Wednesday, August 27, 2025
Homeសង្គម និងជីវិតម៉ែប្រើទៅប៉ះកង់ បែរជាទៅលេងទឹក លង់ស្លាប់

ម៉ែប្រើទៅប៉ះកង់ បែរជាទៅលេងទឹក លង់ស្លាប់

ខេត្តព្រៃវែង ៖ ក្មេងប្រុសម្នាក់ ត្រូវម្តាយប្រើឱ្យយកកង់ទៅប៉ះ ស្រាប់តែក្មេងប្រុសរូបនោះ បានដាក់កង់នៅកន្លែងប៉ះហើយ ក៏ឆ្លៀតចេញទៅលេងទឹក ស្រាប់តែអកុសល រអិលជើងចូលទឹកជ្រៅ ហែលមិនរួច ក៏បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្បែរស្ពានថ្មខាងកើតភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកពាមជរ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះផេន សុខឃាង អាយុ១៥ឆ្នាំ សព្វថ្ងៃរស់នៅជាមួយម្តាយមេម៉ាយឈ្មោះផេន ស្រុន អាយុ៣៩ឆ្នាំ មានលំនៅភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកពាមជរ។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ជាម្តាយបានប្រើកូនប្រុស (ក្មេងប្រុស រងគ្រោះ) ឱ្យយកកង់ទៅប៉ះពេលប៉ះកង់។ លុះពេលដាក់កង់នៅកន្លែងប៉ះហើយ ស្រាប់តែកូនប្រុសរបស់គាត់ បានឈៀងទៅលេងទឹកក្បែរស្ពានថ្ម ខាងកើតភូមិព្រៃឈៀង ដែលមានជម្រៅទឹក២ម៉ែត្រកន្លះ បណ្តាលឱ្យរអិលជើងធ្លាក់ចូលទឹកជ្រៅហែលមិនរួច លង់ស្លាប់តែម្តង។

ស្ត្រីជាម្តាយបន្តថា ដោយសារតែបាត់កូនប្រុសយូរពេក ទើបគាត់បានដើរទៅតាមរក លុះទៅដល់កន្លែងប៉ះកង់ ឃើញតែកង់ មិនឃើញកូនប្រុស លុះសួរនាំទើបមានក្មេងៗបានប្រាប់ថា ឃើញកូនប្រុសគាត់ចុះលេងទឹកក្បែរស្ពានថ្ម។ ភ្លាមនោះ គាត់ក៏តាមទៅរកតែមិនឃើញ ទើបសង្ស័យថាកូនប្រុសលង់ទឹក ក៏ស្រែកឆោឡោ ហៅអ្នកភូមិឱ្យជួយចុះរាវរក ទីបំផុត ក៏ប្រទះឃើញកូនប្រុសរបស់គាត់លង់ទឹកស្លាប់មែន៕

RELATED ARTICLES