា៨ផ្សេងគ្នានៅបន្តសកម្មភាព។ ផលិតផលទាំងនោះ បើទោះជាមិនត្រូវបានកុម្ម៉ង់ទិញក្នុងកម្រិតច្រើន ក៏ចាត់ទុកថានៅតែធ្វើអោយក្រុមអ្នកផលិតនៅមានសកម្មភាពជាហូរហែរ។ អ្នកស្រីថ្លែងថា «រាល់ថ្ងៃខ្ញុំធ្វើការជាមួយក្រុមហ៊ុននាំចេញភាគច្រើន គឺផលិតផលកែច្នៃហើយពីសូត្រនៅមានទីផ្សារល្អជាងគេបើធៀបនឹងវត្ថុដែលកែច្នៃផ្សេងៗ ក្នុងនោះយើងឃើញថាហាងនៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអ៊ឺរ៉ុបអីសុទ្ធតែជាម៉ូយរបស់យើង ទោះជាកើនតិចតួចប៉ុន្តែក៏ល្អជាងធ្លាក់ដែរ!»។ប៉ុន្តែអ្នកស្រីក៏បានលើកឡើងពីការដួលរលំរបស់ក្រុមហ៊ុននាំចេញមួយចំនួនផងដែរ ជាពិសេសគឺ ក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនដែលខ្វះទំនាក់ទំនងនៅខាងក្រៅប្រទេស។ នោះគឺដោយសារតែចំនួនកុម្ម៉ង់ចេញដ្បិតថាបានកើនឡើង ប៉ុន្តែតម្លៃចេញទាបជាងមុន ព្រោះតែការប្រកួតប្រជែង។

silk3
លោកស្រី ក្លេ ចិន្តា អគ្គលេខាធិការនៃសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា (Cambodia Women Business Federation) បានមានប្រសាសន៍ថា ទន្ទឹមនឹងការជួយទិញផលិតកែច្នៃដោយដៃពី កម្ពុជារួមមានផលិតច្នៃពីសូត្រ និងវត្ថុធាតុធាតុផ្សេងរបស់អាមេរិក កម្ពុជាក៏នឹងពង្រឹងទំនាក់ទំនងជាមួយបណ្ដារលក់វត្ថុអនុស្សារីយ៍កែច្នៃធំៗនៅក្នុងប្រទេសយក្សមួយនេះ ដើម្បីអោយមានការកើនឡើងនូវបរិមាណនាំចេញផងដែរ។ លោកស្រីថា ដើម្បីអោយផលិតផលសម្រេចរបស់កម្ពុជាពាក់ព័ន្ធនឹងផលិតផលសូត្រ និងការកែច្នៃផ្សេងៗ ត្រូវបានប្រទេសធំៗដូចជាអាមេរិកជាដើមបង្កើនការកុម្ម៉ង់។ លោកស្រីថា បើទោះបីជាទំនិញប្រភេទនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុប តែចំនួនដែលបានចរាចរណ៍មានកម្រិតតិចណាស់ អ៊ីចឹងហើយទើបទីផ្សារអាមេរិកជាជម្រើសដ៏សំខាន់សម្រាប់ផលិតផលសិប្បកម្មរបស់កម្ពុជា។

លោកស្រីលើកឡើងថា បើនិយាយពីផលិតផលបែបប្រពៃណីរបស់កម្ពុជា គឺមានច្រើនប្រភេទមិនថាផលិតផលសូត្រ និងផលិតផលកែច្នៃពីវត្ថុមិនមានតម្លៃផ្សេងៗ ប៉ុន្តែតម្រូវការដែលមានការចង់បានច្រើនបំផុត ច្រើនតែប្រភេទផលិតផលធ្វើពីសំពត់ ហូល ផាមួង ក្រមាកន្សែង អោយទៅជាកាបូប កន្ត្រកយួរដៃ និងគ្រឿងចម្លាក់ផ្សេងៗប៉ុណ្ណោះ ដែលខាងអាមេរិកមានតម្រូវការ។ ការប្រកាសពង្រីកទីផ្សារនៅអាមេរិកនេះ គឺ លោកស្រីថាត្រូវធ្វើឡើងដោយបង្កើនការទំនាក់ទំនងជាមួយបណ្ដារហាងដែលចូលចិត្តលក់វត្ថុទាំងនោះនៅអាមេរិក និងជំរុញអោយមានការកែច្នៃអោយកាន់តែច្រើន ដើម្បីអោយភ្ញៀវខ្មែរ និងបរទេសនៅលើទឹកដីអាមេរិកមានជម្រើសចង់ទិញ។ អ្នកស្រីថា នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងចំនួនភ្ញៀវបរទេសប៉ុន្តែការពិតលំហូរភ្ញៀវទាំងនោះ មិនមានច្រើនទេ ដែលបានសម្រេចចិត្តទិញផលិតកែច្នៃពីគ្រឿងសូត្ររបស់ខ្មែរនៅពេលត្រលប់ទៅវិញ។ នោះគឺដោយសារតែស្ថិតិអ្នកទេសចរណ៍ដែលបានសម្រុកចូលច្រើនតែជាជនជាតិវៀតណាម និងជនជាតិចិន ដែលមិនសូវជាមានចំណូលចិត្តចាយប្រាក់ខ្ជះខ្ជាយ ទៅលើវត្ថុកែច្នៃនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីនៅតែមើលឃើញថា ទីផ្សារនាំចេញជាពិសេសគឺអាមេរិកជាជម្រើសដ៏ល្អសម្រាប់ផលិតផលកែច្នៃពីគ្រឿងសូត្រ និងគ្រឿងប្រាក់ជាដើម។

silk2
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០០៥ ប្រទេសកម្ពុជាបានបញ្ចេញផលិតសូត្របម្រើទីផ្សារ មិនដល់២០០គីឡូនោះផង ប៉ុន្តែមានការបញ្ជាក់ថាបានកុម្ម៉ង់សូត្រពីប្រទេសវៀតណាមរហូតដល់ ៤០០គីឡូក្រាម ដើម្បីយកមកកែច្នៃធ្វើជាសម្ភារៈ ជាសំលៀកបំពាក់ ជាកាបូប ជាកន្លែងបង់ករ ជារូបប្លែកៗ និងជាវត្ថុប្រើប្រាស់។ នេះជាតួលេខដែលបញ្ជាក់ថា ប្រទេសកម្ពុជាមានសកម្មភាពកែច្នៃជាផលិតសម្រេចពីសូត្រក្នុងរង្វង់ប៉ុណ្ណឹងសម្រាប់បំពេញទីផ្សារភ្ញៀវបរទេស និងការនាំចេញដែលទីផ្សារធំរបស់កម្ពុជាគឺអាមេរិក៕
ប៉េង លី

RELATED ARTICLES